ក្រុងអូតាវ៉ាៈ ខ្មាន់កាំភ្លើងម្នាក់ដែលឈ្មោះរបស់គេស្ថិតនៅក្នុងបញ្ជីឃ្លាំមើលភេរវកម្ម បានសម្លាប់ ទាហានម្នាក់ ហើយបានប៉ុនប៉ងសម្រុកចូលសភារបស់កាណាដាកាលពីថ្ងៃពុធ មុនពេលត្រូវពលបាលមានកាំភ្លើងរបស់សភានេះបាញ់សម្លាប់វិញ។
ការវាយប្រហារ ដែលជាលើកទីពីរក្នុងសប្ដាហ៍នេះ ដោយយកបុគ្គលិកយោធារបស់កាណាដាជាគោលដៅ បានកើតឡើងខណៈ ក្រុមយន្តហោះកាណាដាជាច្រើន គ្រឿងគ្រោងនឹងចូលរួមក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយម នៅអ៊ីរ៉ាក់។

នាយករដ្ឋមន្រ្តីកាណាដាលោក Stephen Harper បានសន្យាថាមិនងាករេឡើយ ដោយថ្លែងថា កាណាដា នឹងមិនត្រូវគេ«បំភិតបំភ័យ»ទេ ហើយបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីប្រយុទ្ធជាមួយក្រុម«ភេរវកម្ម»នៅបរទេស។
អ្នកវាយប្រហារដែលប្រព័ន្ធផ្សព្វផ្សាយកាណាដា បានបង្ហាញ អត្តសញ្ញាណថា ឈ្នោះ Michael Zehaf-Bibeau អាយុ៣២ឆ្នាំ ត្រូវគេចាត់ទុកថា ជាជនសង្ស័យ«គ្រោះថ្នាក់ខ្ពស់»ដែលលិខិតឆ្លងដែនរបស់គាត់ ត្រូវបានដកហូតយកដើម្បីការពារមិនឲ្យលោកទៅប្រយុទ្ធនៅបរទេស។
ផ្ទុយទៅវិញ គាត់បានបាញ់ និង សម្លាប់ទាហានកាណាដាម្នាក់ដែលកំពុងបំពេញភារកិច្ចការពារពិធីមួយ នៅឯទីគោរពសង្គ្រាមក្នុងសង្កាត់ពាណិជ្ជកម្មក្រុងអូតាវ៉ា មុនពេលសម្រុកចូលក្នុងអគារសភា ដែលនៅក្បែរនោះ។
ទាហានរូបនោះ ត្រូវគេបញ្ជាក់ឈ្មោះក្នុងរបាយការណ៍ជាច្រើនថា មានឈ្មោះ នាយទោ Nathan Cirillo ផ្នែកមួយនៃទាហានប្រតិបត្តិការបំពេញភារកិច្ច នៅឯបរិវេណទួលសភា ដែលជាបេះដូងនៃរដ្ឋាភិបាលជាតិរបស់កាណា ដា និងជាទីតាំងសភានីតិប្បញ្ញត្តិ របស់ខ្លួន។
មនុស្សយ៉ាងតិចបីនាក់ ត្រូវគេនាំទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសស្រាល។
អ្នកវាយប្រហារនោះ ត្រូវបានសម្លាប់ដែលត្រូវគេរាយការណ៍ថាដោយគ្រាប់កាំភ្លើងមួយគ្រាប់ដែលបាញ់ដោយអ្នកកាន់កាំភ្លើង ជាពលបាលមានកាំភ្លើង លោក ខេវិន វីគឃើរ របស់សភា ដែលត្រូវក្រុមអ្នកតាក់តែងច្បាប់លើកសរសើរថា ជាវីរបុរស។
ប៉ូលិស បាននិយាយថា ការស៊ើបអង្កេតមួយកំពុងបន្ត ប៉ុន្តែអភិបាលក្រុងអូតាវ៉ា លោក Jim Watson បាននិយាយថា ការបិទមិនឲ្យចេញចូលតំបន់សង្កាត់ពាណិជ្ជកម្មនោះ បានបញ្ចប់ហើយ ហើយវាទំនងជាអ្នកបាញ់ធ្វើសកម្មភាពតែម្នាក់ឯងទេ។
លោក Watson បានប្រាប់ CNN ថា៖ «វាទំនងជាមានតែអ្នកបាញ់ប្រហារតែម្នាក់។ អ្នកបាញ់ប្រហារនោះបានស្លាប់ហើយ»។
ការវាយប្រហារនេះ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីជនសង្ស័យថា ជាជនអ៊ិស្លាមនិយមបានបើកបុកទាហានពីរនាក់ដោយសម្លាប់ម្នាក់ ដែលអាជ្ញាធរបានចាត់ទុកជាអំពើភេរវកម្មមួយ៕ MN


