ក្រុងតូក្យូៈ ការបង្កើតយន្តហោះលើកដំបូងរបស់ក្រុមហ៊ុន Honda Motor Co បានធ្វើឲ្យជប៉ុនមានយន្តហោះខ្លួនឯងលើកដំបូង ខណៈក្រុមហ៊ុនស្វែងរកការបង្កើនកេរ្ដិ៍ឈ្មោះរបស់ខ្លួនខាងបច្ចេកវិទ្យាដ៏ទំនើប។
យន្តហោះមាន ៧ កៅអីបានចេញដំណើរពីទីក្រុងភាគខាងជើងរបស់ទីក្រុង Sendai ប្រទេស ជប៉ុន និងបានចុះចតនៅព្រលានយន្តហោះ Haneda របស់ទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមលោក Kosuke Kachi អ្នកនាំពាក្យក្រុមហ៊ុន Honda ។
ក្រុមហ៊ុននេះកំពុងរង់ចាំទទួលការអនុម័តចុងក្រោយសម្រាប់យន្តហោះនេះពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក ហើយគ្រោងនឹងចាប់ផ្ដើមបម្រើសេវាដល់អតិថិជនអាមេរិកនៅចុងឆ្នាំនេះ។
ការបង្ហាញយន្តហោះដែលស្ថិតក្រោមការអភិវឌ្ឍអស់រយៈពេល ៣ ទសវត្សរ៍មកហើយនោះ បានធ្វើឡើងបន្ទាប់ពីកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន Honda ត្រូវរងការធ្វើឲ្យខូចដោយការប្រមូលរថយន្តយកមកជួសជុលក្នុងចំនួនច្រើន កាលពីឆ្នាំមុន។
ក្រុមហ៊ុនផលិតរថយន្តមួយនេះបានកែលម្អការគ្រប់គ្រងលើផ្នែកស្រាវជ្រាវរបស់ខ្លួន ដោយបានត្រឡប់ទៅរកការប្រណាំងរថយន្ត Formula One ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងបានបង្ហាញរថយន្តស្ព័រធុនតូចនៅក្នុងប្រទេសជប៉ុននៅឆ្នាំនេះ។
លោកប្រធាន Takanobu Ito នឹងចុះចេញពីតំណែងនៅខែមិថុនាបន្ទាប់ពីដឹកនាំក្រុមហ៊ុននេះអស់រយៈពេល ៦ឆ្នាំ។
លោក Michimasa Fujino ប្រធានក្រុមហ៊ុន HondaJet Aircraft បានថ្លែងថា ក្រុមហ៊ុន Honda ទទួលបានការបញ្ជាទិញយន្តហោះនេះជាង ១០០ គ្រឿង។ លោកថ្លែងកាលពីខែកុម្ភៈថា ក្រុមហ៊ុននេះអាចពិចារណាពីការលក់យន្តហោះនៅក្នុងប្រទេស ជប៉ុន ប្រសិនបើមានទីផ្សារដ៏មានសក្ដានុពល។
តាមក្រុមហ៊ុន ទីតាំងម៉ាស៊ីនរបស់យន្តហោះដែលមិនដូចជាយន្តហោះធម្មតាគឺនៅលើស្លាបនឹងបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈប្រហែល ១៥ ភាគរយ និងធ្វើឲ្យបន្ទប់បើកបរធំទូលាយជាងយន្តហោះធម្មតា២០ភាគរយ។ Honda បានឲ្យដឹងថា ជាមួយនឹងល្បឿនហោះហើរ ៧៧៨គីឡូម៉ែត្រក្នុងមួយម៉ោង យន្តហោះនេះមានល្បឿនកាន់តែលឿន និងកាន់តែធន់នឹងកម្លាំងខ្យល់៕ PB


