ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអាស៊ាន និងសហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និរន្តរភាព និងភាពធន់។
លោកស្នើដូច្នេះក្នុងឱកាសលោកធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំឭកខួបលើកទី ៤៥ នៃ អាស៊ាន-EU កាលពីថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៦ ខែធ្នូ ថា៖ «សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទទូចឱ្យអាស៊ាន និងសហភាពអឺរ៉ុបខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និរន្តរភាព និងភាពធន់»។
លោក ហ៊ុន សែន បញ្ជាក់ថា ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃសង្គមជាតិ ហើយលោកបានថ្លែងអំណរគុណដល់ EU ចំពោះការបន្តការគាំទ្រក្នុងការកសាងសមត្ថភាពដល់ប្រទេសសមាជិកអាស៊ាន និងផ្តល់នូវការអប់រំ និងជំនាញសតវត្សរ៍ទី២១ ដល់យុវជនអាស៊ាន ដើម្បីឱ្យពួកគេអាចបោះជំហានទៅក្នុងពិភពការងារដែលបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា លោក ហ៊ុន សែន បានគូសបញ្ជាក់អំពីតម្រូវការក្នុងការលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យ និងជាពិសេស ការយកស្ត្រីធ្វើជាស្នូលនៃការបង្កើតគោលនយោបាយ។
លោកថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានចាត់ទុកស្ត្រី សន្តិភាព និងសន្តិសុខជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់ខ្លួន៕


