ជារឿយៗ នៅពេលដែលឈប់យានយន្តនៅតាមភ្លើងស្តុប អ្នកពិតបានលឺសម្លេងថា «ពូមីង! សុំមួយរយមកទិញបាយហូប» ពីកុមារសុំទានដែលតែងតែរង់ចាំឲ្យស្តុបក្រហម។ ខ្លះកាន់អំបោសស្លាប់មាន់មកបោសយានជំនិះរបស់អ្នក ហើយខ្លះទៀតបីប្អូនតូចមកសុំលុយ។
តើអ្នកមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលឃើញទិដ្ឋភាពក្នុងប្រទេសកម្ពុជាបែបនេះ?
កញ្ញា សេង មន្ថា អាយុ២១ ឆ្នាំ ជានិស្សិតវេជ្ជបណ្ឌិតឆ្នាំទី ៤ នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានលើកឡើងថា រាល់ពេលដែលនាងបានឃើញកុមារដើរសុំទាននៅតាមដងផ្លូវ នាងមានសេចក្តីអាណិតពួកគេយ៉ាងខ្លាំង ហើយនាងសង្ឃឹមថា នាងនឹងអាចជួយពួកគេបាននៅពេលដែលរៀនចប់។
កញ្ញានិយាយថា៖ «ក្នុងវ័យនេះ ពួកគេគួរតែទទួលបានការអប់រំ និងភាពកក់ក្តៅពីក្រុមគ្រួសារ តែពួកគេបែរជាត្រូវមកលើកដៃសុំទានយកប្រាក់ចិញ្ចឹមជីវិតទៅវិញ។ នៅពេលខ្លះ ខ្ញុំឃើញក្មេងខ្លះ សុំបានលុយហើយ យកលុយនោះទៅឲ្យឪពុកម្តាយ ឬមេរបស់ពួកគេដែលនៅជិតនោះ។ ខ្ញុំធ្លាប់លឺថា អ្នកទាំងនោះនឹងវាយពួកគេ បើពួកគេរកលុយមិនបាន»។
«នៅពេលដែលរៀនចប់ចេញធ្វើការ ខ្ញុំចង់បរិច្ចាគថវិកា ដែលខ្ញុំរកបានដើម្បីជួយពួកគេ ហើយក៏ចង់ជួយព្យាបាលជម្ងឺដល់ពួកគេ ដោយឥតយកប្រាក់ផងដែរ»។
កញ្ញា នួន នីតា អាយុ ២៦ ឆ្នាំ ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនឯកជនមួយរូប បានប្រាប់ LIFT ថា នាងក៏មានអារម្មណ៍អាណិតអាសូរកុមារសុំទានទាំងនោះដែរ ក៏ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏មានអារម្មណ៍ធុញទ្រាន់នឹងមួលម៉ៅផងដែរ។
នីតា និយាយថា៖ «ជាញឹកញយខ្ញុំបានឲ្យលុយពួកគេ ក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ធ្វើបែបនេះប្រៀបដូចជាលើកទឹកចិត្តពួកគាត់ឲ្យបន្តធ្វើបែបនេះ។ ខ្ញុំយល់ថា វិធីដែលល្អបំផុតក្នុងការជួយពួកគាត់ មិនមែនជាការផ្តល់ប្រាក់ឲ្យគាត់នោះទេ តែគឺការជួយគាត់ឲ្យឈប់ធ្វើបែបនេះ»។
«សម្រាប់កុមារសុំទានដែលកំព្រាឪពុកម្តាយ គួរតែត្រូវបានបញ្ជូនទៅមណ្ឌលកុមារកំព្រាដើម្បីទទួលបានការថែទាំ និងអប់រំ ឯកុមារដែលត្រូវបានឪពុកម្តាយប្រើឲ្យសុំទាន គួរតែឪពុកម្តាយរបស់គេទទួលបានការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខ្ញុំតែងតែចង់ធ្វើរឿងនេះ ក៏ប៉ុន្តែខ្ញុំពុំទាន់មានលទ្ធភាពនោះឡើយ»។
ដោយឡែក លោក សិរីមុនី ជាស្ថាបនិកបណ្ណាល័យចល័តសិក្សា ដែលតែងតែអូសរទះដាក់សៀវភៅមកសួនច្បារក្តាន់ពីរសម្រាប់មហាជនអានដោយឥតគិតថ្លៃនៅពេលល្ងាច និងបានប្រទះជាញឹកញយនូវក្មេងៗដើរសុំទាន បានលើកឡើងថា ទិដ្ឋភាពនេះវាឆ្លុះបញ្ចាំងពី «ភាពកម្សោយ» របស់រដ្ឋាភិបាល និងក្រសួងអប់រំ ក្នុងការថែទាំ និងគាំពារសិទ្ធិមូលដ្ឋានរបស់កុមារទាំងនោះ ក៏ដូចជាក្នុងការចាត់វិធានការចំពោះបុគ្គលដែលកេងប្រវ័ញ្ញលើកុមារ។
លោកបាននិយាយថា៖ «នៅប្រទេសមួយដែលមានកុមារសុំទាន និងមិនបានចូលសិក្សាច្រើន វាបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគាំពារសិទ្ធនៃការរស់រៀនមានជីវិត និងទទួលការអប់រំរបស់កុមារ។ ជាពិសេស ការប្រើកុមារឲ្យសុំទាន គឺជាការកេងប្រវ័ញ្ចទាំងស្រុងលើពលកម្មកុមារ»។
«ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែពង្រឹងលក្ខខណ្ឌជីវភាព និងការអប់រំនៅតាមមណ្ឌលកុមារនានាសម្រាប់កុមារទាំងនោះ ហើយក៏ត្រូវខិតខំប្រឹងប្រែងផ្តល់ការអបរំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈទៅដល់ឪពុកម្តាយរបស់ពួកគេ ឲ្យពួកគាត់មានការងារធ្វើត្រឹមត្រូវ ដើម្បីចៀសវាងការឲ្យកូនមកធ្វើបែបនេះ»៕


