ក្រុងហ្គាហ្សាៈ ប្រភពសន្តិសុខមួយ បាននិយាយនៅថ្ងៃអាទិត្យនេះថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើទីតាំងឈរជើងរបស់ក្រុមឧទ្ទាមហាម៉ាស ២ កន្លែង នៅតំបន់ហ្គាហ្សា ក្រោយពីកងកម្លាំងអ៊ីស្រាអែល បានរាយការណ៍ថា មានបាឡុងភ្ជាប់ដោយ «គ្រឿងផ្ទុះ» មួយ ត្រូវបានបង្ហោះទៅកាន់ទឹកដីអ៊ីស្រាអែល។
យោងតាមប្រភពសន្តិសុខរបស់ក្រុមហាម៉ាសមួយបានឲ្យដឹងថា គ្មាននរណាម្នាក់ បានរងរបួសពីការវាយប្រហារ កាលពីល្ងាចថ្ងៃសៅរ៍នៅជំរំ Al-Bureij ភាគខាងកើត នៅកណ្តាលក្រុងហ្គាហ្សា និងក្រុងរាហ្វាហ៍ ភាគខាងកើតនៅក្នុងទឹកដីបិទមិនឲ្យចេញចូលនៅភាគខាងត្បូង ដែលគ្រប់គ្រងដោយក្រុមចលនាអ៊ិស្លាមនិយមហាម៉ាស។
កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារផ្លូវអាកាសនោះ បានកើតឡើងក្រោយពី «មានបាឡុងជាច្រើនដែលភ្ជាប់គ្រឿងផ្ទុះមួយ ត្រូវបង្ហោះចេញពីតំប់ហ្គាហ្សាសំដៅទៅទឹកដីអ៊ីស្រាអែល»។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖ «គ្មាននរណាម្នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួស ឬខូចខាតអ្វីទេនៅក្នុងការវាយប្រហារនោះ»៕ SK


