ការ៉ាកាស៖ វ៉េណេស៊ុយអេឡាបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្អាកការចរចាជាមួយក្រុមប្រឆាំងដែលគ្រោងនឹងបន្តនៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រេសិតរបស់ខ្លួនដែលជាអ្នកជំនួញជនជាតិកូឡុំប៊ី លោក Alex Saab ត្រូវបានធ្វើបត្យាប័នពីប្រទេសកាប់វែរទៅសហរដ្ឋអាមេរិកពីបទលាងលុយកខ្វក់។
សមាជិកសភាមកពីគណបក្សសង្គមនិយមលោក Jorge Rodriguez ដែលជាប្រធានក្រុមចរចារបស់រដ្ឋាភិបាលនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «គណៈប្រតិភូរបស់យើងសូមប្រកាសថា ខ្លួនកំពុងផ្អាកការចូលរួមការចរចា និងការសន្ទនាដូច្នេះយើងនឹងមិនចូលរួមក្នុងជុំនៃការចរចាដែលនឹងចាប់ផ្តើមនៅអាទិត្យ ទី ១៧ ខែតុលា នៅទីក្រុងម៉ិកស៊ិកនោះទេ ដើម្បីជាការបង្ហាញពីការតវ៉ាដ៏ស៊ីជម្រៅរបស់យើងប្រឆាំងនឹងការប្រឆាំងប្រតិភូរបស់យើងគឺលោក Alex Saab Moran»។
មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido ថ្កោលទោសការសម្រេចចិត្តនេះ ដោយលោកបានសរសេរលើបណ្តាញសង្គមធ្វីតធឺថា៖ «ជាមួយនឹងការមិនទទួលខុសត្រូវចំពោះការផ្អាកជំនួយរបស់ខ្លួននៅម៉ិកស៊ិកពួកគេគេចចេញពីការយកចិត្តទុកដាក់ជាបន្ទាន់សម្រាប់ប្រទេសដែលបច្ចុប្បន្ននេះរងនូវភាពក្រីក្រយ៉ាងខ្លាំងរហូតដល់ ៧៦,៦ ភាគរយ»។
កាលពីខែកញ្ញារដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានដាក់នាមឱ្យលោក Saab ដែលត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ ២០២០ នៅប្រទេសកាប់វែរ ថា ជាសមាជិកនៃក្រុមចរចារបស់ខ្លួនក្នុងកិច្ចចរចាជាមួយក្រុមប្រឆាំងនៅម៉ិកស៊ិក ជាកន្លែងដែលភាគីទាំង ២ កំពុងស្វែងរកដំណោះស្រាយវិបត្តិនយោបាយរបស់ខ្លួន។
តុលាការអាមេរិកចោទប្រកាន់ Saab កាលពីឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងគម្រោងសូកប៉ាន់ ដើម្បីទាញយកផលប្រយោជន៍ពីអត្រាប្តូរប្រាក់ដែលគ្រប់គ្រងដោយរដ្ឋរបស់វ៉េណេស៊ុយអេឡា។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលោកចំពោះការចោទប្រកាន់ថាបានរៀបចំបណ្តាញអំពើពុករលួយដែលអនុញ្ញាតឱ្យលោក និងលោកប្រធានាធិបតី Nicolás Maduro ទទួលបានប្រាក់ចំណេញពីកម្មវិធីឧបត្ថម្ភធនស្បៀងអាហារដែលគ្រប់គ្រងដោយរដ្ឋ។
មេធាវីរបស់លោក Saab បានហៅការចោទប្រកាន់របស់អាមេរិកថា ជារឿងនយោបាយ ខណៈដែលរដ្ឋាភិបាលវ៉េណេស៊ុយអេឡាក្នុងសេចក្ដីថ្លែងការណ៍ដដែលនិយាយថា ជាសកម្មភាពដ៏ធ្ងន់ធ្ងរ និងថាការធ្វើបត្យាប័នរបស់អាមេរិក គឺជាសកម្មភាពនៃការចាប់ពង្រត់។ មកទល់ពេលនេះ មិនទាន់មានប្រតិកម្មយ៉ាងណាពីរដ្ឋាភិបាលអាមេរិក និងប្រទេសកាប់វែរ ដែលប្រកាសពីការធ្វើបត្យាប័នកាលពីសៅរ៍នៅឡើយទេ៕
ហួន ឌីណា


