ភ្នំពេញៈ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលលោកទៅដល់ប្រទេសអូស្រ្តាលីនៅថ្ងៃនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដោយសហព័ន្ធកម្ពុជា‑អូស្រ្តាលី។
អ្នករៀបចំការតវ៉ា ដែលជារួមមានលោក ហុង លឹម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរនៅរដ្ឋ Victoria បានអំពាវនាវឲ្យប្រជាជនខ្មែរអូស្រ្តាលីនៅរដ្ឋ Victoria ទាំងអស់» និង«មិត្តភក្តិនៃសហគមន៍នេះ»តវ៉ាប្រឆាំងនឹងឧត្តមសេនីយ៍ផ្កាយបីរូបនេះ នៅក្រៅពិធីទទួលនៅ Clayton South ក្នុងទីក្រុង Melbourne នៅម៉ោង៦ល្ងាច។ ពួកគេបានចាត់ទុកការប្រារព្ធពិធីស្វាគមន៍លោកហ៊ុន ម៉ាណែត ថា ជា «ការប្រមាថ និងការបំភិតបំភ័យ»ដោយសារពួកគេកំពុងរៀបចំពិធីកាន់ទុក្ខបុណ្យ១០០ ថ្ងៃ នៃការបាញ់សម្លាប់លោកកែម ឡីកាលពីថ្ងៃទី១០កក្កដា។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា៖ «ការបង្ករឿងបែបនេះពីរបបព្រៃផ្សៃនេះ ដែលប្រជាជនកម្ពុជាភាគច្រើនបំផុតជឿថា បានពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី គឺមិនអាចទទួលយកបាន និងទាមទារឲ្យមានការឆ្លើយតបសមស្រប»។ សេចក្តី ថ្លែងការណ៍បន្តថា ការតវ៉ានឹងធ្វើឡើងនៅរដ្ឋ Sydney និង Adelaide។
លោក លឹម ដែលជាសមាជិករដ្ឋ សភាមកពីគណបក្សការងារនៅក្នុងរដ្ឋ Victoria ត្រូវបានហាមប្រាមមិនឲ្យចូលប្រទេសកម្ពុជាកាលពីខែសីហា បន្ទាប់ពីហៅរដ្ឋាភិបាលថា«តិរច្ឆាន»បន្ទាប់ពីឃាតកម្មលោក កែម ឡី។
ថ្លែងកាលពីម្សិលមិញ ស្រ្តីម្នាក់ដែលជួយរៀបចំការតវ៉ា ប៉ុន្តែបដិសេធមិនបញ្ចេញឈ្មោះ បានអះអាងថា ប្រជាជនប្រមាណ ៥០០ នាក់នឹងចូលរួមតវ៉ា។
មុនពេលការចាកចេញកាលពីម្សិលមិញ លោក ម៉ាណែត បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា លោក ហុង លឹម និងក្រុមនេះ មានសិទ្ធិបង្ហាញទស្សនៈរបស់ខ្លួន ប៉ុន្តែបានអំពាវនាវឲ្យពួកគេគោរពនិងធ្វើទៅតាមច្បាប់។
លោកបានបន្ថែមថា៖ «ខ្ញុំមិនបារម្ភអំពីបាតុកម្មនេះទេ ពីព្រោះវាមិនមែនជាលើកទីមួយ… នៅពេលខ្ញុំនៅអាមេរិក មានច្រើនដងហើយ»៕ PS


