ប្រសិនបើ អ្នកធ្វើដំណើរឆ្លងកាត់ផ្សារសាមគ្គី អ្នកនឹងបានឃើញស្លាកបដារបស់សាលារាជធានី សរសេរថា «រួមគ្នាញែកសំរាមតាមប្រភេទ ដើម្បីសោភ័ណភាពទីក្រុង និងសុខភាពយើង»។ បដានេះ បង្ហាញពីរូបភាពនៃការញែកសំរាមសើម និងសំរាមស្ងួត ហើយការទុកដាក់សំរាមមិនត្រឹមត្រូវ ឬក៏នៅក្រៅធុង នឹងត្រូវផាកពិន័យ។
យ៉ាងណាមិញ វាគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលដែលខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវ ខ្ញុំប្រទះឃើញរថយន្ដដឹកសំរាមរបស់ក្រុមហ៊ុន CINTRI មួយគ្រឿងដែលកំពុងតែប្រមូលសំរាម បែរជាហែកថង់សំរាមតាមផ្ទះ ចាក់ច្របល់គ្នាក្នុងឡានទៅវិញ។
បុគ្គលិកម្នាក់ដែលតោងឡាន ចាំយកសំរាមពីមិត្ដភក្ដិ បានហែកថង់សំរាមទាំងអស់មុននឹងដាក់វាចូលឡាន។ នៅក្បែរបុរសនោះ មានបាវយួរមួយចងភ្ជាប់នឹងកន្ទុយឡានសម្រាប់ដាក់សំរាមណាដែលលក់ បាន។
ពេលបានឃើញដូច្នេះ ខ្ញុំក៏នឹងឃើញដល់បដារបស់សាលារាជធានីភ្លាមដែលតែងតែណែនាំដល់ ប្រជាពលរដ្ឋបែងចែកសំរាមឲ្យបានត្រឹមត្រូវ។ ប៉ុន្ដែវាគួរឲ្យអស់សំណើចបំផុត នៅពេលបុគ្គលិកប្រមូលសំរាមសម្អាតទីក្រុង បែរជាអ្នកហែកសំរាមលាយឡំគ្នាទៅវិញ។ ខ្ញុំពិតជាមិនដឹងថា តើគាត់បានដឹងពីការផ្សព្វផ្សាយរបស់សាលារាជធានីដែរឬទេ?
ខ្ញុំ សង្ឃឹមថា នេះគ្រាន់តែទង្វើរបស់បុគ្គលម្នាក់ប៉ុណ្ណោះ ដែលមិនឆ្លុះបញ្ចាំងពីទង្វើរបស់ក្រុមហ៊ុន ឬក៏ប្រជាពលរដ្ឋទូទៅឡើយ៕

