ការងារណាក៏ដោយឲ្យតែស្របច្បាប់ សុទ្ធតែថ្លៃថ្នូរ នោះវាមានតម្លៃជានិច្ច ប្រសិនបើយើងខិតខំពីសមត្ថភាពរបស់ខ្លួន។ យ៉ាងណាមិញ ស្ដ្រីលក់ស្រាបៀរ ក៏ស្ថិតក្នុងការងារសុចរិតផងដែរ។
កញ្ញា អ.ស.ម ជាកូនស្រីទី២ចំណោមបងប្អូនស្រី៣នាក់ និងបងប្អូនប្រុស២នាក់ ដែលមានឪពុកជាជាងប៉ះកង់ និងម្ដាយជាអ្នកលក់ពោតស្ងោរ។ ដោយសារតែឪពុកម្ដាយមិនសូវយល់ច្បាស់ពីសារៈសំខាន់នៃចំណេះវិជ្ជា កញ្ញាត្រូវបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥ក្នុងវ័យ១៦ឆ្នាំ មកជួយរកប្រាក់កម្រៃចិញ្ចឹមគ្រួសារវិញ។
ដើម្បីជួយសម្រួលការងារ ក្នុងបន្ទុកគ្រួសារ ពិតជាមានការលំបាកណាស់សម្រាប់ស្រ្ដីដែលគ្មានចំណេះដឹងជ្រៅជ្រះ ដូច្នេះកញ្ញាមានតែសម្រេចចិត្ដចូលបម្រើការងារក្នុងហាងបៀរហ្គាដេន ប៉ុណ្ណោះ។ នៅថ្ងៃធ្វើការងារដំបូង កញ្ញាគិតថា វាគឺជាភពងងឹត គ្មានទិសដៅអ្វីពិតប្រាកដឡើយ ពីព្រោះរៀងរាល់រាត្រី កញ្ញាត្រូវអង្គុយកំដរភ្ញៀវញ៉ាំស្រារហូតដល់យប់ជ្រៅ។
រយៈពេល៣ថ្ងៃក្រោយមក កញ្ញា បានជួបភ្ញៀវជនជាតិហ្វីលីពីនម្នាក់ដែលបានបបួលកញ្ញាចេញទៅក្រៅក្រោយពីបំពេញការងារចប់។
កញ្ញា បានប្រាប់ឲ្យដឹងមូលហេតុថា៖ «ខ្ញុំមិនចង់ចេញទៅក្រៅជាមួយភ្ញៀវទេ ពីព្រោះខ្ញុំដឹងថា នឹងមានរឿងអ្វីកើតឡើងចំពោះរូបខ្ញុំជាក់ជាមិនខាន ទោះបីជាខ្ញុំគ្មានជម្រើសយ៉ាងណាក៏ដោយ»។
កញ្ញា បានបន្ដថា៖ «ម្ដាយរបស់ខ្ញុំតែងតែមកទារលុយពីខ្ញុំគ្មានលស់ពេលទេ ថ្វីដ្បិតតែខ្ញុំប្រាប់គាត់ថា ខ្ញុំគ្មានលុយក៏ដោយ គាត់នៅតែបង្ខំខ្ញុំឲ្យជួយរកប្រាក់ឲ្យគាត់។ នៅយប់នោះ ខ្ញុំក៏សម្រេចចិត្ដចេញទៅក្រៅជាមួយភ្ញៀវហ្វីលីពីននោះពេញមួយយប់ ដោយទទួលប្រាក់ជាថ្នូរចំនួន២០០ដុល្លារជាថ្នូរមកវិញ»។
កញ្ញា បានឲ្យដឹងទៀតថា៖ «នេះជាជីវិតរបស់ខ្ញុំ ប្រាក់ ដែលខ្ញុំអាចរកបាន គឺត្រូវផ្ញើទៅឲ្យគ្រួសាររបស់ខ្ញុំ។ ពួកគាត់មិនដែលខ្វល់ថា ខ្ញុំបានលុយតាមវិធីអ្វីឡើយ គ្រាន់តែខ្វល់ពីលុយចូលប៉ុណ្ណោះ។ ខ្ញុំធ្វើការងារនេះរយៈពេល៤ឆ្នាំមកហើយដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួនឯង»។
ជាចុងក្រោយ កញ្ញា អ.ស.ម បានផ្ដែផ្ដាំថា៖ «ខ្ញុំក៏ចង់បន្ដការសិក្សាដូចអ្នកដទៃដែរ ហើយខ្ញុំមិនដែលគិតចង់បោះបង់ការសិក្សាម្ដងណាឡើយ ប៉ុន្ដែស្ថានភាពគ្រួសារមិនបានផ្ដល់ឱកាសដ៏ល្អនេះដល់រូបខ្ញុំទេ ។ ប្រសិនបើខ្ញុំបានសិក្សាច្រើនជាងនេះ ខ្ញុំក៏មិនចាំបាច់មកធ្វើការងារបែបនេះដែរ»៕

