
ខ្ញុំសប្បាយចិត្តនឹងអ្វីដែលខ្ញុំកំពុងតែធ្វើបើទោះបីជាខ្ញុំត្រូវហាលភ្លៀងហាលថ្ងៃខ្មៅមុខមាត់ក៏ដោយ» នេះជាសម្ដីរបស់គ្រូបង្ហាត់កីឡាករបាល់ទាត់កុមារដែលមានសម្បុរសណ្តែកបាយរាងស្តើង។
លោកផាន ណារ៉ា បានចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ១០ឆ្នាំរហូតបានក្លាយជាគ្រូបង្វឹកវ័យក្មេងដោយលោកបានប្រាប់ថា៖ «ដំបូងឡើយខ្ញុំលេងបាល់គ្រាន់ជាការកម្សាន្ដនិងពង្រឹងរាងកាយឲ្យមានសុខភាពល្អនិងស្គាល់មិត្តភក្ដិច្រើនប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីបានជាប់ជាជម្រើសជាតិដែលមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសមកខ្ញុំយល់ឃើញថាកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អនោះទេតែវាសំខាន់ណាស់សម្រាប់ខ្ញុំព្រោះវាបានផ្តល់ជាអាជីពនិងកិត្តិយសមកខ្ញុំទៀតផង»។
លោក ណារ៉ា វ័យ២៤ឆ្នាំជាអតីតកីឡាករជម្រើសជាតិU១៦ និង U១៧ហើយលោកក៏ធ្លាប់ជាជំនួយការគ្រូបង្ហាត់សម្រាប់ជម្រើសជាតិ U២៣ ផងដែរ។ ក្រោយត្រឡប់ពីការប្រកួតជម្រើសជាតិនៅក្រៅប្រទេសយុវជនរូបនេះបានក្លាយជាកីឡាករប្រចាំក្លិបបៀលប្រាយតាំងពីឆ្នាំ២០០៥ហើយក្រោយមកលោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសឲ្យទៅរៀនវគ្គបណ្តុះបណ្តាលគ្រូរបស់សម្ព័ន្ធបាល់ទាត់អាស៊ី(AFC) នៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១១។
លោកបានអះអាងថា៖ «ខ្ញុំគឺជាកីឡាករទី៣និងចុងក្រោយបំផុតដែលត្រូវបានជ្រើសរើសឲ្យចូលរៀនវគ្គបណ្តុះបណ្តាលនោះពីព្រោះវគ្គនោះមានរយៈពេល៣ជំនាន់ហើយជំនាន់នីមួយៗកម្ពុជាមានម្នាក់ចូលរួម។ ក្រោយពីត្រឡប់មកវិញខ្ញុំក៏ក្លាយជាគ្រូអភិវឌ្ឍន៍ជំនាញបង្រៀនក្មេងៗរបស់គម្រោងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។
ជាមួយនឹងវេលាដ៏មមាញឹកគ្រូបង្ហាត់បាល់ទាត់វ័យក្មេងរូបនេះមានភារកិច្ច៤កន្លែងផ្សេងទៀតជាជំនួយការគ្រូបង្ហាត់បាល់ទាត់នៅក្រុមបៀលប្រាយគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ 3G Football League គ្រូបង្ហាត់ក្មេងៗរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងជាកីឡាករក្រុមសហព័ន្ធសហភាពយុវជនកម្ពុជា។
យ៉ាងណាមិញនៅចុងឆ្នាំ២០១២លោកបានបង្កើតមជ្ឈមណ្ឌលសុខភាពនិងជំនាញបាល់ទាត់កម្ពុជាដែលជាការងារស្ម័គ្រចិត្តដោយក្រុមរបស់លោកបង្រៀនកុមារតូចៗទាំងកីឡាបាល់ទាត់និងអប់រំពួកគេអំពីសុខភាពនិងសីលធម៌ផងដែរ។
លោក បានឲ្យដឹងថា៖ «បច្ចុប្បន្នខ្ញុំជាប្រធានក្រុមនេះហើយការដែលបង្កើតមជ្ឈមណ្ឌលនេះឡើងគឺក្នុងគោលបំណង៣។ ខ្ញុំចង់ផ្ទេរចំណេះដឹងបទពិសោធនិងជំនាញបាល់ទាត់របស់ខ្ញុំដែលបានសិក្សាកន្លងមកទាំងក្នុងនិងក្រៅស្រុក។ ម៉្យាងវិញទៀតខ្ញុំចង់លើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជាហើយចុងក្រោយខ្ញុំចង់លើកទឹកចិត្ដពួកគាត់ឲ្យលេងកីឡាដើម្បីសុខភាពនិងចៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀនឬអំពើអបាយមុខផ្សេងៗ»។
ជាការពិតគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ យុវជន ណារ៉ា ត្រូវឆ្លៀតពីការសិក្សាទៅហ្វឹកហាត់ដែលសឹងតែរកពេលញ៉ាំបាយមិនបានផង។
យ៉ាងណាមិញជាមួយនឹងសមិទ្ធផលសព្វថ្ងៃនេះ លោក ណារ៉ា ពិតជាមិនអាចបំភ្លេចបាននូវគុណបំណាច់ការណែនាំនិងការផ្តល់ឱកាសពីគ្រូៗនិងសិស្សច្បងឡើយ។ប៉ុន្តែអ្វីដែលលោកចងចាំបំផុតនោះគឺគុណនៃកីឡាបាល់ទាត់ដែលបានផ្តល់ឲ្យរូបលោកគ្រប់យ៉ាងនៅពេលនេះ។
លោក បានបន្ដថា៖ «តាមពិតទៅខ្ញុំកើតមកក្នុងគ្រួសារក្រីក្រនិងមានបងប្អូនច្រើន។ម្នាក់ៗស្រឡាញ់គ្នានិងជួយគ្នាតែដើម្បីអនាគតពួកយើងសុទ្ធតែត្រូវប្រឹងដោយខ្លួនឯង។ ដូចខ្ញុំជាដើមបើមិនមានបាល់ទាត់ទេខ្ញុំក៏ប្រហែលជាមិនមានលទ្ធភាពបានរៀនរហូតដល់ចប់បែបនេះដែរ»។
ជាចុងក្រោយលោក បានផ្តាំផ្ញើដល់យុវជនថាសូមចេះប្រើប្រាស់ពេលវេលាឲ្យបានល្អធ្វើអ្វីដែលគួរធ្វើហើយត្រូវចេះគិតពីអនាគត។បើសិនជាអាចសូមនាំគ្នាលេងកីឡាឬក៏ហាត់ប្រាណពីព្រោះកីឡានាំមកនូវសុខភាពល្អមិនថាជាអាជីពឬដើម្បីរូបរាងស្រស់សង្ហានោះទេ៕


