ភ្នំពេញៈ អាជ្ញាធរខ្មែរប្រចាំ ខេត្តព្រះវិហារ បានចាប់ខ្លួនបុរសជនជាតិថៃពីរនាក់ដែលម្នាក់ក្នុងចំណោមពួកគេជាទាហានឈុតខ្មៅ និងម្នាក់ជាប្រជាពលរដ្ឋ បច្ចុប្បន្នអ្នកទាំងពីរកំពុងស្ថិតក្រោមការឃុំខ្លួនដើម្បីសាកសួរ។
មន្រ្តីប៉ូលិសម្នាក់នៅអធិការដ្ឋាន ស្រុកជាំក្សាន្ត ជាទីដែលអ្នកទាំងពីរ ត្រូវគេឃុំខ្លួន បាននិយាយថា អ្នកទាំងពីរនេះបានចូលក្នុងទឹកដីខ្មែរជម្រៅជាង ៣ គីឡូម៉ែត្រ តែថា ពួកគេវង្វេងផ្លូវក្នុងព្រៃ ហើយត្រូវមន្រ្តីយោធាខ្មែរចាប់ខ្លួនពួកគេ តាំងពីថ្ងៃ ទី១៩ តុលា នៅ ភូមិឈើទាលគង ក្បែរច្រកព្រំដែន អានសេះ។
ប៉ូលិសរូបនេះបាននិយាយថា៖ «យើងកំពុងរង់ចាំការសម្រេចពីថ្នាក់លើ។ ពួកគេបាននិយាយថា គេវង្វេងផ្លូវ ប៉ុន្តែយើងមិនជឿគេទេ»។
លោកបន្តឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនពួកគេ មិនឃើញមានកាំភ្លើងទេ ប៉ុន្តែកម្លាំងព្រំដែនខ្មែររឹបអូសបានអង្រឹង កាំបិតនិងសម្ភារជាច្រើនទៀត។
លោកឧត្តមសេនីយ៍ទោ ផាត សុផេន មេបញ្ជាការរងកងពលធំលេខ ៣ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំ ខេត្តព្រះវិហារ បានឲ្យដឹងថា បុរសទាំងពីរនាក់នោះ ត្រូវគេផ្ទេរមកឲ្យប៉ូលិស ស្រុកជាំក្សាន្ត ចាត់វិធានការបន្តតាំងតែពីពួកគេត្រូវបានឃាត់ខ្លួន។
លោក ដាំ យិន អធិការ ស្រុកជាំក្សាន្ត ប្រាប់កាសែតក្នុងស្រុកថា ជនជាតិថៃត្រូវបានចាប់ខ្លួន ខណៈពួកគេចូលក្នុងទឹកដីខ្មែរដើម្បីបរបាញ់សត្វ។ លោកថា បុរសទាំងពីរនេះមានឈ្មោះ Thannam Paya វ័យ ៤៦ឆ្នាំ ជាទាហានឈុតខ្មៅ កើតនៅ ខេត្តស៊ីសាកេត និង Vuth Undee វ័យ ៣០ឆ្នាំ អ្នក ស្រុកអ៊ូប៊ុនរ៉ាតថានី។
កាលពីខែមុន មានជនជាតិថៃពីរនាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅ ខេត្តព្រះវិហារ ខណៈពួកគេ ចូលក្នុងទឹកដីខ្មែរដើម្បីបរបាញ់សត្វ ប៉ុន្តែ ត្រូវបានដោះលែងវិញ បន្ទាប់ពីឃុំខ្លួនបាន ២ថ្ងៃ។
កាលពីថ្ងៃពុធ អ្នកកាប់ឈើខ្មែរពីរនាក់ ត្រូវបានដោះលែងពីពន្ធនាគារ ខេត្តអូប៊ុនរ៉ាតថានី បន្ទាប់ពីជាប់គុកបានពីរ-បីខែចាប់តាំងពីដើម ខែសីហា។ ពួកគេ ត្រូវចាប់ខ្លួនខណៈដែលចូលក្នុងទឹកដីថៃចម្ងាយប្រមាណ ៤ គីឡូម៉ែត្រដើម្បីកាប់ឈើ។ អាជ្ញាធរថៃ បានប្រគល់ពួកគេឲ្យទៅអាជ្ញាខ្មែរ នៅច្រក អានសេះ។
លោក ផាត សុផេន បានបញ្ជាក់ថា ថៃបានដោះលែងបុរសខ្មែពីរនាក់ មិនមែនដោះដូរយោធា និងពលរដ្ឋ ដែលត្រូវបានឃាត់ខ្លួននៅ ស្រុកជាំក្សាន្ត ថ្មីៗនេះទេ។
លោកថ្លែងថា៖ «អ្នកកាប់ឈើខ្មែរទាំងនេះ បានជាប់ពន្ធនាគារគ្រប់តាមកាលកំណត់ ត្រង់នេះហើយបានជាពួកគេ ត្រូវថៃដោះលែង»។ លោកអះអាងថា៖ «វាមិនពាក់ព័ន្ធនឹងករណីនេះទេ»៕


