ភ្នំពេញៈ ទាហានផ្កាយ ៣ ដែលបានប្រើហិង្សាទៅលើស្ត្រីជាតារាចម្រៀងនៅភោជនីយដ្ឋានបឹងមាស ក្នុងសង្កាត់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៩ នោះ ត្រូវបានគេដឹងអត្តសញ្ញាណហើយ គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក។
នេះបើយោងតាមប្រភពពីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ អះអាងកាលពីម្សិលមិញ។ នៅយប់ថ្ងៃកើតហេតុ អ្នកនាង យិន ស្រីពៅ តារាចម្រៀងនៅភោជនីយដ្ឋានបឹងមាស ត្រូវបានបុរសម្នាក់ដែលអះអាងខ្លួនឯងថាជាទាហានផ្កាយ ៣ និង ជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទះកំផ្លៀងចំនួន ២ ដៃ បន្ទាប់ពីនាងបានបដិសេធការចេញទៅដេកជាមួយខ្លួន។
អ្នកនាង យិន ស្រីពៅ ត្រូវបានគេដឹងថាជាក្មួយស្រីរបស់លោក ព្រហ្ម ម៉ាញ សិល្បករជើងចាស់ដ៏ល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទង្វើរបស់បុគ្គលខាងលើនោះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ចាត់ទុកថាជាទង្វើ «អសីលធម៌» ប្រឆាំងនឹងស្ត្រីភេទ ព្រមទាំងធ្វើឲ្យអាប់ឱនកិតិ្តយសនិងសេចក្ដីថ្លៃថ្នូររបស់កងទ័ពជាតិ។
ទន្ទឹមនឹងនោះ ក្រសួងការពារជាតិ បានបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួងចុះស្រាវជ្រាវយ៉ាងបន្ទាន់ ដើម្បីបង្ខំឲ្យបុគ្គលរូបនោះចូលខ្លួនមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនលើស្ត្រីរងគ្រោះ។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ករណីនេះត្រូវបានសម្របសម្រួលដោះស្រាយរួចហើយ ដោយភាគីបង្កអំពើហិង្សា គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរង កងទ័ពជើងគោក បានយល់ព្រមផ្ដល់សំណងជំងឺចិត្តទៅភាគីស្ត្រីរងគ្រោះចំនួន ៨ ០០០ ដុល្លារដើម្បីបញ្ចប់រឿង។
លោកបានបញ្ជាក់ថា៖ «ករណីនេះ បានដោះស្រាយចប់សព្វគ្រប់ហើយ ដោយភាគីបង្កបានយល់ព្រមបង់សំណងជំងឺចិត្ត ៨ ០០០ ដុល្លារ ទៅឲ្យភាគីជនរងគ្រោះ គឺស្ត្រីជាតារាចម្រៀងឈ្មោះ យិន ស្រីពៅ តាំងពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៩ ក្រោយពីមានការសម្របសម្រួលដោះស្រាយនៅមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ»។
ចំណែក លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក៏បានបញ្ជាក់នៅក្នុង facebook របស់លោកផងដែរថា ភាគីបង្កអំពើហិង្សាបានព្រមព្រៀង និងសុខចិត្តផ្តល់សំណងជាថវិកាចំនួន ៨ ០០០ ដុល្លារ ដល់ស្ត្រីរងគ្រោះដើម្បីបញ្ចប់ការប្តឹងផ្តល់។
លោកបានបញ្ជាក់ថា៖ «យុត្តិធម៌គឺពិតជាមាន»។
លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញយ៉ាងខ្លីថា គាត់មិនបានចងចាំនូវអ្វីដែលបានកើតឡើងនៅយប់ថ្ងៃកើតហេតុនោះទេ ហើយលោកក៏មិនចង់ធ្វើការបកស្រាយអ្វីឲ្យវែងឆ្ងាយនោះដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនចាំបាច់ធ្វើការបកស្រាយអ្វីនោះទេ សំខាន់ឥឡូវនេះ គឺខ្ញុំអាចបំពេញការងារដូចធម្មតា»៕


