ភ្នំពេញៈ ទីបំផុតទារិកា ដែលជាចំណងស្នេហារវាងគូស្នេហ៍ដូចជាទុំទាវនាសម័យសតវត្សរ៍ទី ២១ ជាតារាសម្តែងទាំងគូគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស ដែលបានខិតខំពុះពារជម្នះនូវឧបសគ្គនាកាលគ្រាផ្អែមល្ហែម រួមរស់ជាមួយគ្នាមិនទាន់បានរៀបការ និងបានដល់ផ្លូវបំបែកដោយការលែងលះគ្នាប៉ុន្មានខែមុននេះ បានចាប់កំណើតហើយនៅឯមន្ទីរពេទ្យរ៉ូយាល់រតនៈ បន្ទាប់ពីរង់ចាំការឈឺពោះអស់ពេលច្រើនម៉ោងមក!
បើយោងតាមសារបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក អ៊ិន សុភិន ជាអគ្គនាយកនៃផលិតកម្មភាពយន្តមហាហង្ស និងជាឪពុកបង្កើតរបស់អ្នកនាង ភិន សុដាលីស នោះបានឲ្យដឹងថា៖ «កូនរបស់ស្រីខ្ញុំបានឆ្លងកាត់ការវះកាត់រួចរាល់ហើយដោយមិនអាចសម្រាលតាមធម្មតាបានមកពីកូនរបស់ សុដាលី ថ្លោសពិបាកសម្រាលបែបធម្មជាតិបាន»។
សារនោះក៏បន្តឲ្យដឹងនូវពេលវេលាកើតរបស់ទារិកាដែលនៅមុនពេលម្តាយសម្រាល គឺអ្នកនាង ភិន សុដាលីស ក៏បានបង្ហោះសារប្រាប់ឈ្មោះកូននាងរួចហើយមានឈ្មោះថា «Katherina» ខណៈលោក អ៊ិន សុភិន បង្ហោះសារប្រាប់ថា៖ «កូនរបស់កូនស្រីខ្ញុំកើតនៅវេលាម៉ោង ៤ និង ៤២ នាទី ល្ងាចនៃថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦។ អរគុណសម្រាប់មិត្តៗទាំងអស់»។

សាលក្រមលែងលះដែលបានចេញដោយចៅក្រមសាលាដំបូងកាលពីល្ងាចថ្ងៃទី ២០ ខែកក្កដាកន្លងមកនេះបានបញ្ចប់បដិវត្តន៍ស្នេហារបស់គូស្នេហ៍ជាតួអង្គទុំទាវសម័យទំនើបនៅសតវត្សរិ៍ទី ២១ គឺលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស ដែលកាលមុននេះពួកគេបានខិតខំពុះពារជម្នះរនាំងប្រពៃណី «នំមិនធំជាងនាឡិ» តែមិនបានយូរប៉ុន្មានក៏ផ្ដាច់និស្ស័យស្នេហ៍តាមផ្លូវច្បាប់ទៅវិញ។
ស្នេហាដែលដើមឡើយប្ដូរផ្តាច់រវាងតារាសម្តែងស្រី ភិន សុដាលីស កូនស្រីថៅកែកុនផលិតកម្មមហាហង្សលោក អ៊ិន សុភិន ជាមួយតារាសម្តែង និងពិធីករកំប្លុកកំប្លែងលោក ប៉ែន ចំរ៉ុង នោះ ឥឡូវបានមកដល់ផ្លូវបំបែកហើយ ដោយបន្សល់ទុកនូវតំណក់ឈាមកូនស្រីវ័យជិត ៧ ខែក្នុងផ្ទៃ ខណៈឪពុកម្តាយក៏មិនទាន់បានចូលរោងការក្រាបផ្ទឹមផងដែរ។
ក្រោយពីប្រកាសលែងលះគ្នាតាមផ្លូវច្បាប់របស់គូស្នេហ៍ដូចទុំទាវ ខិតខំពុះពារជម្នះរនាំងប្រពៃណី «នំមិនធំជាងនាឡិ» នាសម័យទំនើបសតវត្សរ៍ទី ២១ គឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស ខណៈពុំទាន់បានរៀបការ និងរួមរស់ជាមួយគ្នាមិនដល់មួយឆ្នាំដោយរត់ចោលការទទួលខុសត្រូវលើទារកក្នុងផ្ទៃមិនទាន់ឃើញពន្លឺព្រះអាទិត្យទៀតផងនោះ ក៏ស្រាប់តែឮល្ហៀងៗថា តារាសម្តែង និងពិធីករ សម្បូរសម្តីកំប្លុកកំប្លែងរូបនេះ ចាប់ផ្តើមធ្លាក់កូដនៅក្នុងទីផ្សារសិល្បៈជាបណ្តើរៗហើយ។
តែខណៈពេលនេះអតីតជាភរិយាមិនទាន់រៀបការ ឈឺពោះឆ្លងទន្លេនោះ ក៏គេក៏មិនបានឃើញលេចចេញនូវសកម្មភាពអ្វីសោះពីសំណាក់តារាប្រុស ប៉ែន ចំរ៉ុង៕


