ភ្នំពេញៈ យុវជនកូនខ្មែរពីរនាក់ជាប់ជយលាភីលេខ ២ រួមជាមួយរង្វាន់ ៨០០០ ដុល្លារ ក្នុងការប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ៥ ផ្សេងទៀត លើកម្មវិធីប្រឡងជួញដូរមូលបត្រ ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ ២០១៥ (CIMB ASEAN Stock Challenge 2015) កាលពីដើមសប្តាហ៍នេះ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខណៈយុវជនសិង្ហបុរី បានលេខ ១ និងរង្វាន់ ១២ ០០០ ដុល្លារអាមេរិក និងដំណើរទស្សនកិច្ចទៅទីក្រុង ឡុងដ៍។
យុវតី ខន ស៊ីថា ប្រធានក្រុម Flexie តំណាងឲ្យនិស្សិតកម្ពុជាក្នុងការប្រកួតនេះ បានប្រាប់គេហទំព័រ យុវវ័យ LIFT នាព្រឹកថ្ងៃនេះថា៖ «ក្នុងការប្រកួតនេះ គេគាំទ្រសមត្ថភាពប្រទេសយើងច្រើន ដោយយើងបានលើកយកចំណេះដឹងលើវិស័យទីផ្សារមូលប័ត្រ រួមគ្នាជាមួយបច្ចេកវិទ្យា ដែលប្រទេសគេដ៏ទៃនៅមិនទាន់ធ្វើដូចយើង»។
យុវតីកំពុងរៀនជំនាញធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ ហ្សាម៉ាន់ រូបនេះបន្ដថា ក្នុងការប្រកួត ក្រុមយើងបានជ្រើសរើសយកទីផ្សារមូលប័ត្រប្រទេស ហុងកុង មកដោះស្រាយ ព្រោះយើងសម្លឹងឃើញពីការការប្រែប្រួល និងការធ្លាក់ចុះកាលពីប៉ុន្មានខែកន្លងមកនេះ ហើយយើងអាចប៉ាន់ស្មានដឹងថា វានឹងឡើងវិញប៉ុន្មានខែខាងមុខទៀត។
បន្ទាប់ពីជាប់លេខ ១ ក្នុងការប្រកួតជាមួយសាកលវិទ្យាល័យក្នុងស្រុក យុវជន បាញ់ ឈូឡុង ជានិស្សិតសាកលវិទ្យាល័យ ហ្សាម៉ាន់ និងជាសមាជិកក្នុងក្រុមបានប្រាប់ឲ្យដឹងដែរថា៖ «ដើម្បីទទួលបានជយលាភីនេះ គឺយើងត្រូវប្រើយុទ្ធសាស្ត្រក្នុងការប្រកួតលើទីផ្សារមូលប័ត្រនេះ ដោយយើងត្រូវប្រើយុទ្ធ សាស្រ្ដយ៉ាងណា ដើម្បីឲ្យចំណូលរបស់យើងឡើងខ្ពស់ជាងគូរប្រកួត»។
កំពុងសិក្សាឆ្នាំទី៣ លើជំនាញគ្រប់គ្រងពត៌មានវិទ្យា ឈូឡុង បន្ដថា «ដើម្បីបង្កើនចំណេះដឹងនៃទីផ្សារមូលប័ត្រនេះ ដំបូងយើងត្រូវយកទ្រឹស្ដីដែលបានរៀននៅសាលាយកមកអនុវត្ដន៍ និងត្រូវអានសៀវភៅឲ្យបានច្រើនអំពីទីផ្សារមូលប័ត្រ»។

គួររំលឹកថា នេះជាលើកទីពីរហើយក្នុងប្រវត្ដិ នៃការប្រកួតប្រជែងកម្មវិធីប្រឡងជួញដូរមូលបត្រ ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ដែលប្រទេសកម្ពុជា បានប្រកួតជ្រើសរើសនិស្សិតខ្លាំង លេខ ១ ក្នុងស្រុក ទៅប្រកួតជាលក្ខណៈអាស៊ាននៅប្រទេសម៉ាឡេស៊ី និងជាលើកទីពីរផងដែរ ដែលនិស្សិតតំណាងប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ២ ទាំងពីរលើកជាប់គ្នា ខណៈប្រទេសក្នុងតំបន់អាស៊ាន ៥ ទៀតបានចូលរួម ក្នុងនោះមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងកម្ពុជា។
កម្មវិធីប្រឡងជួញដូរមូលបត្រ ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាននេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយធនាគារ ស៊ីអាយអិមប៊ី (CIMB) និងដៃគូរសហការមួយចំនួនទៀត ក្នុងគោលបំណងឲ្យនិស្សិតក្នុងតំបន់ដែលមានសមត្ថភាព ក្នុងការប្រកួតប្រជែង មកចូលរួមផ្ដល់បទពិសោធន៍ អំពីការជួញដូរ និងការផ្លាល់ប្ដូរ លើវិស័យទីផ្សារមូលប័ត្រ ជាមួយដៃគូរមួយចំនួនដូចជា Bursa ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ផ្សារភាគហ៊ុន (IDX) ផ្សារហ៊ុនសិង្ហបុរី (SGX) ផ្សារហ៊ុនថៃ (SET) និង ផ្សារភាគហ៊ុនហុងកុង (HKEx) ជាដើម៕


