ព្រះសីហនុៈ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុកាលពីម្សិលមិញបានចុះស្រាវជ្រាវករណីនាវាដឹកប្រេងមួយគ្រឿងដែលបានបើកបុកកំពង់ផែប្រេងឥន្ធនៈក្រុមហ៊ុនកម្ពុជាតេលាកាលពីថ្ងៃអង្គារដែលបានបង្កការខូចខាតយ៉ាងដំណំហើយយ៉ាងហោចសន្តិសុខម្នាក់ត្រូវគេសង្ស័យថាស្លាប់។
លោក កុល ផាលី ស្នងការរងខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាផែប្រេងបណ្ដោយប្រវែងជាង ១០០ ម៉ែត្រ និងទទឹងជាង ៨០ ម៉ែត្របានបាក់ស្រុតចូលទៅក្នុងសមុទ្របន្ទាប់ពីនាវាដឹកប្រេងក្រុមហ៊ុនតេលាមួយមកពីវៀតណាមបានបើកបុកកាលពីល្ងាចថ្ងៃអង្គារ។
លោកបានបន្តថាក្រុមកម្មករកំពង់ផែនោះជាច្រើននាក់ត្រូវបានក្រុមនាវិកនៃនាវាបង្កហេតុនោះជួយសង្គ្រោះបានភ្លាមៗលើកលែងតែសន្តិសុខម្នាក់ឈ្មោះ សែម វណ្ណៈ អាយុ ១៨ ឆ្នាំដែលស្នាក់នៅប្រចាំការក្នុងបន្ទប់បុស្តិ៍ត្រួតពិនិត្យលើផែនោះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនគ្រាដែលប៉ុស្តិ៍ត្រួតពិនិត្យនោះបានបាក់ព្រមជាមួយនឹងអគារការិយាល័យមួយចំនួនទៀត។
លោក ផាលី បានថ្លែងថា៖ «គិតត្រឹមម៉ោងបីរសៀលថ្ងៃពុធ [ម្សិលមិញ] ជនរងគ្រោះនៅមិនទាន់រកឃើញនៅឡើយទេ»។
ខណៈនេះដែរក្រុមសមត្ថកិច្ចកំពុងសាកសួរក្រុមនាវិក និងកម្មករមួយចំនួនពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុនេះ»។ លោកថា៖ «នេះជាករណីដំបូងដែលកើតនៅកម្ពុជា»។
ចំណែកលោក រស់ កី អធិការស្រុកស្ទឹងហាវបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាបុគ្គលិកកម្មករមួយចំនួនដែលបម្រើការនៅលើផែបានអះអាងថាការពិតនាវាដឹកប្រេងនោះត្រូវបើកចូលចតដើម្បីបូមប្រេងផ្ទេរចេញពីនាវាទៅកាន់ឃ្លាំងស្តុកប្រេងប៉ុន្តែមិនដឹងជាមានបញ្ហាបច្ចេកទេសអ្វីបានជាកាពីតែនមិនបន្ថយល្បឿនធ្វើឲ្យបុកចំពាក់កណ្ដាលអគារការិយាល័យត្រួតពិនិត្យ និងប្ដូរប្រេងដែលស្ថិតនៅលើផែនោះតែម្ដង។
លោកបានបញ្ជាក់ថា៖ «ទោះជាបែបណាក្រុមអ្នកបច្ចេកទេស,តំណាងក្រុមហ៊ុននៅមិនទាន់បានបំភ្លឺករណីនេះទេដោយពួកគេថាកំពុងប្រជុំពិភាក្សា និងសិក្សាពីទំហំនៃការខូចខាតជាមួយក្រុមហ៊ុនធានារ៉ាប់រងមួយផ្សេងទៀតខណៈកាពីតែនជាតិវៀតណាមឈ្មោះ ឡាង ថាមកពីខ្យល់បក់ខ្លាំង»។
នៅថ្ងៃម្សិលមិញផងដែរលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានជំរុញឲ្យស៊ើបអង្កេតល្អិតល្អន់ដើម្បីរកឲ្យឃើញពីមូលហេតុច្បាស់លាស់ និងស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនសហការសម្អាតប្រេងដែលកំពុងលេចធ្លាយពីនាវាចូលទៅក្នុងសមុទ្រដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់ផ្សេងទៀតដល់បរិស្ថាន និងសត្វសមុទ្រដែលនៅក្នុងតំបន់ឆ្នេរនោះ៕


