ទន្ទឹម នឹងព័ត៌មានស្តីពីការកាប់ព្រៃឈើខុសច្បាប់ និងការចាប់បានមេកាប់ឈើខុសច្បាប់ មានផ្សាយតាមសារព័ត៌មាននានាជាបន្តបន្ទាប់នោះ កូនឈើគ្រញូង នាងនួន បេង ដើមផ្កា និងដើមឈើហូបផ្លែផ្សេងៗទៀត មានលក់នៅមជ្ឈមណ្ឌលវិស័យព្រៃឈើ និងសត្វព្រៃ។
«ឲ្យប្រជាជនចាប់ ផ្តើមយល់ដឹងពីសារប្រយោជន៍នៃព្រៃឈើ និងដាំឡើងវិញនូវព្រៃឈើទាំងនោះជាគោលបំណងរបស់យើង!» នេះជាពាក្យសម្តីរបស់លោក តុប ម៉េងងួន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើនិងសត្វព្រៃ នៅពេលដែល Lift សាកសួរអំពីគោលបំណងដំបូងក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង។
មជ្ឈមណ្ឌល វិស័យព្រៃឈើ និងសត្វព្រៃ ត្រូវបានបង្កើតឡើងនៅក្រោមគំនិតរបស់រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជំនួយរបស់អង្គការJICA ព្រមទាំងជំនួយពីប្រទេសកូរ៉េ។ មជ្ឈមណ្ឌលនេះមិនមែនបង្កើតឡើងត្រឹមតែបណ្តុះកូនឈើមួយមុខប៉ុណ្ណោះ ទេ ប៉ុន្តែក្នុងគោលបំណងផ្តល់វគ្គបណ្តុះបណ្តាលផ្នែកព្រៃឈើនិង សត្វព្រៃដល់បុគ្គលិកទាំងក្នុងជួររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ដើម្បីឲ្យអ្នកទាំងនោះយល់ដឹងពីការបង្កាត់ពូជដើមឈើ របៀបថែរក្សាព្រៃឈើ និងច្បាប់ក្នុងការអភិរក្សសត្វព្រៃ។
ការពិតទៅ មជ្ឈមណ្ឌលមួយនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ មកម្ល៉េះ ប៉ុន្តែមជ្ឈមណ្ឌលនេះទើបតែមានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋស្គាល់ច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ។
ទាក់ទិននឹងការដែលប្រជាជនផ្តើមចាប់អារម្មណ៍ក្នុងការដាំ ដើមឈើកម្រនេះឡើងវិញ លោក ម៉ម ប៉េងគ្រី ដែលមានតួនាទីដូចគ្នានេះដែរ បានឲ្យដឹងថា៖ «ខ្ញុំយល់ថានេះមកពីប្រជាជនទើបតែចាប់អារម្មណ៍ថា ចំនួនព្រៃឈើសព្វថ្ងៃកាន់តែតិចទៅៗ ដោយសារតែការកាប់ព្រៃឈើខុសច្បាប់»។
លោកបានបន្តទៀតថា មានឈ្មួញខ្លះគិតពីផលប្រយោជន៍ដែលខ្លួននឹងទទួលបានតាមរយៈការដាំ ដើមឈើប្រភេទនេះ ដូច្នេះហើយទើបពួកគេចាប់ផ្តើមដាំដើមឈើកម្រទាំងនេះ ដោយសង្ឃឹមថានឹងទទួលផលក្នុងរយៈពេល២០ឆ្នាំខាងមុខ។
ទោះបីជាដើម ឈើទាំងនោះមានដាក់សម្រាប់លក់ក៏ពិតមែន ប៉ុន្តែកន្លងមកភាគច្រើន ដើមឈើទាំងនោះត្រូវបានមជ្ឈមណ្ឌលធ្វើការបរិច្ចាគទៅឲ្យសហគមន៍ វត្តអារាម និងដាំតាមផ្លូវ ឬយកទៅដាំនៅក្នុងព្រៃ ដើម្បីជួសដើមឈើដែលបានកាប់ទៅបាត់ និងបំពេញព្រៃឈើនោះមកវិញ។
លោក ម៉េងជួន បានបញ្ជាក់ទៀតថា៖ «ការធ្វើបែបនេះ សង្ឃឹមថា យើងនឹងអាចសម្រេចបាននូវការកំណត់គម្របព្រៃឈើរបស់រដ្ឋាភិបាលក្នុង ឆ្នាំ២០១២នេះ។ ស្របពេលជាមួយគ្នានេះ យើងក៏អាចបានចំណូលពីការលក់កាបូនឲ្យទៅប្រទេសផ្សេងៗផងដែរតាម រយៈការដាំព្រៃឈើនេះ»។
ទីតាំងក្នុងសង្កាត់ភ្នំពេញថ្មី ធ្វើឲ្យមជ្ឈមណ្ឌលនេះកាន់តែបានផ្តល់ភាពទាក់ទាញ និងមានភាពងាយស្រួលថែមទៀតសម្រាប់អ្នកទិញនៅទីក្រុង និង អាចស្វែងយល់បន្ថែមពីកន្លែងបណ្តុះព្រៃឈើមួយនេះ។
ចំពោះតម្លៃ ដើមឈើទាំងអស់ដែលបានដាំនៅទីនេះ មានតម្លៃថោកជាងនៅទីផ្សារខាងក្រៅ។ ដើមគញូង មានតម្លៃថ្លៃលើសដើមឈើផ្សេងៗ ដោយដើមគញូងអាចទិញបាននៅទីនេះក្នុងតម្លៃ៣០០០រៀលក្នុងមួយដើម រីឯដើមបេង នាងនួន និងដើមឈើផ្សេងៗលក់ចេញក្នុងតម្លៃត្រឹមតែ២០០០រៀលប៉ុណ្ណោះ។
បើអ្នកចាប់អារម្មណ៍ចំពោះការបណ្តុះដើមឈើសម្រាប់បរិស្ថាន សូមទៅជាវនៅទីនោះបាន៕

