ក្រុងហ្គារដែស: កាលពីថ្ងៃអង្គារ ការវាយប្រហារអត្តឃាត ពីរដង និងការបាញ់ប្រហារលើក្រុមប៉ូលិស និងទាហាននៅអាហ្វហ្គានីស្ថាន បានបណ្តាលឲ្យមនុស្ស ៨០ នាក់ស្លាប់ និងជិត ៣០០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដ៏សាហាវមួយនាពេលថ្មីៗបំផុតនេះទៅលើក្រុមកងកម្លាំងសន្តិសុខ ដែលហ៊ុមព័ទ្ធដោយបញ្ហា។
ក្រុមតាលីបង់ បានអះអាងថា បានធ្វើការវាយប្រហារដ៏សាហាវចំនួនពីរដង ជាការវាយប្រហារព្រមគ្នាមួយលើក្រុមប៉ូលិសក្នុងក្រុងហ្គារដែសភាគអាគ្នេយ៍នៃខេត្តបាក់ត្សា។
យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៦០ នាក់់ស្លាប់នៅក្នុងនោះមានស្នងការប៉ូលិសខេត្តប៉ាក់ត្សា និងមនុស្សប្រហែល ២៣៦ នាក់រងរបួសនិងបានបណ្តាលឲ្យក្រុមមន្ត្រីមន្ទីរពេទ្យស្រែកអំពាវនាវសុំការផ្តល់ឈាម។
មានទស្សនីយភាពដ៏គួរឲ្យអស់សង្ឃឹមជាច្រើន ខណៈក្រុមសាច់ញាតិរបស់ក្រុមជនរងគ្រោះ ដែលអស់សង្ឃឹម បានធ្វើការតម្រង់ជួរ ដើម្បីទទួលសាច់ញាតិជាទីស្រឡាញ់របស់ពួកគេ បន្ទាប់ ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនម៉ោងនោះ។
ក្រសួងដដែលនេះ បានឲ្យដឹងថា ការវាយប្រហារដោយ-ឡែកពីគ្នាមួយដែលគេថាជាទង្វើរបស់ក្រុមឧទ្ទាមតាលីបង់ក្នុងខេត្ត Ghazni បានសម្លាប់មន្ត្រីសន្តិសុខ ១៥ នាក់ និងក្រុមជនស៊ីវិល ៥ នាក់ និង ៤៦ នាក់ទៀត រងរបួស។
កងយោធា និងក្រុមប៉ូលិស អាហ្វហ្គានីស្ថាននៅខ្សែត្រៀមសមរភូមិប្រឆាំងក្រុមឧទ្ទាមតាលីបង់ ចាប់តាំងពីកងទ័ពបរទេស បានធ្វើការដកចេញពី ប្រទេសនេះ កាលពីខែធ្នូឆ្នាំ ២០១៤ នោះ៕


