អង្គភាពព័ត៌មាន CNA ផ្សាយថា ចិនដកអតីតរដ្ឋមន្ត្រីឧស្សាហកម្ម លោក Xiao Yaqing ចេញពីតំណែង ក្រោមបទចោទស៊ីសំណូក។ ប្រភពដដែលបន្តថា អតីតរដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសចិន លោក Xiao Yaqing ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្តពីបទស៊ីសំណូក និងធ្វើការងារខ្ជីខ្ជានាំឱ្យខូចប្រយោជន៍ជាតិ។
លោក Xiao អាយុ ៦២ឆ្នាំ នឹងត្រូវបានទម្លាក់ពីតំណែងថ្នាក់មជ្ឈិមទៅតំណែងកម្រិតទាប ហើយនឹងត្រូវបានដាក់ឱ្យចូលនិវត្តន៍។ នេះបើតាមគណៈកម្មាធិការកណ្តាលទទួលបន្ទុកត្រួតពិនិត្យវិន័យរបស់ចិន (CCDI) ដែលថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន។
លោក Xiao ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័យថា បានបំពានវិន័យ និងច្បាប់កាលពីខែ កក្កដា។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) គ្រប់គ្រងផ្នែកសេដ្ឋកិច្ចដ៏ធំ ចាប់ពីទូរគមនាគមន៍ រហូតដល់គ្រឿងអេឡិចត្រូនិក ការផលិតវ៉ាក់សាំង និងរថយន្តអគ្គិសនី។
លោក Xiao ជាបណ្ឌិតផ្នែកវិស្វកម្ម និងមានសញ្ញាបត្រវិស្វករជាន់ខ្ពស់។ លោកបានកាន់មុខតំណែងដូចខាងក្រោមមួយចំនួន ដូចជា លេខាធិការនៃក្រុមនាំមុខបក្សកុម្មុយនីស្តចិន និងជាអ្នកគ្រប់គ្រងទូទៅនៃសាជីវកម្មអាលុយ មីញ៉ូមនៃប្រទេសចិន អគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋ ប្រធានគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (SASAC) លេខាធិការនៃក្រុមនាំមុខ CPC និងជារដ្ឋមន្ត្រីរដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន ព្រមទាំងជាសមាជិកគណៈមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរ៕


