ដោយសារ ជីវភាពគ្រួសារពុំមានលទ្ធភាពជួយទ្រទ្រង់សេដ្ឋកិច្ច យុវជន ធាវ បូរិទ្ធ ដែលបញ្ចប់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យនៅខេត្តកំពង់ធំ បានងាកមករៀនបច្ចេកទេសអគ្គិសនីរយៈពេល២ឆ្នាំនៅសាលាបច្ចេកទេសដុនបូស្កូ។ រយៈពេលប្រាំឆ្នាំក្រោយបញ្ចប់ការសិក្សាបច្ចេកទេស បូរិទ្ធ ខិតខំប្រឹងប្រែងធ្វើការរហូតពេលនេះក្លាយទៅជាអ្នកម៉ៅការផ្នែក អគ្គិសនីដែលមានកម្មករផ្ទាល់ខ្លួន១៥នាក់។ លើសពីនេះ លោកថែមទាំងមានជំនាញផ្នែករៀបចំប្រព័ន្ធទឹកមួយទៀតដែលលោក រៀនស្វែងយល់ដោយខ្លួនឯង។
លោករៀបរាប់ពីពេលវេលានៃការសិក្សា ថ្នាក់បច្ចេកទេសនៅសាលាបច្ចេកទេសដុនបូស្កូថា៖ «ខ្ញុំប្រឡងជាប់អាហារូបករណ៍ទាំងស្រុង ហើយខ្ញុំត្រូវបង់តែ១៥ដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ»។
ក្នុង ឆ្នាំ២០០៩ ពេលដែលបញ្ចប់ការសិក្សាភ្លាម លោកក៏ចាប់ផ្ដើមធ្វើការភ្លាមដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជាមួយនឹងការងារដំបូងជាជាងជួសជុលភ្លើងម្នាក់នៅតាមក្រុមហ៊ុន ឯកជន។
បូរិទ្ធ ថែមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសទៀតផង ដែលជាទុនសម្រាប់ទំនាក់ទំនងជាមួយជាជនជាតិបរទេសដែលពួកគេពេញចិត្តនឹងការជួលគាត់ឲ្យជួសជុលភ្លើងយ៉ាងខ្លាំង។ បូរិទ្ធ ប្រាប់ថា៖ «ពេលយើងទៅធ្វើភ្លើងឲ្យគេ យើងនិយាយទៅស្ដាប់គ្នាយល់ ហើយខ្ញុំអាចសន្ទនាជាមួយអតិថិជនជាភាសាអង់គ្លេសពីបញ្ហាដែលត្រូវ ជួសជុល»។
ពីមួយថ្ងៃទៅមួយថ្ងៃ ការងារកាន់តែច្រើនឡើង ហើយក្រោយ៣ឆ្នាំកន្លងផុត យុវជនវ័យ២៥ឆ្នាំរូបនេះក៏បានចាប់ផ្ដើមធ្វើជាអ្នកម៉ៅការដោយ ខ្លួនឯងចាប់ពីឆ្នាំ២០១២។ លោកចាប់ផ្ដើមរៀនជំនាញថ្មីមួយទៀតគឺការរៀបប្រព័ន្ធទឹក ដោយបានប្រាប់មូលហេតុថា៖ «ភាគច្រើននៅពេលទៅធ្វើភ្លើង អតិថិជនសួរថា ចេះធ្វើទឹក ឬអត់? ហើយពួកគាត់ឲ្យជាយោបល់ថា គួរតែរៀនឲ្យចេះទាំងពីរ។ ជាពិសេសនៅតាមការដ្ឋានស្ទើរតែទាំងអស់ដែលខ្ញុំធ្លាប់បានធ្វើ ជាងភ្លើង និងទឹក ត្រូវតែនៅក្នុងក្រុមតែមួយដើម្បីមានភាពងាយស្រួលដល់អតិថិជន»។
លោកបានបន្ដប្រាប់ពីការផ្ដល់សេវាកម្មជូនអតិថិជនថា៖ «ការងាររបស់ខ្ញុំត្រូវតែស្អាត ទាំងមុនពេលធ្វើ និងក្រោយពេលធ្វើ។ សុខចិត្តយឺតចុះឲ្យតែស្អាត និងមានគុណភាព»។
