បន្ទប់គេង គឺជាទីកន្លែងដ៏ស្និទស្នាលបំផុតរបស់អ្នក ព្រោះអ្នកត្រូវពឹងអាស្រ័យលើវាជាច្រើន។ ដូច្នេះ ផ្ដើមចាប់បោសសម្អាតធូលី សំរាមរប៉ាត់រប៉ាយយ៉ាងតិច២ដងក្នុងមួយសប្ដាហ៍ដោយប្រើទឹកសម្លាប់ មេរោគជូតសម្អាតសព្វទីកន្លែងទាំងអស់។ អ្នកក៏ត្រូវការចាំបាច់នូវក្លិនក្រអូបទៅតាមចំណង់ចំណូលចិត្ដ ដើម្បីបន្ធូរអារម្មណ៍តានតឹង នៅពេលត្រឡប់ពីធ្វើការងារ ឬការសិក្សា។ ម្យ៉ាងវិញទៀត ការតុបតែង និងពន្លឺភ្លើងក្នុងបន្ទប់ ក៏ជាកត្ដាសំខាន់ក្នុងការផ្ដល់ផាសុកភាពចំពោះខ្លួនឯងទៅតាមស្ទីល ដែលអ្នកចូលចិត្ដ៕
គន្លឹះការពារខ្លួនពីបរិយាកាសកខ្វក់
ចាប់ផ្ដើមពីគន្លឹះងាយៗ និងមិនចំណាយច្រើន អ្នកការពារខ្លួនរបស់អ្នកពីភាពកខ្វក់ទាំងនោះ។ ម៉ាស់ការពារធូលី និងផ្សែងពុល វ៉ែនតាការពារកម្ដៅថ្ងៃ មួក និងអាវដៃវែង ជាឧបករណ៍ដែលអ្នកគួរតែប្រើប្រាស់នៅរាល់ពេលដែលអ្នកធ្វើដំណើរ តាមដងផ្លូវ។ អ្នកក៏មិនគួរភ្លេចប្រើឡេជំនួយស្បែក និងការពារផលប៉ះពាល់ពីកម្ដៅកាំរស្មី UV ។ អ្នកអាចត្រូវមានឆត្រ ឬអាវភ្លៀងជាប់ខ្លួនជានិច្ចនៅរាល់ពេលដែលអ្នកចេញក្រៅ ពីព្រោះនេះជារដូវភ្លៀង ហើយអាស៊ីតភ្លៀងក៏បាន និងកំពុងតែគំរាមកំហែងដល់សុខភាពយើងរាល់គ្នាផងដែរ៕
គន្លឹះសន្សំសំចៃដើម្បីជួយសង្គ្រោះបរិស្ថាន
ជារៀងរាល់ថ្ងៃ ធនធានធម្មជាតិជាច្រើនត្រូវបានទាញយកមកប្រើជាថាមពល និងសារៈសំខាន់ផ្សេងៗដើម្បីផ្គត់ផ្គង់តម្រូវការរបស់មនុស្ស។ ដោយហេតុនេះ អ្នកគួរតែសន្សំសំចៃរាល់ការប្រើប្រាស់គ្រប់យ៉ាងដោយមិន ខ្ជះខ្ជាយឡើយ ជាពិសេសទឹក និងភ្លើងអគ្គិសនីដែលតំបន់ខ្លះ កំពុងតែខ្វះខាត។ វាកាន់តែប្រសើរថែមទៀត ប្រសិនបើអ្នកអាចកែច្នៃឡើងវិញនូវកាកសំណល់ប្រើរួមដើម្បីកាត់ បន្ថយសំរាមដែលអាចបំពុលបរិស្ថានធ្ងន់ធ្ងរ។ បើមនុស្សទូទាំងពិភពលោករួមគ្នាក្នុងការសន្សំសំចៃម្នាក់តែបន្តិច នោះយើងនឹងរស់នៅក្នុងពិភពលោកដ៏ស្រស់ថ្លាជានិច្ច៕
គន្លឹះសម្របខ្លួនក្នុងរដូវភ្លៀង
រដូវភ្លៀង អ្នកត្រូវតែយល់ដឹងពីការការពារសុខភាព និងសម្ផស្សរបស់ខ្លួនជាប្រចាំ។ អ្នកគួរគប្បីតាមដានការព្យាករស៊ីតុណ្ហភាពជាប្រចាំ មុនពេលដែលអ្នកត្រៀមចេញក្រៅ។ ការប្រើប្រាស់ឡេលាបស្បែក និងផលិតផលសម្អាងក៏ដូច្នេះដែរ យើងគួរតែជ្រើសយកប្រភេទណាស័ក្ដិសមដែលអាចទប់ទល់នឹងកម្ដៅ និងសំណើម។ ប្រសិនបើអ្នកធ្វើដំណើរទៅក្រៅ អ្នកគួរតែស្លៀករ៉ូបខ្លី ឬខោខ្លី និងស្បែកជើងជ័រ ពីព្រោះវាជាជម្រើសដ៏ល្អសម្រាប់ធ្វើដំណើរក្រោមតំណក់ទឹកភ្លៀង។ ប៉ុន្ដែ អ្នកមិនគួរភ្លេចលាបថ្នាំការពារមូសខាំទេ បើអ្នកមិនចង់ឲ្យមានស្នាមលើស្បែកដ៏រលោងរបស់អ្នក៕
គន្លឹះព្យាបាលជំងឺផ្ដាសាយដោយមិនប្រើឱសថ
អាកាសធាតុតែងតែផ្លាស់ប្ដូរមិនទៀងទាត់ ជំងឺផ្តាសាយអាចកើតមានចំពោះអ្នកគ្រប់វិនាទី។ ចាំបាច់អ្នកត្រូវបញ្ឈប់ទម្លាប់ញ៉ាំទឹកកកសិន ដោយបែរមកប្រើទឹកក្តៅឧណ្ហៗគ្រប់ពេលវេលា។ ប្រសិនបើអ្នកមានអាការតឹងច្រមុះ អ្នកអាចញ៉ាំទឹកខ្ញីដាំពុះដើម្បីព្យាបាលដោយខ្លួនឯង។ អ្នកអាចសាកល្បងស្ទីមខ្លួនក្នុងភួយក្រាសជាមួយនឹងថ្នាំស្ទីមដែល មានលក់លើទីផ្សារនានា។ ម្យ៉ាងទៀត អ្នកមិនគួរដើរជើងទទេផ្ទាល់ឥដ្ឋឡើយ ពីព្រោះភាពត្រជាក់របស់ឥដ្ឋ អាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ ជាចុងក្រោយ សូមកុំភ្លេចគេងឲ្យបានច្រើន៕

