
ក្រុង ប៉ារីស : ទីក្រុងរូបេ ប្រទេសបារាំង បានបើកសម្ពោធនូវសេវាដ៏ពិសេសមួយគឺបន្ទប់សណ្ឋាគាររាងមូលដូចបាល់ដែលអាចប្តូរទីតាំងនៅគ្រប់កន្លែង មិនថាក្នុងព្រៃ សួនច្បារ ឬក្បែរមាត់សមុទ្រឡើយ។ អតិថិជនអាចជួលវាសម្រាប់ដាក់ទៅតាមខ្លួននៅពេលដែលពួកគេធ្វើដំណើរកម្សាន្តតំបន់នានា ដែលគ្មានសណ្ឋាគារសម្រាប់ស្នាក់នៅ។
បន្ទប់រាងមូលដូចបាល់នេះជាគំនិតច្នៃប្រឌិតរបស់លោក ព្យែរ ស្ទីហ្វង់ ដូម៉ាស។ វាអាចត្រូវបានគេប្រើសម្រាប់សម្រាកជាបណ្តោះអាសន្នបាននាពេលធ្វើដំណើរហើយវាមានទម្រង់និងសណ្ឋានស័ក្តិសមទៅនឹងបរិស្ថានជាក់ស្តែងតែម្តង។ តាមពិតទៅបន្ទប់ស្នាក់មានរាងបែបនេះត្រូវបានគេដាក់តាំងបង្ហាញតាំងពីឆ្នាំ២០១០មកម្ល៉េះ ដើម្បីជាការឆ្លើយតបតាមតម្រូវការរបស់ក្រុមភ្ញៀវដែលនិយមចូលចិត្តរបស់ប្លែកៗនោះ។តម្លៃជួលបន្ទប់ស្នាក់ចល័តនេះគឺ៧០០ដុល្លារក្នុងមួយយប់។
បច្ចុប្បន្ន បន្ទប់សណ្ឋាគារមានរាងមូលដូចបាល់ ឬពពុះសាប៊ូនេះកំពុងទទួលមានប្រជាប្រិយភាពជាខ្លាំង ដោយគេឃើញមនុស្សជួលវាស្នាក់នៅជាហូរហែនៅតាមតំបន់ឧទ្យាននានានៅក្នុងទីក្រុងរូបេប្រទេសបារាំង។ វាមានសភាពថ្លាដូចកញ្ចក់នៅផ្នែកខាងលើដែលយើងអាចមើលឃើញនូវសម្រស់ធម្មជាតិជុំវិញនោះបាន។ បន្ទប់ចល័តទាំងនេះផលិតពីជ័រប្លាស្ទិក ដែលការពារសំឡេងរំខានពីខាងក្រៅ និងផ្ដល់ភាពរ៉ូមេនទិកដល់អ្នកស្នាក់នៅខាងក្នុងវា៕ PR


