«អស់ឱកូនស្ងួនមាសម្តាយអើយ កូនអើយមកជួយមា្តយផងណា
សត្វពស់ព្រួសពិសខ្វាក់នេត្រា អស់ឱអនិច្ចាខ្លួនខ្ញុំអើយ»
នេះជាបទទំនួញមាតាសុវណ្ណាសាម ដែលស្មូតយ៉ាងពីរោះក្រអួនក្រអៅចេញពីក្រអូមមាត់របស់កញ្ញាដ៏ ស្រស់សោភាមួយរូប ដែលចូលចិត្តសិល្បៈស្មូត។ បើអ្នកបានស្ដាប់សំនៀងស្មូតផ្ទាល់ អ្នកប្រាកដជាស្លុងអារម្មណ៍ចង់ស្ដាប់បន្ដរហូតដល់ចប់។
ថ្ពាល់ខួច បង្កប់ស្នាមញញឹមរួសរាយ ស័ក្ដិសមជានារីខ្មែរយ៉ាងសមសួន កញ្ញា ភឿន ស្រីពៅ វ័យ២២ឆ្នាំ បានបង្ហាញទេពកោសល្យសិល្បៈបុរាណខ្មែរតាមរយៈការស្មូតយ៉ាង ពីរោះជាប់ចិត្ដ។
កញ្ញាភឿន ស្រីពៅ ជាកូនទី៤ក្នុងចំណោមបងប្អូន៥នាក់ ដែលស្ថិតក្នុងគ្រួសារកសិករមួយនៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជាមួយនឹងការប្រើកម្លាំងកាប់ឆ្ការ ច្បារដំណាំ និងធ្វើស្រែតាំងពីកុមារភាពមក កញ្ញាបានរំឭកពីខ្សែជីវិតអតីតកាលថា៖ «ជីវិតក្មេងកសិករ មិនងាយស្រួលទេ តាំងពីដឹងក្ដីមក ខ្ញុំប្រើកម្លាំងធ្វើស្រែចម្ការ ដែលពេលខ្លះ ត្រូវដើរទូលនំ ឬផ្អកលក់ទៀតផង។ ប៉ុន្ដែខ្ញុំមានសំណាងណាស់ ដែលអាចចូលរៀនដូចក្មេងដទៃ»។
កញ្ញា ចាប់ផ្ដើមរៀនកំណាព្យស្មូតនៅក្នុងអង្គការខ្មែរអមតៈដែលបានមក បើកថ្នាក់បង្រៀនស្មូតតាំងពីឆ្នាំ២០០៤ អំឡុងពេលដែលកញ្ញាកំពុងសិក្សាថ្នាក់ទី៧នៃអនុវិទ្យាល័យ សុវណ្ណគិរី។
កញ្ញា បានប្រាប់ពីនីតិវិធីក្នុងការជ្រើសរើសសិស្សរៀនស្មូតនៅទីនោះថា៖ «ដើម្បីចូលរៀនស្មូត សិស្សត្រូវឆ្លងកាត់ការសាកល្បងសំឡេងជាមួយលោកគ្រូ អៀង ស៊ីធុល ជាមុនសិន។ បន្ទាប់មក ត្រូវចូលរៀនស្មូតជាមួយលោកគ្រូកើត រ៉ាន និងអ្នកគ្រូព្រំ អ៊ុត ទើបធ្វើឲ្យខ្ញុំមានសមត្ថភាពស្មូតបានជាច្រើនបទ ទោះបីជាខ្ញុំពុំទាន់ស្មូតបានល្អ ក៏ដោយ។ ជាមោទនភាពលើកដំបូង ខ្ញុំទទួលបានការអញ្ជើញពីចាស់ទុំក្នុងស្រុក ទៅស្មូតនៅវត្ដអារាម»។
យ៉ាងណាមិញ នៅពេលកញ្ញាស្រីពៅបានស្មូតម្ដងៗ កញ្ញាតែងតែត្រេកអរ ជាពិសេសនៅពេលដែលទទួលបានការកោតសរសើរពីចាស់ទុំ និងអ្នកស្រុកភូមិមិនដាច់ពីមាត់ថា៖ «នៅក្មេងសោះ ប៉ុន្ដែចេះស្មូតបានយ៉ាងល្អ មិនចាញ់រៀមច្បងជើងចាស់ឡើយ»។
ស្មូត គឺជាប្រភេទកំណាព្យមួយបែបដ៏ពិបាក ពីព្រោះអ្នកស្មូតត្រូវរៀនពាក្យបាលី ការលើកដាក់សំឡេងជាដើម ហើយអ្វីដែលសំខាន់បំផុតដែលមិនអាចខ្វះបាននោះគឺ សំឡេង។ ដោយសារតែអំណោយផលពីធម្មជាតិ គួបផ្សំនឹងថ្នាក់រៀនស្មូតនៅជិតផ្ទះ កញ្ញាបានសម្រេចចិត្តចាប់យកមុខវិជ្ជាស្មូតនេះតែម្ដង។
ក្រៅពីរៀនស្មូតជាមួយគ្រូជាច្រើនមក កញ្ញាថែមទាំងបានរៀនស្មូតជាមួយលោកគ្រូ យ៉ាន់ បុរិន ដែលទទួលបានបទពិសោធពីគ្រូស្រុកស្រែមួយផ្សេងទៀតផងដែរ។
