យ៉ាម៉ាដា សាលាវិចិត្រសិល្បៈ គឺជាសាលាមួយដែលបំពេញតម្រូវការប្រជាពលរដ្ឋខ្មែរ ពិសេសយុវវ័យដែលមានចំណូលចិត្តផ្នែកគូរគំនូរ។ សាលានេះ មានទីតាំងស្ថិតនៅផ្ទះលេខ បេបេ១១ ផ្លូវលេខ ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅពេលទៅដល់សាលានោះ យើងអាចឃើញស្លាកយីហោដ៏ទាក់ទាញមួយដែលមានពណ៌សលាយខ្មៅ។ នៅពេលខ្ញុំចូលទៅក្នុងសាលា ខ្ញុំឃើញរូបគំនូរដ៏ទាក់ទាញមួយចំនួននៅជាប់នឹងតុចុះឈ្មោះ។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលនោះ គឺរូបគំនូរកៅអីដែលមើលទៅគឺដូចជារូបពិតអ៊ីចឹង។ រីឯការរចនាបន្ទប់រៀនវិញ មើលទៅគួរឲ្យចាប់អារម្មណ៍ដែលអាចធ្វើឲ្យសិស្សមានអារម្មណ៍ស្រស់ ថ្លាក្នុងការសិក្សា។ សាលាដ៏ថ្មីសន្លាងនេះ បានបើកវគ្គសិក្សាចំនួនបីប្រភេទ គឺវគ្គឯកទេស វគ្គគំនូរសម្រាប់កុមារ និងវគ្គគំនូរទូទៅសម្រាប់សាធារណជនដែលការបង្រៀនទាំងអស់គឺ មានគ្រូដែលមានជំនាញមកពីប្រទេសជប៉ុន។
លោក យ៉ាម៉ាដា ជាវិចិត្រករគំនូរ និងជាលោកគ្រូម្នាក់នៅសាលាយ៉ាម៉ាដា បានបន្ដថា៖ «សិល្បៈនៃការគូរគំនូរគឺមានភាពងាយស្រួលជាងតន្រ្តី ពីព្រោះកម្ពុជា គឺជាប្រទេសដែលមានវប្បធម៌ខាងសិល្បៈគំនូរនេះរួចទៅហើយ»។ លោកក៏បានបន្ថែមទៀតថាមូលហេតុដែលលោកបើកសាលានេះ ពីព្រោះចង់ឲ្យកូនខ្មែរសិក្សាឲ្យបានច្រើន ហើយលោកមើលឃើញថា យុវជនខ្មែរកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យ សិល្បៈ។
លោកយ៉ាម៉ាដា បានបន្តទៀតថា៖ «វគ្គគូរគំនូរសម្រាប់កុមារ ស័ក្តិសមសម្រាប់កុមារអាយុចាប់ពី៤ឆ្នាំឡើងទៅ ប៉ុន្តែបើសិនជាម្តាយរបស់កុមារដែលមានអាយុ២ឆ្នាំចង់ឲ្យកូន មកសិក្សា ខ្ញុំក៏ទទួលបានដែរ»។
បើសិនជាលោកអ្នកមានចំណង់ចំណូលចិត្តគូរគំនូរ សូមកុំឲ្យឱកាសនេះបាត់បង់ឲ្យសោះ ដោយទៅចុះឈ្មោះនៅយ៉ាម៉ាដាសាលាវិចិត្រសិល្បៈ តាមរយៈអាសយដ្ឋានខាងលើ៕

