ភ្នំពេញ៖ សាលារាជធានី ភ្នំពេញកំពុងសិក្សាពីគម្រោងសាងសង់ផ្លូវមាត់ទន្លេមួយខ្សែចេញពីខាងមុខផ្សាររាត្រីទៅដល់ស្ពានជ្រោយចង្វា ដោយថាដើម្បីមានលំហសាធារណៈ សួនច្បារ និងផ្លូវមាត់ទន្លេ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដើរកម្សាន្ត។
អភិបាលរាជធានីភ្នំពេញ លោក ប៉ាសុជាតិវង្ស បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៩ ខែសីហា ថាសាលារាជធានីភ្នំពេញមានគម្រោងស្ថាបនាលំហរសាធារណៈ សួនច្បារ និងផ្លូវថ្មើរជើងតាមមាត់ទន្លេពីម្តុំផ្សារចាស់រហូតដល់ស្ពានជ្រោយចង្វា។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថា ផ្លូវនេះនឹងចាប់ចេញពីម្តុំផ្សាររាត្រី ឬផ្សារចាស់ទៅដល់ស្ពានជ្រោយចង្វា។
លោកបន្តថា គម្រោងនេះស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ហើយថា ភាគីពាក់ព័ន្ធនឹងប្រជុំគ្នានៅលើកក្រោយទៀត ដើម្បីសិក្សាពីផលប៉ះពាល់របស់គម្រោងនេះ។
ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ លោក សារិន វណ្ណា ប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញដែរថា គម្រោងនេះសាលារាជធានីយកគំរូតាមប្រទេស សិង្ហបុរី ដោយថានៅតាមបណ្តោយមាត់ទន្លេមានផ្លូវសម្រាប់ដើរកម្សាន្ត រួមទាំងមានភោជនីដ្ឋាននៅជាប់ជាមួយផង។
លោកបន្តថា សាលារាជធានី នឹងបង្កើតឲ្យមានក្រុមការងារចំនួនពីរ គឺមួយសិក្សាលើឯកសារផ្លូវច្បាប់របស់ម្ចាស់ភោជនីដ្ឋានដែលរងផលប៉ះពាល់ និងមួយទៀតក្រុមអ្នកបច្ចេកទេសសាងសង់។
លោក សារិន វណ្ណា ឲ្យដឹងថាលើដីរបស់គម្រោងនេះមិនមានផ្ទះប្រជាពលរដ្ឋទេ តែលោកថាមានតែភោជនីយដ្ឋានមួយចំនួនដែលបានជួលដីឯកជនរបស់រដ្ឋប៉ុណ្ណោះ។ លោកថា តាមគម្រោងអាជ្ញាធរនឹងរំកិលទីតាំងភោជនីយដ្ឋានណាដែលប៉ះពាល់ជាមួយគម្រោងនេះ និងធានារក្សាទំហំផ្ទៃដីដដែល។
លោកបន្ថែមថា៖ «បានន័យថាបើយើងកាត់(ប្រវែង)ទទឹង(ដីរបស់គាត់)យើងបន្ថែមប្រវែងបណ្តោយឲ្យគាត់វិញ…យើងរក្សាអាជីវកម្មគាត់ដដែល…ពាក់ព័ន្ធសំណងអត់មានទេ ប៉ុន្តែយើងទុកទំហំដីឲ្យគាត់ដដែល យើងគូសស្តង់ដារអគារឲ្យគាត់ធ្វើតាមយើងវិញ ដូចជារចនាបទខ្មែរជាដើម…យើងយកលំនាំពីសិង្ហបុរីហ្នឹងមករៀបធ្វើហេដ្ឋារចនាសម្ព័ន្ធ»។
ទោះយ៉ាងណា ទាំងលោក មាន ចាន់យ៉ាដា និងលោក សារិន វណ្ណា មិនទាន់អាចបញ្ជាក់បានទេថា គម្រោងនេះនឹងត្រូវអនុវត្តនៅពេលណា ដោយពួកលោកថា គម្រោងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញបានបញ្ចប់គម្រោងផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេនេះមួយរួចមកហើយកាលពីពេលថ្មីៗនេះ ដោយផ្លូវនោះចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវាំងទៅដល់ស្ពានភ្លោះកោះពេជ្រ៕


