ខណៈពេលដែលយុវតីរស់នៅតាមជនបទជាច្រើនបានបោះបង់ការសិក្សា និងរត់មករកការងារធ្វើនៅតាមបណ្ដារោងចក្រនានាក្នុងរាជធានីភ្នំពេញ ក្នុងនោះយើងក៏មិនគួរមើលរំលងចំពោះនារីមួយភាគ តូចផ្សេងទៀតដែលបានចាប់អាជីពជាអ្នកបម្រើតាមផ្ទះនោះឡើយ។
ជាក់ស្តែង កញ្ញា វី បានវេចបង្វេចពីស្រុកកំណើតមកបម្រើការងារតាមផ្ទះក្នុងរាជធានី ភ្នំពេញតាំងពីអាយុ១៧ឆ្នាំដែលរហូតដល់ពេលនេះ វាមានរយៈពេលជាង១០ឆ្នាំហើយ។
ដោយសារតែជីវភាពទាល់ក្រពេក និងក្រោយពីឪពុកទទួលមរណភាពដែលបន្ទុករ៉ាប់រងគ្រួសារធ្លាក់លើ ម្ដាយទាំងស្រុង។ ដោយឃើញម្ដាយនឿយហត់ពីកិច្ចការចិញ្ចឹមមាន់ជ្រូកដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ ជាពិសេសការចិញ្ចឹមបីបាច់កូនៗទាំង៣នាក់ពេក កញ្ញា វី ត្រូវបង្ខំចិត្ដឈប់រៀនត្រឹមថ្នាក់ទី៥ និងធ្វើដំណើរមករកការងារធ្វើនៅភ្នំពេញ។
ដោយមានការណែនាំពីពូ បង្កើត កញ្ញាមិនបារម្ភអ្វីទេចំពោះម្ចាស់ផ្ទះដែលធ្វើការ ពីព្រោះពូបានស្គាល់ម្ចាស់ផ្ទះនោះយ៉ាងច្បាស់។
ស្ដ្រី មេផ្ទះរូបនេះបានបន្ដថា រយៈពេលជាង១០ឆ្នាំមកនេះ ជីវភាពរបស់ខ្លួនមានភាពធូរធារជាងមុនដែលអាចជួយផ្គត់ផ្គង់ ជីវភាពរបស់ម្ដាយជាស្ដ្រីមេម៉ាយ និងប្អូនប្រុសម្នាក់ទៀតក្នុងបន្ទុកដែលពួកគេរស់នៅក្នុងខេត្ដ ព្រៃវែង។
កញ្ញា វី បានលើកឡើងថា កញ្ញាទទួលបានប្រាក់ខែ៨០ដុល្លារក្នុងមួយខែដែលអាចជួយសម្រាលការ លំបាករបស់គ្រួសារច្រើនគួរសម។
និយាយបណ្ដើរ និងធ្វើម្ហូបបណ្ដើរ កញ្ញាបានបន្ថែមទាំងមុខញញឹមញញែមថា៖ «បើប្រៀបធៀបទៅនឹងប្រាក់ខែដែលកម្មការិនីទទួលបាន (បូករួមទាំងប្រាក់ថែមម៉ោង) ប្រាក់ខែរបស់ខ្ញុំតិចជាងប្រាក់ខែពួកគេច្រើនដែរ។ ប៉ុន្ដែពួកគេត្រូវចំណាយលើថ្លៃម្ហូប ផ្ទះជួល និងទឹកភ្លើងវាមិនសល់នោះទេ»។
កញ្ញាបានរៀបរាប់ពីកិច្ចការ ប្រចាំថ្ងៃថា កញ្ញាត្រូវងើបពីគេងនៅម៉ោង៥កន្លះព្រឹកដើម្បីធ្វើម្ហូបអាហារពេល ព្រឹកឲ្យទាន់វេលាដែលកញ្ញាអះអាងថា វាជាកិច្ចការរបស់ស្ដ្រីទូទៅប៉ុណ្ណោះ។
ក្រោយមក កញ្ញាបោសសម្អាតផ្ទះតាំងពីមុខរហូតដល់ក្រោយ ពីក្រោមរហូតដល់លើដែលកញ្ញាទទួលស្គាល់ថា វានឿយហត់បន្ដិច។
