
ថ្ងៃ ទី១៤ ខែកុម្ភៈជាទិវានៃសេចក្ដីស្រឡាញ់ដែលយុវវ័យមួយចំនួនធំនៅតែយល់ច្រឡំថាវាគឺជាថ្ងៃបុណ្យសង្សារនោះវាបានក្លាយជាវប្បធម៌នៃការជូនកាដូ វត្ថុអនុស្សាវរីយ៍ ឬផ្កាដល់គូស្នេហ៍ ឬសង្សារដែលមិនខ្លាចនឹងការចំណាយប្រាក់ដ៏ច្រើននោះទេ។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃទី១៤ ខែកុម្ភៈ យើងសង្កេតឃើញថា យុវវ័យដែលស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សទាំងស្រី ទាំងប្រុសបានធ្វើដំណើរដឹកជញ្ជូនកាដូ ឬផ្កាចុះឡើងៗតាមដងផ្លូវនានា។ ប្រហែលជាថ្ងៃនោះ ពួកគេគ្មានម៉ោងរៀនទេមើលទៅ ឬយ៉ាងណានោះទេ។
រំឭកពីបទពិសោធក្នុងឱកាសដ៏ជ្រួលជ្រើមនេះ យុវជនសេង ចាន់តារាជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែករូបវិទ្យា បានប្រាប់ថា កាលពីលោកនៅរៀនវិទ្យាល័យលោកតែងតែចាត់ទុកថ្ងៃទី១៤ ខែកុម្ភៈជាថ្ងៃបុណ្យសង្សារហើយឆ្លៀតពេលនោះសារភាពស្នេហ៍ចំពោះមុខមិត្ដស្រីនិងបបួលគ្នាដើរលេងតែពីរនាក់។
យុវជនវ័យ២០ឆ្នាំរូបនេះបានបន្តថា៖«វាជាឱកាសសម្រាប់គូស្នេហ៍អាចដើរលេងឬចូលការ៉ាអូខេតែពីរនាក់។ កាលណោះខ្ញុំបបួលសង្សារគេចម៉ោងរៀនទៅដើរលេងទៀតផងពីព្រោះបើក្រៅពីម៉ោងរៀនគេត្រូវតែទៅផ្ទះ។ តាមពិតទៅខ្ញុំមិនបានគិតអ្វីច្រើនហួសពីនេះទេខ្ញុំគ្រាន់តែស្រឡាញ់ចង់នៅតែពីរនាក់ជាពិសេសថ្ងៃបុណ្យសង្សារហ្នឹងតែម្តង»។
លោក បានបង្ហើបទៀតថា មិត្ដភក្ដិប្រុសៗដទៃបន់ឲ្យតែដល់ថ្ងៃបុណ្យសង្សារនេះទេអាងតែបានទៅកៀកកើយជាមួយសង្សារតែពីរនាក់ហើយជួនកាលអាចឈានដល់ការរួមភេទជាមួយគ្នាតែម្ដង។ ប៉ុន្ដែក្រោយមកស្នេហាកាំរន្ទះបែបនេះមិនអាចនៅស្ថិតស្ថេរឡើយ។
រីឯកញ្ញា សុជាតា (ឈ្នោះហៅក្រៅ) បានរៀបរាប់ពីបទពិសោធផ្ទាល់ខ្លួនកាលពីរៀននៅវិទ្យាល័យថា៖ «ខ្ញុំបានបត់ផ្កាយក្រដាសមួយក្រឡសម្រាប់ជូនសង្សារជាទីស្រឡាញ់របស់ខ្ញុំនៅថ្ងៃបុណ្យសង្សារប៉ុន្ដែយើងមិនបានធ្វើអ្វីឲ្យជ្រុលជ្រួសនោះទេ។ ក្រោយមក ដោយសារតែសេចក្ដីស្រឡាញ់ខ្ញុំសុខចិត្ដប្រគល់ខ្លួនឲ្យគេតែមិនទាន់បានមួយឆ្នាំផងគេមានសង្សារថ្មីហើយយើងក៏បែកគ្នា។នេះជាបទពិសោធដ៏ជូរចត់ក្នុងជីវិតយុវវ័យរបស់ខ្ញុំហើយខ្ញុំក៏សម្រេចចិត្តឈប់រៀន»។