លោក សង្កេតឃើញថា ទីផ្សារបច្ចុប្បន្នកំពុងតែអំណោយផលដល់មុខរបរនេះ ដោយលោកបានលើកឡើងថា ក្នុងមួយសប្តាហ៍ លោកទទួលបានអតិថិជនពី៣ទៅ៤នាក់។
ដើម្បីបំពេញតម្រូវការ អតិថិជន បូរិទ្ធ បានប្រមូលយុវជនដែលគ្មានការងារធ្វើមករួមកិច្ចការជាមួយ ដោយលោកបណ្ដុះបណ្ដាលពួកគេ និងផ្ដល់កម្រៃពួកគេចាប់ពី១០០ដុល្លារឡើងទៅក្នុងមួយខែ។ លោកបានអះអាងថា៖ «អ្វីដែលជាមោទនភាពចំពោះខ្ញុំគឺខ្ញុំអាចបង្រៀនគេឲ្យធ្វើការ រកកម្រៃបាន។ ជាក់ស្ដែង ក្មេងៗនៅក្នុងភូមិដែលចូលចិត្តដើរលេង អត់ស្ដាប់ឪពុកម្ដាយ ពេលមកធ្វើការ ពួកគេស្ដាប់ខ្ញុំ។ ខ្ញុំសប្បាយចិត្តនៅពេលដែលបានណែនាំយុវជន និងបានផ្ដល់ជំនាញដល់ពួកគេ»។
យ៉ាងណាមិញ អ្នកម៉ៅការរូបនេះ មិនទាន់ហ៊ានបណ្ដោយឲ្យកូនជាងទាំងនោះធ្វើការផ្នែកអគ្គិសនីទេ គឺអាចត្រឹមផ្នែករៀបចំ និងជួសជុលប្រព័ន្ធទឹកសិន ពីព្រោះអគ្គិសនីមានគ្រោះថ្នាក់ខ្លាំងបើសិនមិនយល់ច្បាស់។
ទន្ទឹម នឹងជំនាញ និងសេវាកម្មល្អជូនអតិថិជន លោកបែរជាលំបាកក្នុងការទូទាត់ប្រាក់ជាមួយអតិថិជនទៅវិញ ដោយលោកប្រាប់ថា៖ «ខ្ញុំព្រួយណាស់ពេលធ្វើការម្ដងៗ។ ខ្ញុំព្យាយាមមិនឲ្យអតិថិជនទាស់ចិត្តទេ ជាពិសេសពេលទៅធ្វើនៅផ្ទះគេអ្នកមាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា កិច្ចការរបស់លោកមិនមែនជាការងារដែលត្រូវធ្វើទៅទាមក្បួនច្បាប់ ច្បាស់លាស់ទាំងអស់នោះទេ តែត្រូវស្វែងយល់តាមរយៈបទពិសោធផ្សេងៗគ្នា។ លោកបានលើកជាឧទាហរណ៍ថា៖ «ដូចជាការរៀបចំប្រព័ន្ធទឹកបង្គន់ យើងត្រូវស្វែងយល់ពីបច្ចេកទេសតាមរយៈបទពិសោធដើម្បីដឹងថា ធ្វើយ៉ាងណាឲ្យទឹកហូរចេញចូលដោយរហ័ស។ ប្រព័ន្ធទឹកស្អាត ទឹកក្ដៅអ្វីក៏ត្រូវការការសិក្សាស្វែងយល់ដែរ»។
ថ្ងៃអនាគត បូរិទ្ធ ចង់ពង្រីកក្រុមការងារឲ្យមានច្បាស់លាស់តាមមុខជំនាញដែលអតិថិជន ត្រូវការរហូតដល់ក្រុមថែទាំថែមទៀត។ លោកប្រាប់ថា លោកស្រឡាញ់កិច្ចការនេះណាស់ ដោយបានលើកឡើងថា៖ «ខ្ញុំចង់ប្រាប់ថា ការងារខ្ញុំនេះអាចជួយខ្លួនខ្ញុំ និងក្រុមគ្រួសារឲ្យរស់នៅបានដោយស្រួល។ ការងារខ្ញុំហត់កាយ តែសប្បាយចិត្ត»៕


