ខេត្តកំពង់ចាមៈ កំពង់ចាមអាចនៅតែជាទីតាំងឈរជើងរឹងមាំរបស់លោក កឹម សុខា ហើយប្រសិនបើសម្ព័ន្ធនៃគណបក្សប្រឆាំងទាំងពីរចង់ទទួលបានលទ្ធផលល្អខ្លាំងជាងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១២ ដែលកាលពេលនោះគណបក្សសម្ព័ន្ធទាំងពីរបានឈ្នះតែ ៤០ ឃុំ-សង្កាត់ទូទាំងប្រទេសទល់នឹង ១៥៩២ របស់គណបក្សប្រជាជនវាប្រហែលមិនមែនជាការលំបាកនោះទេ។
នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី ៤ មិថុនាឆ្នាំ ២០១៧ គួរធានាថាគណបក្សសង្គ្រោះជាតិអាចនឹងទទួលបានលទ្ធផលល្អជាងកាលពី ៥ ឆ្នាំមុនដែលកាលនោះទាំងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី រួមបញ្ចូលគ្នាបានឈ្នះនូវក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១២ នៅក្នុងខេត្តនេះទល់នឹង ១៦១ របស់គណបក្សប្រជាជន។ គណបក្សទាំងពីរបានរួមបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិមួយខែបន្ទាប់មកហើយនៅក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៣ ទទួលបានលទ្ធផលដ៏ល្អលើសលុបទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយឈ្នះប្រហែល ៤៦០ ០០០ សំឡេងទល់នឹង ៣៧៥០០០ សំឡេងរបស់គណបក្សប្រជាជននៅទីនេះដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្រ្តីហើយបងប្រុសរបស់លោកជាអភិបាលខេត្ត។
រដ្ឋាភិបាលទំនងជាភ័យខ្លាចចំពោះគណបក្សប្រឆាំងហើយចាប់តាំងពីការបោះឆ្នោតនោះមកបានដាក់សម្ពាធទៅលើលោក កឹម សុខា ដោយអាជ្ញាធរធ្វើការស៊ើបអង្កេតការលេចធ្លាយការនិយាយទូរស័ព្ទដែលសង្ស័យថាជាការសន្ទនារបស់លោក សុខា ជាមួយស្រីកំណាន់វ័យក្មេងម្នាក់។ ប៉ុន្តែយុទ្ធនាការនេះវាទំនងជាមានផលប៉ះពាល់តិចតួច។
លោក ឡុង ប៊ុនណា អាយុ ៣៦ ឆ្នាំដែលធ្វើការងារឲ្យក្រុមហ៊ុននាំចូលនាំចេញរបស់កូរ៉េខាងត្បូងហើយកាលពីថ្ងៃសៅរ៍បានលេងអុកនៅហាងកាហ្វេមួយនៅក្នុងស្រុកព្រៃឈរបានថ្លែងថារឿងអាស្រូវផ្លូវភេទបានបំផ្លាញមុខមាត់ក្នុងអាជីពនយោបាយរបស់គូបដិបក្ខមួយទៀតរបស់ ហ៊ុន សែន គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប៉ុន្តែរហូតមកដល់ពេលនេះវាប្រហែលជាមិនប៉ះពាល់ដល់លោក កឹម សុខា ទេ។
លោកបន្តថា៖ «ឥឡូវទុកឲ្យខ្ញុំសួរមនុស្សទាំងបីនាក់នៅទីនេះ។ តើប្រជាប្រិយភាពរបស់លោក កឹម សុខា បានកើនឡើងឬថយចុះ?»។
បុរសទាំងនេះបានថ្លែងដោយគ្មានការស្ទាក់ស្ទើរថា៖ «បានកើនឡើង»។
លោក ប៊ុនណា ថ្លែងថាកាលពីមុនរូបលោកមិនបានបោះឆ្នោតឲ្យគណបក្សប្រឆាំងទេប៉ុន្តែលោកបានសម្រេចចិត្តនឹងប្តូរទៅបោះឆ្នោតឲ្យគណបក្សប្រឆាំងបន្ទាប់ពីមានព្រឹត្តិការណ៍ដូចជាការបាញ់សម្លាប់កម្មករកាត់ដេរនៅក្នុងការតវ៉ាក្រោយការបោះឆ្នោត។
