ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាឱ្យបើកការស៊ើបអង្កេតអន្តរជាតិមួយទៅលើការរំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិលរយៈពេលជាង ១៣ ខែរបស់ប្រទេសអេត្យូពី ខណៈពេលដែលការព្រមានអំពី «អំពើហិង្សាជាទូទៅ»។
សេចក្ដីសម្រេចនេះ ដែលត្រូវបានស្នើដោយសហភាពអឺរ៉ុប និងគាំទ្រដោយបណ្ដាប្រទេសលោកខាងលិច ត្រូវបានអនុម័តកាលពីថ្ងៃសុក្រសប្ដាហ៍មុនបើទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលអេត្យូពីក៏ដោយ ដែលបានចោទប្រកាន់ស្ថាប័នអង្គការសហប្រជាជាតិនេះថាបានប្រើប្រាស់ «ឧបករណ៍សម្ពាធនយោបាយ» ហើយបានសន្យាថានឹងមិនសហការជាមួយការស៊ើបអង្កេត។
ក្នុងចំណោមសមាជិក ៤៧ នាក់នៃក្រុមប្រឹក្សាសមាជិក ២១ បានបោះឆ្នោតគាំទ្រ សមាជិក ១៥ ដែលរួមមានរុស្ស៊ី និងចិន បានបោះឆ្នោតប្រឆាំង ខណៈពេលដែលសមាជិកចំនួន ១១ ផ្សេងទៀតបានបដិសេធមិនបោះឆ្នោត។
បើតាមសេចក្ដីសម្រេចខាងលើក្រុមអ្នកជំនាញចំនួន៣រូបនឹងមានពេល១ឆ្នាំ «ដើម្បីកសាងអង្គហេតុ និងកាលៈទេសៈនៃការរំលោភបំពាន ដើម្បីប្រមូល និងរក្សាទុកភ័ស្តុតាង និងដើម្បីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ»។
រដ្ឋាភិបាលអេត្យូពីក៏បានធ្វើការស៊ើបអង្កេតដោយខ្លួនឯងផងដែរ ហើយក៏បានចូលរួមក្នុងការស៊ើបអង្កេតរួមគ្នាជាមួយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតាមរយៈគណៈកម្មការសិទ្ធិមនុស្សរបស់ខ្លួន។ កាលពីខែមុនការស៊ើបអង្កេតរួមគ្នាបានសន្និដ្ឋានថាឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់ក្នុងអំឡុងពេលសង្គ្រាម ដែលបានផ្ទុះឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០៕


