តើអ្នកយល់យ៉ាងណាពេលឮយុវជននិយាយពីបញ្ហាសុខភាពផ្លូវភេទនៅទីសាធារណៈ?
លោក ប៉ិច សុវណ្ណា អាយុ២០ឆ្នាំ ជានិសិ្សតឆ្នាំទី២ ផ្នែកវិស័យកម្ម នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកវិទ្យា
«ស្ដ្រីខ្មែរ គួរតែចេះផ្ដល់តម្លៃឲ្យខ្លួនឯង។ ខ្ញុំមិនលើកទឹកចិត្ដឲ្យពួកគាត់និយាយពីបញ្ហាផ្លូវភេទនៅទីសាធារណៈជាដាច់ខាត។ ផ្នត់គំនិតវប្បធម៌ខ្មែរយើង គឺលើកកម្ពស់នារីភេទជាចម្បង ដូច្នេះ ពួកគាត់ត្រូវតែធ្វើជាគំរូល្អក្នុងសង្គម ពីព្រោះបញ្ហាផ្លូវភេទគឺជារឿងរសើប និងគួរឲ្យខ្មាសអៀន។ បើនិយាយប៉ាតណាប៉ាតណី ចុះតើតម្លៃនារីខ្មែរដ៏ប្រពៃនឹងទៅជាយ៉ាងណាវិញដែរ? ចំពោះអ្នកដែលនិយាយបញ្ហានោះ ខ្ញុំអាចនិយាយបានថា ពួកគាត់អស់ព្រម្មចារីហើយ ទើបគ្មានការខ្មាសអៀនដូច្នេះ ពីព្រោះមិត្ដភក្ដិនារីត្រឹមត្រូវរបស់ខ្ញុំ មិនដែលលើកយកបញ្ហាមកនិយាយនៅទីសាធារណៈឡើយ»៕
កញ្ញា នង ច័ន្ទមល្លិកា អាយុ២៣ឆាំ្ន ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
«បញ្ហាផ្លូវភេទ គួរតែត្រូវបានបើកចំហ។ខ្ញុំគិតថា វាគ្មានខុសឆ្គងអីទេ ប៉ុន្ដែវាជាឱកាសសម្រាប់គាត់សិក្សាស្វែងយល់ និងចែករំលែកគ្នាទៅវិញទៅមក។ យើងដឹងថា ការរៀនសូត្រ គ្មានការរើសអើងអ្វីឡើយ មិនថាក្នុងបន្ទប់ ឬទីសាធារណៈនោះទេ។ ដោយសារវាជាប្រធានបទរសើប និងគួរឲ្យចាប់អារម្មណ៍ ពួកគាត់ត្រូវតែនិយាយវាចេញមក។ បើយើងរវល់តែគិតគូរដល់វប្បធម៌ជ្រុលពេក យើងមិនអាចអភិវឌ្ឍខ្លួនឲ្យជឿនលឿនដូចគេនោះឡើយ។ វាជាបញ្ហាចំពោះគ្រួសារខ្លះដែលមិនបានអប់រំកូនស្រី ឬភរិយាអំពីជំងឺឆ្លង»៕
កញ្ញា ណន ទិត្យធារី អាយុ២១ឆ្នាំ និស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
«ហេតុអ្វីយុវជនមិនអាចនិយាយអំពីបញ្ហាបន្ដពូជនៅទីសាធារណៈបាន ? ខ្ញុំគិតថា ការរួមភេទក៏ជាចំណេះដឹងមួយចំណោមចំណេះដឹងទូទៅផ្សេងទៀតដែរ។ ដូច្នេះ មិនថាប្រុស ឬស្រីទេ ពួកគេសុទ្ធតែអាចលាតត្រដាងបានទាំងអស់ និងគួរតែដឹងឲ្យបានច្បាស់។
ថ្វីដ្បិតតែខ្ញុំដើរតាមផ្លូវឮ គេនិយាយអំពីរឿងសុខភាពបន្ដពូជនេះ ខ្ញុំមិនគិតថា ពួកគាត់ជាមនុស្សមិនល្អទេ ពីព្រោះខ្ញុំមិនអាចវាយតម្លៃពួកគាត់ដោយគ្រាន់តែសម្ដីឡើយ។ ខ្ញុំពិតជាស្ញប់ស្ញែងពួកគាត់ទៅវិញទេ ដែលក្លាហាននិយាយមិនលាក់លៀម និងអប់រំមិត្ដភក្ដិចំពោះបញ្ហាសុខភាពនេះ»៕
លោក ប្រាក់ ភារៈ អាយុ២១ឆ្នាំ ជានិសិ្សតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យស៊ីតិច
«ថ្វីដ្បិតតែការនិយាយស្ដីអំពីបញ្ហាសុខភាពនៅទីសាធារណៈ គ្មានទោសទណ្ឌអ្វីក៏ដោយ ក៏ស្ដ្រីខ្មែរមិនគួរធ្វើបែបនោះឡើយ។ ពួកគាត់មានវប្បធម៌ និងអរិយធម៌ដ៏ផូរផង់ នៅពេលនិយាយអំពីបញ្ហានេះ ពួកគាត់អាចនឹងខូចកេរ្ដិ៍ឈ្មោះខ្លួនឯងផង និងវប្បធម៌ខ្មែរផង។ ប្រសិនបើពួកគាត់ចង់និយាយអំពីបញ្ហាផ្លូវភេទខានមិនបាន ខ្ញុំសូមណែនាំឲ្យទីកន្លែងឯកជន ដូច្នេះ ពួកគេអាចបញ្ចេញមតិនៅចំពោះមុខគ្រូ មិត្ដភកិ្ដ ឬពេទ្យដោយសេរី និងមិនទើសភ្នែកអ្នកដទៃទេ។ បច្ចេកវិទ្យាបច្ចុប្បន្ននេះទំនើបណាស់ ពួកគាត់អាចមើលសៀវភៅ អ៊ីនធឺណិតនៅផ្ទះ ហើយវាមិនប៉ះពាល់អ្នកដទៃនៅទីសាធារណៈឡើយ»៕
លោក ងួន រ៉ូរង់ អាយុ១៩ឆ្នាំ ជាសិស្សទើបបញ្ចប់ការសិក្សាទុតិយភូមិ
«វាជាធម្មជាតិរបស់មនុស្សប្រុសដែលហ៊ាននិយាយបញ្ហាផ្លូវភេទនៅ ទីសាធារណៈ ហើយមនុស្សស្រីក៏មានចំណង់ចំណូលចិត្ដផងដែរ។ ថ្វីដ្បិតតែវប្បធម៌ហាក់ដូចជារឹតបន្ដឹងចំពោះការនិយាយស្ដីរបស់ ស្រ្ដីយ៉ាងណាក៏ដោយ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំមិនប្រកាន់ទេដែលពួកគេហ៊ានថ្លាថ្លែងពីបញ្ហាផ្លូវភេទនៅ ទីសាធារណៈ។ ពួកគាត់ជាយុវវ័យដូចខ្ញុំដែរ ដែលងាយស្រួលក្នុងការចែករំលែកចំណេះដឹង និងបទពិសោធពីគ្នាទៅវិញទៅមក។ ចំណុចសំខាន់ ពួកគាត់ចង់ឲ្យមិត្ដភក្ដិ មានសុខភាពល្អ និងចេះទប់ទល់នឹងជំងឺឆ្លង ដូចជា អេដស៍ ឬកាមរោគជាដើម»៕

