ភ្នំពេញៈ ពិសេសសម្រាប់សិស្ស និស្សិត ផ្នែកសិល្បៈនាដសាស្រ្តខ្មែរជំនាន់ក្រោយ ដោយនៅវេលាម៉ោង ៦ ល្ងាចថ្ងៃសុក្រទី ១ ខែមេសា នឹងមានការតាំងពិព័រណ៍រូបថតនាដកាខ្មែរ នាសម័យទសត្សរ៍ឆ្នាំ ១៩៧៣ ជាស្នាដៃដ៏កម្ររបស់អ្នកថតរូបជាតិអង់គ្លេសលោក ខូលីន ហ្រ្វាហ្វាន ក្រោមប្រធានបទថា «អ្នករបាំឆ្នាំ ១៩៧៣» នៅឯមជ្ឈមណ្ឌលបុប្ផាណា និងបន្តរហូតដល់ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១៦ ខាងមុខនេះ។
បើតាមគេហទំព័របុប្ផាណាបានឲ្យដឹថា លោក ខូលីន ហ្រ្វាហ្វាន ត្រូវបានអញ្ជើញជាភ្ញៀវពិសេសក្នុងកម្មវិធីពិព័រណ៍រូបថត «អ្នករបាំឆ្នាំ ១៩៧៣» ដើម្បីបង្ហាញពីរឿងរ៉ាវនៃការលំបាក ការតស៊ូ និងការប្រឹងប្រែង ដើម្បីរស់រានមានជីវិតរបស់ក្រុមនាដកាទាំងឡាយ ព្រមទាំងការរស់ឡើងវិញនៃរបាំបុរាណនេះ ដែលជាព្រលឹងរបស់ជាតិខ្មែរ។

លោកស្រី ម៉ិញ កុសនី ដែល បច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអតីតជានាដកាម្នាក់នៅសម័យទសវត្សរ៍ឆ្នាំ ១៩៧៣ ដែរនោះ បានបង្ហាញចំណាប់អារម្មណ៍ខ្លួនចំពោះការតាំងពិព័រណ៍រូបថតនេះថា៖ «ឥឡូវនេះពួកយើងមានវ័យសុទ្ធតែចាស់ ហើយក៏មិនរំពឹងថាសល់ជីវិតដល់សព្វថ្ងៃដែរ។ ខ្ញុំបានក្លាយជានាដកានៅវ័យ ៨ ឆ្នាំ និងចូលរួមក្នុងវិស័យរបាំនេះចំនួន ១០ ឆ្នាំ។ ពេលក្លាយជាគ្រូរបាំ ខ្ញុំក៏ឈប់សម្តែងដូចមុនទៀត។ នៅសម័យខ្មែរក្រហមនាងខ្ញុំក៏ខានបានបង្ហាញអំពីជំនាញរបាំនេះដែរ តែបន្ទាប់ពីឆ្នាំ ១៩៧៩ មកនោះក៏ចាប់ផ្តើមបង្រៀនរបាំនេះបន្ត»។
លោកស្រី បន្តថា៖ «ខ្ញុំគិតថា ពិព័រណ៍រូបថតនេះមានសារៈសំខាន់សម្រាប់រូបខ្ញុំ និងអ្នករបាំដទៃទៀតនាឆ្នាំ ១៩៧៣ ដែលនៅសេសសល់ជីវិតមកដល់ពេលនេះ។ ខ្ញុំសប្បាយចិត្ត ហើយក៏អរគុណផងដែរចំពោះលោក ខូលីន ហ្រ្វាហ្វាន ដែលនៅអាចរក្សារូបថតចាស់ៗទាំងនោះបានរហូតដល់បច្ចុប្បន្ន នេះ និងយកមកតាំងពិព័រណ៍នាពេលនេះ។ សម្រាប់រូបខ្ញុំផ្ទាល់វិញ មិនបានសល់រូបទាំងនោះឡើយដោយសារសង្គ្រាមបានបំផ្លាញអស់ហើយ»។
នាអំឡុងសង្រ្គាមស៊ីវិលនៅកម្ពុជានាឆ្នាំ ១៩៧៣ លោកខូលីន ហ្រ្ចាហ្វាន បានថតរូបជាច្រើន ពេលមានការសម្ដែងរបាំបុរាណដ៏កម្រ ហើយក៏គ្មានអ្នករបាំណាបានចាប់អារម្មណ៍នឹងគាត់ដែរ។
៣៣ ឆ្នាំក្រោយមក ស្រាប់តែមានអ្នករបាំម្នាក់បានជួបនឹងអ្នកថតរូបនេះដោយចៃដន្យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជំនួបនេះបាននាំឲ្យអ្នកថតរូប បានទៅជួបនឹងអ្នករបាំផ្សេងទៀតនៅក្នុងរូបថតម្ដងមួយៗបន្ទាប់ពីគាត់បាន ត្រឡប់មកប្រទេសកម្ពុជាសាជាថ្មីម្ដងទៀត៕


