កណ្តាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសត្រៀមថវិកាចំនួន ២៨ ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្សារស្រុកកោះធំឡើងវិញ ដែលរងការបំផ្លាញដោយអគ្គិភ័យ អស់ជាង ២០០ តូបនិងផ្ទះអស់ចំនួន៦ល្វែងកាលពីថ្ងៃទី២២ ខែកុម្ភៈ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ PPIU ប្រមាណជិត ១៥០០ នាក់ កាលពីម្សិលមិញនៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖ «សូមឲ្យបងប្អូនអាជីវករផ្សារកោះធំទាំងអស់ កុំមានការព្រួយបារម្ភ ព្រោះលុយមានគ្រប់ហើយចំនួន ២៨ ម៉ឺនដុល្លារ ហើយបើខ្វះយើងអាចថែមទៀត យើងនឹងធ្វើឲ្យស្អាតតែម្តង»។
នេះមិនមែនជាលើកទីមួយទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចេញមុខជួយសាងសង់ផ្សារកោះធំដែលឆេះនេះ ខណៈលោកបានថ្លែងបញ្ជាក់ថា លោកបានជួយសាងសង់ផ្សារដែលបានឆេះ នៅតាមបណ្តាខេត្តមួយចំនួនរួចហើយដូចជា ផ្សារនៅខេត្តក្រចេះ ផ្សារក្រគរ ខេត្តពោធិ៍សាត់ ផ្សារនៅកំពង់ធំ និងផ្សារនៅខេត្តព្រះសីហនុ។ តែទោះយ៉ាងណា លោកបានអំពាវនាវដល់អាជីវករនៅគ្រប់ផ្សារទាំងអស់ ឲ្យមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះគ្រោះអគ្គិភ័យ។
ដោយអាជីវករ ត្រូវរង់ចាំការសាងសង់ផ្សារកោះធំ នៅទីតាំងចាស់ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យអាជ្ញាធរ រកទីតាំងថ្មីមួយ ដើម្បីឲ្យក្រុមអាជីវករអាចលក់ដូរជាបណ្តោះអាសន្នសិន ខណៈលោកបានប្រកាសផងដែរថា មិនឲ្យមានក្រុមហ៊ុនណា ធ្វើការដេញយកថ្លៃភាស៊ីនោះឡើយ តែអនុញ្ញាតឲ្យក្រុមអាជីវករធ្វើការបោះឆ្នោតរៀបចំចាត់ចែងការទារភាស៊ីដោយខ្លួនឯង។
ទោះយ៉ាងណាលោក ឈុន ស៊ីរុនអភិបាលខេត្តកណ្តាល បានថ្លែងកាលពីថ្ងៃម្សិលមិញថា ក្រុមអាជីវករ ត្រូវបានឲ្យលក់ដូរជាបណ្តោះអាសន្ននៅទីតាំងដីរដ្ឋមួយកន្លែង ជាចំណតរថយន្ត ដែលនៅជាប់នឹងទីតាំងផ្សារដែលឆេះនោះ។ លោកបន្តថា ទីតាំងផ្សារចាស់ដែលឆេះមានទទឹងប្រវែង៣២ ម៉ែត្រ និងបណ្តោយ ៥៤ ម៉ែត្រ អាចនឹងត្រូវសាងសង់អគារផ្សារដែលមានជាន់ផ្ទាល់ដី និងជាន់ទី ១ ដើម្បីឲ្យអាជីវករ បានលក់ដូរឡើងវិញ។ ប៉ុន្តែលោកបានបញ្ជាក់ថា៖«យើងកំពុងធ្វើការសិក្សា ថាតើ យើងត្រូវសាងសង់ប្រភេទតូបយ៉ាងម៉េច ដើម្បីកំណត់ឲ្យអាជីវករធ្វើការលក់ដូរឲ្យបានគ្រប់គ្នាឡើងវិញ»៕

