ក្រុងសិង្ហបុរី: កីឡាករ Loh Kean Yew (Loh) បាន និងកំពុងធ្វើអបអរចំពោះក្ដីសុបិន ដែលក្លាយជាការពិត កាលពីថ្ងៃចន្ទ បន្ទាប់ពីក្លាយជាជនជាតិសិង្ហបុរីដំបូងគេ ដែលឈ្នះជើងឯកពិភពលោកផ្នែកកីឡាករវាយសី ទោះបីជាខ្លួន កំពុងរងរបួសកជើងក៏ដោយ។
កីឡាករចំណាត់ថ្នាក់លេខ ២២ ពិភពលោក Loh បានយកឈ្នះកីឡាករលេខ ១៤ ពិភពលោក Srikanth Kidambi របស់ប្រទេសឥណ្ឌា ក្នុងលទ្ធផល ២១-១៥ និង ២២-២០ សម្រាប់វិញ្ញាសាឯកត្តជនបុរស ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាជើងឯកពិភពលោករបស់សហព័ន្ធកីឡាវាយសី (BWF World Championship) នៅក្រុង Huelva កាលពីយប់ថ្ងៃអាទិត្យ។
វាបានបិទបញ្ចប់ដំណើរផ្លូវដ៏អស្ចារ្យមួយ នៅឯការប្រកួត នាប្រទេសអេស្ប៉ាញ ដែលបានឃើញថា កីឡាករវ័យ ២៤ឆ្នាំ Loh ទម្លាក់ម្ចាស់មេដាយអូឡាំពិក និងចំណាត់ថ្នាក់លេខ ១ ពិភពលោក Viktor Axelsen របស់ប្រទេសដាណឺម៉ាក ព្រមទាំងកីឡាករលេខ ៣ ពិភពលោក Anders Antonsen ដែលជាកីឡាករដាណឺម៉ាកម្នាក់ផ្សេងទៀត។
កីឡាករ Loh នៅតែទទួលបានជោគជ័យ បើទោះបីជាមានរបួសកជើងខាងស្ដាំ ដែលមានតាំងពីវគ្គ ៨នាក់ចុងក្រោយក៏ដោយ។ រូបគេនៅតែមានរបួសដដែលហ្នឹងទៀត ពេលធ្វើការប្រកួត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ដែលចាំបាច់ធ្វើឱ្យរូបគេត្រូវប្រើរទេះរុញ។
តែកីឡាករ Loh បានប្រាប់កាសែត Straits Times របស់សិង្ហបុរីថា រូបគេសម្រេចចិត្តជម្នះឱ្យបាននូវការឈឺចាប់ (របួស) នោះ និងប្រឹងឱ្យអស់ពីលទ្ធភាព ក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយធ្វើការដោះស្រាយដោយស្អំទឹកកក និងការព្យាបាលតាមក្បួនវេជ្ជសាស្ត្រខ្លះ ដែលទីបំផុត ក៏ទទួលបានផលទាំងមិនស្មានដល់។

«វាមានអារម្មណ៍ដូចយល់សប្ដអ៊ីចឹង ហើយឥឡូវនេះ ក្ដីសុបិននោះ ក្លាយជាការពិតហើយ។ ខ្ញុំរីកចម្រើន ដោយការបានមើលកីឡាករ Lin Dan (ចិន) និង Lee Chong Wei (ម៉ាឡេស៊ី) លេងក្នុងវគ្គផ្ដាច់ព្រ័ត្រដ៏ធំបែបនេះ ហើយពេលនេះ ខ្ញុំនៅទីនេះ ក្នុងនាមជាជើងឯកពិភពលោក។ ពិតជាមិនគួរឱ្យជឿទាល់តែសោះ»។ នេះជាសម្ដីរបស់កីឡាករ Loh។
កីឡាករ Loh ដែលអត់មានចំណាត់ថ្នាក់ ក្នុងព្រឹត្តិការណ៍នេះ ចាប់ផ្ដើមមិនបានល្អនោះឡើយ ដោយតាមពីក្រោយ ៩-៣ ក្នុងសិតទី ១។ តែវាយបកបានវិញ រហូតតាមស្មើ ១២-១២និងចុងក្រោយ ក៏ទទួលបានជ័យជម្នះ។ នៅសិតទី ២ កីឡាករ Kidambi តបតបានយ៉ាងប្រសើរ ហើយធ្វើការនាំមុខ ១៨-១៦ តែចុងក្រោយនៅប្រគល់ជ័យជម្នះឱ្យកីឡាករ Loh ដដែល ដូចក្នុងសិតទី ១។
កីឡាករ Loh បានបន្ថែមថា៖ «ខ្ញុំនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីទៅកន្លែង ដែលខ្ញុំចង់ទៅ។ ខ្ញុំនឹងបន្តប្រឹងប្រែងឱ្យប្រសើរជាងនេះ ដើម្បីដេញតាមក្ដីសុបិនផ្សេងទៀតរបស់ខ្ញុំ ដែលចង់ឈ្នះមេដាយអូឡាំពិក សម្រាប់ប្រទេសសិង្ហបុរី។
ក្រោយអត្តពលិករបស់ខ្លួនអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនេះ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានសរសេរផូស្ត នៅលើបណ្ដាញសង្គម Facebook របស់លោកថា៖ «ធ្វើបានល្អ Kean Yew! អ្នកបានធ្វើឱ្យប្រទេសសិង្ហបុរីមានមោទនភាពណាស់។ ពួកយើងទន្ទឹងរង់ចាំជោគជ័យបន្ទាប់ទៀតរបស់អ្នក»៕ AFP/VN


