សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ បានអនុម័តសំណើអនុញ្ញាតឱ្យ ព័រតូរីកូ បោះឆ្នោតលើការធ្វើប្រជាមតិ ដែលនឹងសម្រេចថា តើកោះនេះត្រូវក្លាយជារដ្ឋមួយនៃសហរដ្ឋអាមេរិក ឬក៏ត្រូវទទួលបានឯករាជ្យ។
ការអនុម័តធ្វើឡើងដោយផ្អែកលើការបោះឆ្នោតក្នុងសភា ដោយសមាជិកសភា ២៣៣ រូបទល់នឹង ១៩១ រូប បានបោះឆ្នោតគាំទ្រ។ សំណើនេះទាមទារឱ្យមានការបោះឆ្នោតប្រជាមតិនៅខែវិច្ឆិកា ឆ្នាំក្រោយ ដើម្បីសម្រេចលើងារនយោបាយរបស់ ព័រតូរីកូ។
វិធានការនេះ វានឹងផ្តល់ឱ្យប្រជាជន ព័រតូរីកូ នូវឱកាសដើម្បីសម្រេចចិត្តជ្រើសរើសរវាងឯករាជ្យភាព និងការក្លាយជារដ្ឋមួយរបស់អាមេរិក។ ប្រជាមតិនេះ នឹងមិនរាប់បញ្ចូលងារបច្ចុប្បន្នរបស់ ព័រតូរីកូ ថា ជាកោះ ខំមិនវែល របស់សហរដ្ឋអាមេរិកនោះទេ។
លោកស្រី Jenniffer Gonzalez តំណាងកោះប្រចាំសហរដ្ឋអាមេរិកក្នុងសភាអាមេរិកបាននិយាយថា៖ «យើងជាច្រើនមិនយល់ស្របអំពីរបៀបបែបណានៃអនាគត ប៉ុន្តែយើងទាំងអស់គ្នាទទួលយកថា ការសម្រេចចិត្តគួរតែជារបស់ប្រជាជន ព័រតូរីកូ»។
យ៉ាងណាមិញ សំណើដែលគាំទ្រដោយសេតវិមាន មានឱកាសតិចតួចក្នុងការក្លាយជាច្បាប់ក្នុងរយៈពេលខ្លី។ វាត្រូវការសំឡេងគាំទ្រយ៉ាងតិច ៦០ ដើម្បីអាចឱ្យព្រឹទ្ធសភាអនុម័ត ដោយសារតែអ្នកនយោបាយបក្សសាធារណរដ្ឋ ដែលនឹងកាន់កាប់សភានៅខែក្រោយ ប្រឆាំងនឹងសំណើនេះ។
កាលពីថ្ងៃសុក្រ សមាជិកសភាគណបក្សសាធារណរដ្ឋចំនួន ១៦ រូបបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ។
គួរបញ្ជាក់ថា ប្រជាជនរស់នៅកោះ ព័រតូរីកូ គឺជាពលរដ្ឋអាមេរិក ប៉ុន្តែមិនមានតំណាងនៅក្នុងសភាដែលមានអំណាចឆ្លងកាត់បោះឆ្នោត ឬមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជាតិអាមេរិកនោះទេ។ កោះដែលធ្លាប់ស្ថិតនៅក្រោយអាណានិគមរបស់ អេស្ប៉ាញ និងបច្ចុប្បន្នមានប្រជាជនជាង ៣ លាននាក់រស់នៅមួយនេះ ត្រូវបានអាមេរិកទិញយកនៅក្នុងឆ្នាំ ១៨៩៨ បន្ទាប់ពីសង្រ្គាម អាមេរិក-អេស្ប៉ាញ។
ប្រជាជននៃតំបន់មិនរាប់បញ្ចូលរបស់អាមេរិកមួយនេះ មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍សុខុមាលភាពសហព័ន្ធដូចពលរដ្ឋដែលរស់នៅក្នុងរដ្ឋទាំង ៥០នោះទេ។ សមាជិកសភាបក្សប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez ដែលមានដើមកំណើត ព័រតូរីកូ បានសាទរចំពោះសំណើព្រាងច្បាប់ ថាជាពេលវេលាដ៏សំខាន់ដែលនឹងអនុញ្ញាតឱ្យកោះសម្រេចចិត្តអនាគតរបស់ខ្លួន។
គេមើលឃើញថា សមាជិកសភាបក្សប្រជាធិបតេយ្យបានគាំទ្រលើសំណើច្បាប់ចុងក្រោយ ដោយលើកឡើងថា ឯករាជ្យ ឬក៏ការក្លាយជារដ្ឋអាមេរិក ស្ថិតនៅក្រោយការសម្រេចចិត្តរបស់ប្រជាជន ព័រតូរីកូ។
ចំណែកសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោកស្រី Elise Stefanik ដែលបោះឆ្នោតប្រឆាំងនឹងសំណើចុងក្រោយនេះ បានអះអាងថា ខ្លួនគាំទ្រក្នុងការរាប់បញ្ជូលកោះ ព័រតូរីកូ ជារដ្ឋមួយរបស់អាមេរិក ប៉ុន្តែលោកស្រីជំទាស់នឹងការអនុញ្ញាតឱ្យកោះដដែលមានឯករាជ្យភាព។
លោកស្រីលើកឡើងថា៖ «សហរដ្ឋអាមេរិកគួរតែនាំពលរដ្ឋអាមេរិកជាង ៣ លាននាក់នៅ ព័រតូរីកូ ឱ្យចូលកាន់តែជិតខ្លួន ជាជាងការរុញឱ្យពួកគេទៅកាន់តែឆ្ងាយ»។
គួររំឭកថា ការបោះឆ្នោតប្រជាមតិ បានធ្វើឡើង ៦ ដងរួចមកហើយនៅលើកោះ ព័រតូរីកូ ប៉ុន្តែសំឡេងគាំទ្រលើការទទួលបានឯករាជ្យមិនលើសលប់នោះទេ។ ប្រជាមតិចុងក្រោយបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមាន ៥៣ ភាគរយនៃអ្នកបោះឆ្នោតគាំទ្រលើឯករាជ្យភាព ខណៈ ៤៧ ភាគរយប្រឆាំង៕

