ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំងចាស់វស្សា ឡៅ ស៊ីណាត ដែលកំពុងដេកព្យាបាលជើងបាក់នៅមន្ទីរពេទ្យ រុស្ស៊ី យ៉ាងសង្វេគនោះអាចនឹងឈប់ឡើងប្រដាល់តែម្តងហើយបញ្ហាប្រឈមនូវចំពោះមុខពេលនេះគឺ ស៊ីណាត ត្រូវការជំនួយពីសប្បុរសជនជាចាំបាច់ដើម្បីព្យាបាលរបួសពិសេសសម្រួលដល់ការរស់នៅរបស់ប្រពន្ធដែលទើបកូនខ្ចី។
ក្នុងជំនួបផ្ទាល់នៅមន្ទីរពេទ្យរុស្ស៊ីកាលពីព្រឹកថ្ងៃពុធ ឡៅ ស៊ីណាត ហាក់បាក់ទឹកចិត្តខ្លាំងចំពោះការបាក់ស្មងជើងខាងឆ្វេងទាំងស្រុងនៅពេលរូបគេបានទាត់ទៅប៉ះនឹងការលើកជង្គង់ទប់របស់កីឡាករថៃក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនបាយ័នកាលពីថ្ងៃទី ១៧ ខែមករាកន្លងមកនេះ។
ឡៅ ស៊ីណាត បាននិយាយថា៖ «ខ្ញុំពិតជាមានការសោកស្តាយខ្លាំងបំផុតនៅពេលដឹងថាជើងឆ្វេងរបស់ខ្ញុំត្រូវបាក់។ បើសិនជាជើងមួយនេះមានភាពអំណោយផលល្អឡើងវិញខ្ញុំនៅតែចង់ឡើងប្រកួតព្រោះខ្ញុំស្រឡាញ់ការប្រដាល់តាំងពីតូចប៉ុន្តែគ្រូពេទ្យបានប្រាប់ខ្ញុំថាខ្ញុំគួរតែឈប់ឡើងប្រដាល់ទៅ»។
ជាមួយសម្តីថ្នមៗដោយហាក់បង្ហាញពីការឈឺចាប់ជាមួយមុខរបួសដែលទើបវះកាត់ដាក់ដែកអមហើយនោះ ស៊ីណាត បាននិយាយថា៖ «គ្រូពេទ្យបានប្រាប់ថាដែកដែលវះដាក់អបឆ្អឹងបាក់ខ្ញុំនេះគឺទុករហូតដល់ ១ ឆ្នាំទើបអាចវះដកចេញវិញបានហើយខ្ញុំមិនដឹងថាបានចេញពីពេទ្យថ្ងៃណានោះទេ។ ខ្ញុំបានចំណាយថ្លៃព្យាបាលអស់ជិត ៥០០ ដុល្លារហើយប៉ុន្តែលោកពូ នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកីឡានៅបាយ័នបានផ្ញើសារប្រាប់ខ្ញុំថាបាយ័ននឹងចេញថ្លៃព្យាបាលឲ្យខ្ញុំទាំងអស់បន្ទាប់ពីខ្ញុំយកវិក្កយបត្រនៃការចំណាយទៅឲ្យគាត់នោះរីឯឯកឧត្តមឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចឆត្រយោង ៩១១ បានជួយដល់ខ្ញុំចំនួន ១,១ លានរៀលដែរ»។
ដោយឡែកសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលជាអាណាព្យាបាលរបស់កីឡាករនោះនៅមិនទាន់បានប្រាប់ពីតម្រុយណាមួយក្នុងការជួយដល់ ស៊ីណាត នោះទេ។ ប៉ុន្តែលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រាប់កាលពីថ្ងៃអង្គារថា៖ «រឿងបញ្ហារបួស ឡៅ ស៊ីណាត ជាការជួយរួមគ្នាគឺខាងណាចង់ជួយក៏ជួយទៅប៉ុន្តែសម្រាប់ការសម្រួលថវិកាជាបន្ទាប់គួរតែសហព័ន្ធមុនគេ»។
ការដេកទន្ទឹងរង់ចាំថវិកាជួយជាលក្ខណៈផ្លូវការនេះវាហាក់ដាក់សម្ពាធទៅលើជីវភាពគ្រួសារជួបការខ្វះខាតរបស់សិស្សគណក្លិបកងពលតូចឆត្រយោង ៩១១ ឡៅ ស៊ីណាត មួយកម្រិតទៀត។ «វាពិតជាពិបាកណាស់បង! ខ្ញុំជាអ្នករ៉ាប់រងលើគ្រួសារហើយការឡើងប្រដាល់ជាប្រភពចំណូលយ៉ាងសំខាន់ដល់គ្រួសារខ្ញុំព្រោះខ្ញុំអត់មានការងារអ្វីក្រៅពីនេះនោះទេអ៊ីចឹងពេលខ្ញុំឡើងប្រដាល់លែងកើតគ្រួសារខ្ញុំពិតជាជួបការលំបាកហើយពេលនេះប្រពន្ធរបស់ខ្ញុំទើបតែកូនខ្ចីទៅទៀត»។
ឡៅ ស៊ីណាត បានបន្តថា៖ «ខ្ញុំពិតជាត្រូវការជំនួយពីបងប្អូនដែលតែងតែស្រឡាញ់គាំទ្រដល់ខ្ញុំពិសេសលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយកាវិទ្យុ និងទូរទស្សន៍បាយ័នដែលតែងតែមានការសន្តោសប្រណីជួយដល់កីឡាកររងរបួសក្នុងពេលប្រកួតកន្លងមកព្រោះនៅក្នុងអំឡុងពេលជាង ១ ឆ្នាំដែលខ្ញុំត្រូវព្យាបាលរបួសឲ្យបានជាសះស្បើយនោះប្រពន្ធខ្ញុំដែលគ្មានការងារអ្វីធ្វើក្រៅពីការធ្វើស្រែនោះគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកប្រាក់មកផ្គត់ផ្គង់កូនតូចៗទាំង ២ ព្រមទាំងថ្នាំសង្កូវជាប្រចាំរបស់ខ្ញុំនោះទេ»។
ឡៅ ស៊ីណាត ដែលធ្លាប់ឈ្នះបានខ្សែក្រវាត់ចំនួន ២ ក្នុងប្រភេទទម្ងន់ខុសៗគ្នាក្នុងការឡើងប្រកួតតាំងពីឆ្នាំ ២០០១ មកនោះសព្វថ្ងៃនេះជាពលទាហានម្នាក់នៅកងពលតូចឆត្រយោង ៩១១។
ប៉ុន្តែ ស៊ីណាត បានបញ្ជាក់ជាចុងក្រោយថា៖ «បើខ្ញុំឡើងប្រដាល់មិនកើតក៏ខ្ញុំត្រូវធ្វើជាគ្រូបង្វឹក ឬចៅក្រមអាជ្ញាកណ្តាលដែរព្រោះបើខ្ញុំឈប់ទាំងស្រុងពីប្រដាល់គ្រួសារខ្ញុំនឹងជួបការលំបាកកាន់តែខ្លាំង»៕


