ភ្នំពេញៈ ព័ត៌មានសំខាន់ៗដែលកាសែតខ្មែរក្នុងស្រុកចាប់អារម្មណ៍ស្រដៀងគ្នា គឺព័ត៌មាន ប្រារព្ធពិធីពិសាខបូជា និងការបន្តធ្វើកូដកម្មរបស់បុគ្គលិកកាល់ទិច។ កាសែតកម្ពុជាថ្មី បានដាក់ចំណងជើងធំៗថា ប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យពិសាខបូជានៅទូទាំងប្រទេស និងថែមទាំងរាយការណ៍ថា លោកជំទាវ ម៉ែន សំអនចូលរួមបុណ្យនេះនៅភ្នំព្រះរាជទ្រព្យ ជានឹងប្រជាពលរដ្ឋចូលរួមប្រមាណជាង ៥០០នាក់។ កាសែតនេះ បានបន្តរាយការណ៍រឿងការតវ៉ារបស់បុគ្គលិករបស់ កាល់ទិច ដែលបានដាក់ចំណងជើងថា ការចរចារវាងតំណាងក្រុមហ៊ុនប្រេងឥន្ធនៈកាល់ទិច ជាមួយបុគ្គលិកមានលទ្ធផលតិចតួច ខណៈកូដកម្មនៅតែបន្ត។ កាសែតដែលមាននិន្នាការគាំទ្របក្សកាន់អំណាចនេះ ក៏បានចាប់អារម្មណ៍រឿងមួយចំនួនទៀតលើទំព័រមុខខ្លួនដែរ ដូចជា គ.ជ.ប ប្រកាសទទួលស្គាល់តំណាងគណបក្សនយោបាយសសង្គមស៊ីវិល និងអ្នកសារព័ត៌មានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងបទល្មើសព្រៃឈើនៅតែកើតមានក្នុងខេត្តមណ្ឌលគិរី។ ស្រដៀងគ្នានឹងកាសែត រស្មីកម្ពុជាដែរ កាសែតនេះក៏បន្តចាប់អារម្មណ៍រឿងបុគ្គលិក កាល់ទិចធ្វើកូដកម្ម តែដាក់ចំណងជើងថា ក្រុមហ៊ុន Chevron បង្ហាញឆន្ទៈដោះស្រាយជាមួយបុគ្គលិក Caltex ទាមទារដំឡើងប្រាក់ខែ។ រស្មីកម្ពុជាថ្ងៃនេះ ក៏បានចាប់អារម្មណ៍ខ្លាំងរឿង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ច្រានចោលការចោទប្រកាន់របស់មេដឹកនាំគណបក្សប្រឆាំងថា បាត់បង់ទឹកដី មកធ្វើជារឿងធំទំព័រមុខខ្លួន។
ងាកមកមើល កាសែត កោះសន្តិភាពវិញ ថ្ងៃនេះ បែរជាចាប់អារម្មណ៍រឿង ឈ្មួញម៉ៅការឈើ រត់ពន្ធឈើពីស្រុកវាលវែងឆ្លងកាត់ «ច្រកចង្អៀត»មកស្រុកសំឡូតនៅខេត្តបាត់ដំបង។ កាសែតរាយការណ៍ថា សកម្មភាពដឹកជញ្ជូនឈើប្រណីតគ្រប់ប្រភេទពីស្រុកវាលវែង ខេត្តពោធិ៍សាត់តាម«ច្រកចង្អៀត» ចូលមកកាន់ស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្ននេះកំពុងមមាញឹកយ៉ាងខ្លាំងដែលម៉ៅផ្តាច់មុខដោយឈ្មួញឈើដ៏ធំម្នាក់រស់នៅក្នុងក្រុងបាត់ដំបង។ កោះសន្តិភាពថ្ងៃនេះផងដែរ ក៏ចុះផ្សាយព័ត៌មាន សមត្ថកិច្ចនិងសណ្តាប់ធ្នាប់បំបែការប៉ុនប៉ងហែក្បួន ខណៈព្រះបរមរាជវាំងត្រៀមរៀបចំព្រះរាជពិធីដង្ហែរព្រះបរមអដ្ឋិព្រះករុណាព្រះបរមកោដ្ឋក្នុងខែកក្កដា។ ដូចគ្នានឹង នគរធំដែរ កាសែតនេះ ក៏ចាប់អារម្មណ៍រឿង សមត្ថកិច្ចបំបែកក្បួនហែសន្តិភាព ថ្ងៃបុណ្យពិសាខបូជា។ តែកាសែតនេះ បែរជាចាប់អារម្មណ៍រឿងនយោបាយដែរលើទំព័រមុខខ្លួន ដោយបានដាក់ចំណងជើងថា បក្សប្រឆាំង ខ្លាំងត្រង់ណា? សម រង្ស៊ី កឹម សុខាថា ខ្លាំងដោយសារពលរដ្ឋគាំទ្រ និងរឿងគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យរបស់សម្តេចក្រុងព្រះ នរោត្តម រណឫទ្ធិ បង្ហាញទស្សនៈកែទម្រង់វប្បធម៌ជាតិ។ រីឯកាសែត នគរវត្តវិញ ក៏ចាប់អារម្មណ៍រឿងនយោបាយនៅថ្ងៃនេះដែរ តែចាប់អារម្មណ៍ពីបញ្ហាចរចា ដោយកាសែតនេះ ដាក់ចំណងជើងធំថា គ្មានតម្រុយពីការជួបគ្នារវាងបក្សទាំង២ ទោះបីក្រោយការបោះឆ្នោតអសកលក្តី។
សូមអានព័ត៌មានពិស្តារក្នុងកាសែតទាំងនោះ ដែលបានចេញផ្សាយនៅថ្ងៃនេះ

