ក្រុងសេអ៊ូលៈ កាសែត Wall Street Journal បានរាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា ក្រុមជំនាញការនុយក្លេអ៊ែរ ចិន ជឿថា កូរ៉េខាងជើង អាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២០ គ្រាប់ រួចហើយ និងមានសមត្ថភាព ចម្រាញ់ អ៊ុយរ៉ានីញ៉ូម ដល់កម្រិតតួលេខទ្វេដងនៅឆ្នាំក្រោយ។
ការប៉ាន់ស្មានដែលកាសែតនោះ បាននិយាយថា ត្រូវបានបញ្ជូនតទៅឲ្យក្រុមអ្នកឯកទេសនុយក្លេអ៊ែរអាមេរិក នៅក្នុងជំនួបបិទទ្វារមួយក្នុងខែ កុម្ភៈ គឺមានកម្រិតខ្ពស់ជាងការវាយតម្លៃ ដែលចិនបានដឹងពីមុន។
ការប៉ាន់ស្មាននេះហួសពីការវាយតម្លៃថ្មីៗ របស់ក្រុមអ្នក ជំនាញអាមេរិកដែលបានដាក់ឃ្លាំងអាវុធបច្ចុប្បន្នរបស់កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ចន្លោះពី ១០ ទៅ ១៦ ដើម។
អ្នកជំនាញឈានមុខគេទៅលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងលោក Siegfried Hecker ដែលបានចូលរួមជំនួបនៅក្នុងខែកុម្ភៈ បាននិយាយថា ឃ្លាំងស្តុកអាវុធដ៏ធំរបស់កូរ៉េខាងជើង នឹងបង្កឧបសគ្គកាន់តែធ្ងន់ដែលសហគមន៍អន្តរជាតិបានប្រឈមនៅក្នុងការបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឲ្យលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។
លោក Hecker បានប្រាប់កាសែតនោះថា៖ «ពួកគេកាន់តែជឿ ពួកគេកាន់តែមានឃ្លាំងនុយក្លេអ៊ែរប្រតិបត្តិការ និងមានការការពារ ហើយកាន់តែពិបាក កាន់តែតាមដានពួកគេ»។
ការប៉ាន់ស្មានរបស់ចិននេះ បានបង្ហាញពីកង្វល់ដែលកំពុងកើនឡើងនៅក្នុងក្រុង ប៉េកាំង ជុំវិញមហិច្ឆតារបស់សម្ព័ន្ធមិត្តរបស់ខ្លួន និងជាការប៉ាន់ស្មានចុងក្រោយបំផុតនូវការវាយតម្លៃរបស់អ្នកជំនាញដែលស្នើថា ក្រុងព្យុងយ៉ាងកំពុងផ្លាស់ប្តូរមាគ៌ា នុយក្លេអ៊ែរលឿនជាងការគិតពីមុនទៅទៀត។

របាយការណ៍ថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក បានព្រមានថា កូរ៉េខាងជើងត្រៀមពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ និងនៅក្នុងស្ថានភាពដ៏អាក្រក់នោះអាចមានអាវុធ អាតូមិក ១០០ ដើម។
កូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរនៅឆ្នាំ ២០០៦ ២០០៩ និងឆ្នាំ ២០១៣ និងមានកម្មវិធីបង្កើតមីស៊ីលបាល់លីស្ទិកសកម្មមួយ ថ្វីបើគំនិតរបស់អ្នកជំនាញ ត្រូវបានបែងចែកទៅលើថាតើការរីកចម្រើនច្រើនប៉ុនណា ដែលខ្លួនបានធ្វើនោះ?
នៅក្នុងឆ្នាំ ២០១២ ក្រុងព្យុងយ៉ាង បានបង្ហាញសមត្ថភាពរ៉ុក្កែតរបស់ខ្លួនដោយបានបញ្ជូនតាមផ្កាយរណបចូលទៅក្នុងគន្លងគោចរ ប៉ុន្តែមិនទាន់បានធ្វើការសាកល្បងដែលនឹងបង្ហាញថា ខ្លួនបានគ្រប់គ្រងបចេ្ចកវិទ្យាបញ្ចូលថ្មីដែលចាំបាច់សម្រាប់មីសុីលបាល់លីស្ទិកឆ្លងកាត់ទ្វីប (ICBM)។
បញ្ហាគន្លឹះផ្សេងទៀតថា តើកូរ៉េខាងជើងអាចផលិតឧបករណ៍នុយក្លេអ៊ែរមួយដែលអាចបំពាក់នោះលើកន្ទុយរបស់មីស៊ីល។
នៅក្នុងក្រដាសមួយសន្លឹកដែលត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងខែមករា ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានទទួលយកបច្ចេកវិទ្យាគំរូបង្រួមតូចរួចហើយដើម្បីធ្វើឲ្យដល់កម្រិតដ៏សំខាន់មួយ៕ AFP/PSA


