ភ្នំពេញ: រឿង «កំពូលល្ងង់នៅអាស៊ី» ជាវណ្ណកម្មដំបូងរបស់ផលិតកម្ម កាឡាក់ស៊ី (Galaxy) ភាពយន្ត ដែលទាំងស្នាដៃ និងធនធានផលិតប្រសូតពីអតីតពលករនៅប្រទេសកូរ៉េខាងត្បូងលោក ឡេង ណាវ៉ាត់ត្រា ខណៈក្រោមក្តីរំពឹងខ្ពស់ថា ក៏ជាភាពយន្តបំបែកកំណត់ត្រាភាពយន្តខ្មែរផងនោះ។ ចាងហ្វាងផលិតកម្ម អតីតកម្មករឆ្លងប្រទេសរូបនេះ ក៏ប្រកាសផងដែរ ពីការផ្តល់ឱកាសដល់កម្មកររោងចក្រមកចូលទស្សនាភាពយន្តនេះដោយពុំបង់ថ្លៃសំបុត្រ។
នាល្ងាចថ្ងៃទី ៨ ខែធ្នូ ផលិតកម្មកាឡាក់ស៊ីបានធ្វើសន្និសីទសារព័ត៌មានបង្ហាញភាពយន្តដំបូងរបស់ខ្លួន ទាំងការបង្ហាញក្តីរំពឹងខ្ពស់ថាមហាជននឹងគាំទ្រ ហើយមិនមានទេភាពបរាជ័យនៃស្នាដៃដំបូងរបស់ខ្លួននោះ។
លោក ឡេង ណាវ៉ាត់ត្រា បានបង្ហាញឲ្យដឹងថា៖ «រឿង «កំពូលល្ងង់នៅអាស៊ី» ជាប្រភេទរឿងមនោសញ្ចេតនា បែបកំប្លែងទំនើប ដែលប្រជុំទៅដោយតារាល្បីៗជាច្រើន មានដូចជា នាយ ពែកមី នាយ គ្រឿន នាយកណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា ជាដើម។ ដោយឡែក ពែកមី នាយ គ្រឿននិងកញ្ញារីយ៉ា គឺជាតួឯក។ ភាពយន្តនេះចំណាយក្នុងការផលិតជាង ៦ ម៉ឺនដុល្លារ»។

ចាងហ្វាងផលិតកម្ម ដែលជាអតីតកម្មករចំណាកស្រុកធ្វើការនៅប្រទេសកូរ៉េ រូបនេះឲ្យដឹងទៀតថា៖ «ភាពវិជ្ជមានដំបូងបង្ហាញនូវចម្រៀងបទ «កំពូលល្ងង់នៅអាស៊ី» ដែលផលិតកម្មបង្ហោះលើបណ្ដាញសង្គមកន្លងមក មានអ្នកគាំទ្រជាង ២ លាននាក់ ហើយចំពោះ Trailer រឿងវិញ មានអ្នកទស្សនារហូតដល់ទៅជិត ២ លាននាក់ដូចគ្នា»។
ជាមួយការទទូចសួរតាមបណ្តាញសង្គមថា «ពេលណាចាក់បញ្ចាំង ពួកខ្ញុំនឹងទៅទស្សនា ទាំងអស់គ្នា» នោះអតីតកម្មករនៅប្រទេសកូរ៉េក្លាយជាផលិតកររូបនេះ ក៏បានឲ្យដឹងបន្តថា៖ «រឿង កំពូលល្ងង់នៅអាស៊ី គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី ១៤ ខែធ្នូ ២០១៦ នៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ»។
កាន់តែពិសេសទៅទៀតនោះ លោក ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា៖ «ហើយបន្ទាប់ពីចាក់បញ្ចាំងនោះបាន ៦ ថ្ងៃ ខ្ញុំក៏បើកទទួលបងប្អូនធ្វើការនៅរោងចក្រចូលមកទស្សនាដោយពុំគិតថ្លៃឡើយ។ ប៉ុន្តែចំនួននេះខ្ញុំទទួលត្រឹមតែ ២០០ នាក់ប៉ុណ្ណឹងទេ ដែលអាចចូលទស្សនាគ្រប់រោងភាពយន្តដែរ»។
ផលិតកររូបនេះក៏បញ្ជាក់ទៀតថា៖ «បន្ទាប់ពីការចាក់បញ្ចាំងជូនទស្សនិកជនក្នុងស្រុកបានទស្សនារួចរាល់ហើយ ក៏មានផែនការនាំភាពយន្តនេះ យកទៅចាក់បញ្ចាំងជូនពលករខ្មែរនៅកូរ៉េបានទស្សនាផងដែរ»៕