លោកបន្តថា៖ «ខ្ញុំកាលពីមុនគាំទ្រគណបក្សប្រជាជនកម្ពុជា។ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ ខ្ញុំបានបោះឆ្នោតឲ្យគណបក្សប្រជាជនប៉ុន្តែតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមខ្ញុំបានឃើញកំហុសរបស់ពួកគេដូចជាការសម្លាប់ប្រជាជនស្លូតត្រង់ដៃទទេកាលពីខែមករា ឆ្នាំ ២០១៤»។ «មនុស្ស ៧ នាក់ក្នុងចំណោមមនុស្ស ១០ នាក់ដែលខ្ញុំបានជួបឥឡូវនេះគាំទ្រគណបក្សសង្គ្រោះជាតិ»។
គណបក្សប្រជាជនទំនងជាដឹងអំពីជំហររបស់ខ្លួននៅទីនេះហើយនៅចុងឆ្នាំ ២០១៣ បានពុះស្រុកសំខាន់ៗរបស់គណបក្សប្រជាជនទៅជាខេត្តត្បូងឃ្មុំ។ ក្រោមច្បាប់បោះឆ្នោតថ្មីការពុះខេត្តនេះអាចជួយគណបក្សប្រជាជនឲ្យទទួលបានមួយអាសនៈបន្ថែមទៀតនៅក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៨ ប៉ុន្តែវានឹងជួយតិចតួចនៅក្នុងការបោះឆ្នោតឆ្នាំក្រោយនៅក្នុងឃុំនៅសល់ចំនួន ១០៩ របស់ខេត្តកំពង់ចាម។
អ្នកស្រី ញឹម ចាន់ធូ អាយុ ៤៥ ឆ្នាំបានថ្លែងអំពីរឿងរបស់លោក កឹម សុខា ថា៖ «ប្រជាជនបានឮអំពីព័ត៌មានជាច្រើន។ បន្ទាប់ពីមើលព័ត៌មាននៅពេលយើងពិភាក្សាគ្នាអំពីបញ្ហានោះអ្នករាល់គ្នានិយាយថាវាគ្រាន់តែជារឿងនយោបាយហើយថាគំនិតរបស់លោក កឹម សុខា ស្អាតស្អំជាង»។ អ្នកស្រី ចាន់ធូ បន្តថាក្នុងនាមជាស្រ្តីអ្នកស្រីមិនបោះបង់ការគាំទ្រលោក កឹម សុខា ដោយសារការចោទប្រកាន់រឿងអាស្រូវផ្លូវភេទនេះទេ។
អ្នកស្រីបានថ្លែងបន្តថា អ្នកស្រីមានក្តីបារម្ភអំពីជាតិធំជាងក្តីបារម្ភអំពីរឿងជីវិតឯកជនរបស់គាត់។ អ្នកស្រីបន្តថា៖«ស្រ្តីជាច្រើននៅទីនេះនិយាយថាគួរតែមានការផ្លាស់ប្តូរដោយសារមិនមានការអភិវឌ្ឍគ្រប់គ្រាន់»។ «វាមិនមែនតែស្រ្តីទេដែលនិយាយដូចនេះប្រជាជនភាគច្រើនបំផុតកំពុងនិយាយដូចនេះ»។ «នៅជុំវិញទីនេះ ហ៊ុន សែន បាក់មុខ»។
វាជាប្រធានបទសាមញ្ញមួយនៅទីនេះនៅក្នុងបទសម្ភាសជាមួយប្រជាជនជាង ២០ នាក់នៅក្នុងស្រុកចំនួន ២ គឺស្រុកព្រៃឈរ និងស្រុកកំពង់សៀម។
អ្នកស្រី ជា ស្រីពៅ អាយុ ៥២ ឆ្នាំដែលជាអ្នកលក់នំនៅផ្លូវដីមួយប្រហែល ៥ គីឡូម៉ែត្រក្រោយផ្សារព្រៃឈរដែលរកចំណូលបានប្រហែលមួយម៉ឺនរៀល (២,៥០ ដុល្លារ) ក្នុងមួយថ្ងៃបានថ្លែងថា៖ «ខ្ញុំបានតាមដានវានៅក្នុងវិទ្យុ។ ប្រសិនបើគាត់មានរឿងអាស្រូវផ្លូវភេទ វាជារឿងរបស់គាត់ វាមិនប៉ះពាល់រឿងប្រទេសជាតិទេ»។
«តើអ្វីទៅជាទស្សនៈរបស់ខ្ញុំ? ខ្ញុំបានដឹងថាពេលខ្លះមនុស្សមួយចំនួនកំពុងនិយាយថាពួកគេត្រូវការការផ្លាស់ប្តូរប៉ុន្តែខ្លួនខ្ញុំផ្ទាល់ខ្ញុំភ័យខ្លាចមិនហ៊ាននិយាយអំពីរឿងនេះទេ»។ «ខ្ញុំគ្រាន់តែគិតអំពីរឿងលក់នំរបស់ខ្ញុំហើយនៅថ្ងៃបោះឆ្នោតខ្ញុំទៅបោះឆ្នោត»។