ជាធម្មតា ការងារស្ដ្រីមេផ្ទះតែងតែរវល់ឥតឈប់ឈរទេតាំងពីព្រឹកព្រលឹមទល់ ព្រលប់ ធ្វើមិនចេះចប់នោះទេ។ បន្ទាប់ពីបោសសម្អាតផ្ទះសម្បែង ស្ដ្រីមេផ្ទះម្នាក់ចាប់ផ្ដើមការងារស្លស្លុកសម្រាប់អាហារថ្ងៃត្រង់ពីម៉ោង៩តទៅ ហើយសល់ពេលវេលាតិចតួច កញ្ញាអាចសម្រាកមកធ្វើកិច្ចការខ្លួនឯងបន្ដិច។
នៅម៉ោង២រសៀល កញ្ញាបន្ដកិច្ចការបោកសម្លៀកបំពាក់ និងត្រៀមរៀបចំអាហារពេលល្ងាចបន្ដទៀត ទើបអាចដកឃ្លាបន្ដិច។
ដោយ មានទឹកមុខញញឹមស្រស់ស្រាយ ស្ត្រីមានវ័យ២៧ឆ្នាំរូបនេះបាននិយាយថា៖ «រាល់ថ្ងៃ ការងារផ្ទះគឺវាតែប៉ុណ្ណឹង មិនចេះចប់ទេ។ តែខ្ញុំមិនធុញទ្រាន់ទេដោយសារវាជាកិច្ចការដែលខ្ញុំពេញចិត្ដ »។
ពាក់ព័ន្ធនឹងប្រាក់ខែដែលសឹងតែសល់ទាំងអស់ចំពោះខែ នីមួយៗ កញ្ញាវីបានស្នើសុំម្ចាស់ផ្ទះបើកត្រឹមតែ២ដងក្នុងមួយឆ្នាំ គឺនៅថ្ងៃបុណ្យចូលឆ្នាំថ្មី និងថ្ងៃបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះពីព្រោះកញ្ញាមិនចាំបាច់ចំណាយលើ ការហូបចុក ឬថ្លៃឈ្នួលផ្ទះនោះទេ។
នារីធ្វើការតាមផ្ទះដែល មានបទពិសោធជាង១០ឆ្នាំរូបនេះបានពន្យល់ថា៖ «មូលហេតុដែលខ្ញុំចាប់មុខរបរនេះ ដោយសារតែខ្ញុំមិនចាំបាច់ចំណាយលើការរស់នៅប្រចាំថ្ងៃផ្ទាល់ ខ្លួន។ ដូច្នេះប្រាក់ខែរបស់ខ្ញុំ ខ្ញុំអាចសន្សំវាទុកសម្រាប់ជួយក្រុមគ្រួសារនៅឯស្រុកកំណើត»។
ឆ្លើយតបនឹងទស្សនៈដែលថាកិច្ចការផ្ទះនឿយហត់ និងគ្មានសេរីភាពក្នុងការដើរហើរនោះកញ្ញាបានប្រាប់ថា បម្រើការងារតាមផ្ទះមិនមែនជាកិច្ចការលំបាកទេ។ កញ្ញាបានបញ្ជាក់ថា៖ «វាជាការងារដែលស្ដ្រីខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ថ្ងៃ។ ដូច្នេះវាមិនធ្ងន់ធ្ងរអ្វីសម្រាប់រូបខ្ញុំទេ។ បើទោះបីជាទៅធ្វើកិច្ចការណាក៏ដោយ ក៏យើងចៀសមិនផុតពីការងារផ្ទះនោះទេ»។
កញ្ញាបានទទួលស្គាល់ថា ៖ «ការងារជាមេផ្ទះ ពិតជាពិបាកដើរលេងទៅណាមកណាដូចជាការងារផ្សេងៗនោះទេ ពីព្រោះតួនាទីរបស់យើងគឺធ្វើកិច្ចការផ្ទះ មិនមែនមកដើរលេងទេ»។
កញ្ញា បន្ថែមថា នៅពេលយើងធ្វើការងារបានល្អ ប្រាក់ខែក៏បានកើនតាមនោះ ហើយម្ចាស់ផ្ទះគាត់ក៏គោរពស្រឡាញ់យើងផងដែរ៕