អំឡុងឆ្នាំ ២០០៦-០៧ កញ្ញាស្រីពៅ ចាប់ផ្ដើមមានឈ្មោះល្បីទាំងលំដាប់ជាតិ និងអន្តរជាតិតាមរយៈការជ្រោមជ្រែងរបស់អង្គការខ្មែរអមតៈឲ្យចូល រួមក្នុងមហោស្រពខេត្ដបាត់ដំបង២លើក។ ដើមឆ្នាំ ២០០៨ កញ្ញាស្មូតពីរោះរូបនេះទទួលបានអាហារូបករណ៍ពីអង្គការខ្មែរ អមតៈដើម្បីមកបន្ដការសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានី ភ្នំពេញ ហើយអង្គការទទួលខុសត្រូវលើការចំណាយទាំងគ្រប់បែបយ៉ាង ដូចជា ការស្នាក់នៅ ការទទួលទាន ជាដើម។
ជាមួយទេពកោសល្យស្មូតយ៉ាងពីរោះនេះ បានផ្ដល់ឱកាសឲ្យកញ្ញាឈានជើងទៅមើលពិភពលោកខាងក្រៅជាច្រើន ប្រទេស ដូចជា សហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសនេប៉ាល់។
យុវនារីដុងខាងស្មូតរូបនេះ បានរៀបរាប់ពីការសម្ដែងនៅក្រៅប្រទេសថា៖ «ទៅអាមេរិកលើកទី១ គឺដើម្បីផ្សព្វផ្សាយសៀវភៅ ឱ! មហាភ្នំដងរែក ជាស្នាដៃនិពន្ធពាក្យកាព្យ១១សុទ្ធរបស់ព្រះតេជគុណ អគ្គទីប៉ោ លីវ៉ាន់ ដែលថ្លែងពីជនភៀសខ្លួនអន្ដោប្រវេសន៍ក្នុងសម័យប៉ុលពត»។ កញ្ញា បានថតសំឡេងស្មូតដ៏ពីរោះរបស់ខ្លួនដាក់ស៊ីឌី និងវីស៊ីឌី ទៅចែកជូនចាស់ៗនៅអាមេរិកទៀតផង។
កញ្ញា ស្រីពៅ បានបន្ថែមថា៖ «ដំណើរទៅកាន់ទឹកដីអាមេរិកលើកទី៤ ពិតជាអស្ចារ្យ និងរំភើបជាងគេ ពីព្រោះខ្ញុំត្រូវបានអញ្ជើញទៅសម្ដែងរឿងល្ខោនអូប៉េរ៉ារបស់ Houston Grand Opera ក្រោមចំណងជើងថា «ការមកដល់ថ្មី» ដែលរៀបរាប់ពីជីវិតពិតរបស់នារីខ្មែរម្នាក់ បានរួចផុតពីភ្នក់ភ្លើងសង្គ្រាម និងត្រឡប់មកជួយប្រជាជនរងគ្រោះជាច្រើនទៀត។
នៅក្នុងកម្មវិធីនេះដែរ កញ្ញាកូនកសិកររូបនេះ មានឱកាសពិសេសជាងគេក្នុងចំណោមអ្នកសម្ដែងមកពីប្រទេសនានា ដែលកញ្ញាបានស្មូត២បទអមដោយចង្វាក់ភ្លេង Orchestra។
ក្រៅពីចំណេះដឹងខាងសិល្បៈ កញ្ញា ស្រីពៅ ជានិស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ បញ្ញាសាស្ដ្រ និងជាសិស្សភាសាអង់គ្លេសនៅសាលា ACE ទៀតផង ។ បច្ចុប្បន្ននេះ កញ្ញាបានឆ្លៀតពេលទៅបង្រៀនស្មូតដល់សិស្សនៅអង្គការខ្មែរស្ម័គ្រ ចិត្ដ (CVCD) និងជាពិធីការិនីនៅស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធីវត្ដអារាមផងដែរ។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កញ្ញាស្រឡាញ់សិល្បៈបុរាណរូបនេះ ជាអ្នកស្ម័គ្រចិត្ដនៅសមាគម Zhu Chi ក្នុងការច្រៀងចម្រៀងខ្មែរបកពីចិន និងស្មូតទៀតផង ដោយកញ្ញាអះអាងថា៖ «សមាគមនេះ បានជួយជនក្រីក្រ រហូតដល់ជាង៧០ប្រទេស ដូច្នេះដោយទឹកចិត្តស្រឡាញ់ ខ្ញុំក៏ចង់ចូលរួមដែរ»។
កញ្ញា ភឿន ស្រីពៅ បានបញ្ជាក់ថា៖ «ខ្ញុំកើតមកពិតជាសំណាងណាស់ ដែលមានឱកាសជាច្រើន។ ទៅថ្ងៃអនាគត ខ្ញុំចង់អភិរក្សសិល្បៈបុរាណខ្មែរ និងធ្វើជាគំរូដល់អ្នកសិល្បៈទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់រៀនទស្សនវិជ្ជាផ្នែកសាសនាផងដែរ»។ កញ្ញាសង្ឃឹមថានឹងអាចបង្កើតស្នាដៃតែងនិពន្ធកំណាព្យស្មូតដោយខ្លួន ឯង។
នៅសប្តាហ៍នេះ កញ្ញា ស្រីពៅ នឹងនាំយកឌីសជាង ៣០០បន្ទះ សម្រាប់ធ្វើធម្មទានដល់ចាស់ព្រឹទ្ធាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដែលជាថវិកាផ្ទាល់របស់ស្រីពៅ៕