អ្នកស្រី ស៊ាង ហៃ អាយុ ៤២ ឆ្នាំដែលជាកសិករបានថ្លែងថារឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា មិនប៉ះពាល់ជីវិតរបស់អ្នកស្រីទេហើយដូច្នេះវាមិនប៉ះពាល់ដល់ចិត្តរបស់អ្នកស្រីឲ្យឈប់គាំទ្រលោក កឹម សុខា ទេ។
អ្នកស្រី ហៃ បន្តថា៖ «ខ្ញុំមិនមើលឃើញថាគាត់ខុសពីមុនទេឥឡូវនេះ។ នោះជាបញ្ហាធម្មតារបស់បុរសភាគច្រើនបំផុតហើយខ្ញុំមិនមានការចោទប្រកាន់ណាមួយទៅលើគាត់ទេ។ [គណបក្សប្រជាជន] ធ្វើជ្រុលពេកហើយចំពោះរឿងនេះពួកគេមើលមិនឃើញកំហុសខ្លួនឯង»។
អ្នកស្រី ហៃ បន្តថាកេរ្តិ៍ឈ្មោះល្អរបស់លោក សុខា បានការពារលោកពីការធ្លាក់ចុះប្រជាប្រិយភាពដែលព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានជួបប្រទះនៅក្នុងឆ្នាំ ២០០៦ ដែលលោក ហ៊ុន សែន បានចាប់ផ្តើមវាយប្រហារព្រះអង្គចំពោះការយកអ្នកម្នាង អ៊ុក ផល្លា ជាភរិយាបច្ចុប្បន្នរបស់ព្រះអង្គថាជាកំហុស។ «ភាពខុសគ្នាគឺថា លោក កឹម សុខា យកចិត្តទុកដាក់ចំពោះប្រជាជន…។ អ្វីដែលខ្ញុំបានឃើញគឺថាការគាំទ្ររបស់គាត់គឺបន្តកើនឡើង»។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ជាដដែលៗបានរត់គេចចេញពីប្រទេសដើម្បីចៀសពីការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបរិហារកេរ្តិ៍អតីតរដ្ឋមន្រ្តីការបរទេសហើយជំហររឹងមាំរបស់លោក កឹម សុខា នៅក្នុងប្រទេសដើម្បីឈរតតាំងជាមួយលោក ហ៊ុន សែន គឺជាការពិសោធមួយមិនធ្លាប់មានពីមុនមក។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថាលោកមិនបារម្ភចំពោះការគាំទ្ររបស់គណបក្សសង្គ្រោះជាតិទេហើយលោកថាការគាំទ្ររបស់គណបក្សប្រជាជននៅតែខ្លាំង។
លោកថ្លែងថា៖ «យើងគ្មានការបារម្ភពីព្រោះយើងបានព្យាយាមកសាងសមិទ្ធផលរាប់មិនអស់សម្រាប់ប្រជាជនហើយប្រសិនបើពួកគេមិនអាចឃើញលទ្ធផលទាំងនោះនោះជាបញ្ហារបស់ប្រជាជន។ វាជាសិទ្ធិរបស់ប្រជាជនប៉ុន្តែយើងមានសុទិដ្ឋិនិយមពួកគេបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា»។
លោកបន្តថា៖ «ក្នុងនាមឲ្យគណបក្សប្រជាជនយើងមិនដែលភ័យខ្លាចអំពីការបោះឆ្នោតទេ»។ «ចំពោះការសម្ភាសទាំងនោះវាគឺដោយសារកាសែតភ្នំពេញប៉ុស្តិ៍ទៅសម្ភាសតែប្រជាជនដែលគាំទ្រគណបក្សប្រឆាំង។ ហេតុដូច្នេះនេះជាលទ្ធផល»។
ទោះបីយ៉ាងណាក្តីនៅជុំវិញតំបន់ទាំងនេះវាពិបាកស្វែងរកនរណាដែលមានឆន្ទៈនិយាយថាពួកគេគាំទ្រគណបក្សប្រជាជនណាស់។ ស្លាកសញ្ញាគណបក្សប្រជាជនដែលមានស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានយកចេញពីមុខការិយាល័យរបស់ខ្លួនសម្រាប់ឃុំជ្រៃវៀន។ បើតាមស្រ្តីចំណាស់ម្នាក់ដែលរស់នៅកន្លែងដែលស្លាកនេះត្រូវបានដកចេញបានឲ្យដឹងថាមេឃុំឈ្មោះ សំរិទ្ធ អូន កំពុងនៅភ្នំពេញ។ ថ្លែងតាមទូរស័ព្ទលោក អូន បានទទួលស្គាល់ថាបញ្ហារបស់លោក សុខា កាលពីឆ្នាំមុនមានការប៉ះពាល់តិចតួចក្នុងតំបន់របស់លោក។ «ពួកគេមិនខ្វល់អំពីរឿងនោះទេ។ ខ្ញុំមិនដឹងថាមូលហេតុអ្វីប៉ុន្តែចំពោះករណី (លោក កឹម សុខា) នេះពួកគេមិនយកចិត្តទុកដាក់ទេ»។
ទោះយ៉ាងណាក្តី លោកបានថ្លែងដូចភ័ស្តុតាងដែលថាប្រជាជនមិនដកការគាំទ្រគណបក្សសង្គ្រោះជាតិទេប៉ុន្តែលោកថាគណបក្សសង្គ្រោះជាតិគឺអសកម្មនៅក្នុងឃុំដែលគ្រប់គ្រងដោយគណបក្សប្រជាជន។
លោក អូន បានថ្លែងដោយចង្អុលទៅសកម្មភាពរបស់គណបក្សប្រឆាំងនៅក្នុងខែមិថុនា ឆ្នាំ ២០១២ ថា៖ «យើងមិនបានឃើញសកម្មភាពណាមួយដែល [បង្ហាញថា] ពួកគេគាំទ្រគណបក្សប្រឆាំងទេ។ មានមនុស្សតែ ៣៦ នាក់ដែលទៅចូលរួមកិច្ចប្រជុំជាមួយពួកគេប៉ុន្តែពួកគេនិយាយថាពួកគេមានប្រជាជនច្រើនគាំទ្រពួកគេ»។
បើទោះបីជាមនុស្សដែលធ្លាប់ជាបេក្ខជនសំខាន់ក្នុងការគាំទ្រគណបក្សប្រជាជនក្នុងរយៈកាលពីរទសវត្សរ៍កន្លងមកឥឡូវនេះហាក់បីដូចជាស្ទាក់ស្ទើរមិននិយាយអាក្រក់អំពីមេដឹកនាំគណបក្សសង្គ្រោះជាតិ ឬទទួលស្គាល់ថាខ្លួនគាំទ្រគណបក្សកាន់អំណាចនោះទេ។
លោក ឱម អ៊ី អាយុ ៦៣ ឆ្នាំដែលជាទាហានចូលនិវត្តន៍ម្នាក់ដែលនៅពាក់អាវយោធាបានថ្លែងអំពីលោក កឹម សុខា ថា៖ «គាត់ជាអ្នកស្នេហាជាតិ»។
លោកបានបដិសេធបង្ហាញថា តើលោកនឹងបោះឆ្នោតឲ្យគណបក្សណាទេប៉ុន្តែលោកថារឿងអាស្រូវផ្លូវភេទមិនបានផ្លាស់ប្តូរទស្សនៈរបស់លោកចំពោះលោក សុខា ទេ។ «វាដដែលគាត់មិនអាក្រក់ទេ»។ លោកបន្តថា៖ «យើងគ្រាន់តែចង់ឃើញគណបក្សទាំងពីរត្រូវគ្នាល្អ។ យើងមិនចង់ឃើញពួកគេសម្លាប់គ្នាទៅវិញទៅមកទេ។ យើងចង់ឲ្យប្រទេសយើងសុខសប្បាយ»។
លោក រុន ប៊ុនធឿន អាយុ ៣៨ ឆ្នាំដែលជាអ្នកចៀរជ័រកៅស៊ូនៅចម្ការកៅស៊ូនៅក្នុងខេត្តត្បូងឃ្មុំដែលជាខេត្តជិតខាងដែលលោករកចំណូលបានពី ៣០ ម៉ឺនទៅ ៤០ ម៉ឺនរៀលក្នុងមួយខែបានថ្លែងថាការបោះឆ្នោតគឺនិយាយអំពីស្តង់ដាររស់នៅមិនមែននិយាយអំពីរឿងអាស្រូវផ្លូវភេទទេ។ «នៅក្នុងស្រុករបស់ខ្ញុំប្រជាជនកំពុងឈឺចាប់ដោយសាររោងចក្រឲ្យប្រាក់ខែយើងតិចតួចឥឡូវនេះប្រជាជនថែមទាំងលួចជ័រកៅស៊ូដើម្បីរស់ហើយប្រសិនបើមេរបស់យើងឮយើងនិយាយអំពីគណបក្សសង្គ្រោះជាតិពួកគេនឹងដេញយើងចេញ។ ប៉ុន្តែនៅទីនេះនរណាក៏គាំទ្រគណបក្សសង្គ្រោះជាតិដែរ»។ «ពួកគេនឹងឈ្នះនៅទីនេះ។ កំពង់ចាមគឺជាទឹកដីរបស់គណបក្សសង្គ្រោះជាតិឥឡូវនេះ»៕ PS