កញ្ញា សុជាតា បានផ្តាំផ្ញើថា៖ «ខ្ញុំសង្ឃឹមថាយុវជនខ្មែរជាពិសេសសិស្សស្រីសូមកុំគិតថាការប្រគល់ខ្លួនឲ្យសង្សារជាការបង្ហាញនូវសេចក្ដីស្រឡាញ់ឲ្យសោះ។បើមនុស្សពីរនាក់ពិតជាស្រឡាញ់គ្នាមែនត្រឹមទឹកចិត្ដស្មោះស្ម័គ្រវាគ្រប់គ្រាន់ហើយ។តែបើគេចង់បានខ្លួនយើងនោះគេស្រឡាញ់ត្រឹមតែខ្លួនយើងមួយរយៈពេលប៉ុណ្ណោះ។ចិត្តយុវវ័យផ្លាស់ប្តូរមិនទៀងទាត់ទេម្សិលមិញស្រឡាញ់ថ្ងៃនេះអស់ចិត្ត។សូមកុំបណ្តោយខ្លួនឲ្យខូចអនាគតអស់មួយជីវិត»។

ក្នុងនាមជាម្តាយមួយរូបដែលមានកូនស្រីរៀននៅវិទ្យាល័យពីរនាក់អ្នកស្រី កែវ ផល្លី បានបង្ហាញពីការព្រួយបារម្ភរបស់គាត់ថា៖ «ខ្ញុំពិតជាបារម្ភណាស់ចំពោះក្មេងសម័យឥឡូវព្រោះពួកគេចូលចិត្តធ្វើតាមគ្នា។ឃើញគេមានសង្សារឯងចង់មានដែរចេះតែជ្រួលជ្រើមបើទោះជាខ្ញុំទុកចិត្តកូនស្រីខ្ញុំយ៉ាងណាក៏ដោយក៏វាមិនអាចដឹងគ្រប់ពេលវេលាឡើយ»។
អ្នកស្រី ផល្លី បានបន្ថែមថាអ្វីដែលអាចធ្វើបានអ្នកស្រីនៅតែបន្តប្រដែប្រដៅណែនាំកូនៗដោយលើកយកឧទាហរណ៍ជាក់ស្ដែងមកពន្យល់។
ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សសំពត់បត់ខ្លីត្រឹមជង្គង់និងអាវកឌុបពណ៌ស កញ្ញា អ៊ុក លីសា បានរៀបរាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននាងថា៖ «សម្រាប់ទិវានៃសេចក្តីស្រឡាញ់នេះខ្ញុំក៏បានឮអំពីការណែនាំជាច្រើនតាមទូរទស្សន៍និងចាស់ទុំដូចជាប៉ាម៉ាក់លោកគ្រូ អ្នកគ្រូជាដើមហើយខ្ញុំក៏ដឹងថា ខ្ញុំត្រូវការពារខ្លួនយ៉ាងណាហើយដែរ»។
កញ្ញាវ័យ១៦ឆ្នាំរូបនេះនៅតែអះអាងថា៖«យ៉ាងណាមិញខ្ញុំក៏នៅតែមានគម្រោងដើរលេងជាមួយសង្សារខ្ញុំមួយល្ងាចដែរព្រោះគាត់បានណាត់ខ្ញុំរួចហើយ»។
យោងតាមបទពិសោធការងារជាមួយយុវជន លោក អ៊ូ រតនៈ តំណាងយុវជនកម្ពុជា ជាសមាជិកអគ្គលេខាធិការនៃគម្រោងបុរសជាអ្នកដឹកនាំនៃអង្គការ សហប្រជាជាតិបានពន្យល់ថាដោយសារតែការសិក្សាអប់រំរបស់យុវជនថ្នាក់វិទ្យាល័យឬមហាវិទ្យាល័យនៅមានកម្រិតហើយពួកគាត់កំពុងស្ថិតក្នុងវ័យចង់ដឹងចង់ឮផងទើបចង់ឲ្យនិយមន័យទៅលើថ្ងៃ១៤ ខែកុម្ភៈជាថ្ងៃបុណ្យសង្សារឬការផ្តល់ឲ្យគ្នាទៅវិញទៅមកដែលឈានដល់ការរួមភេទជាដើម។
លោក រតនៈ បានបញ្ជាក់ថាតាមពិតទិវានៃសេចក្តីស្រឡាញ់គឺជាឱកាសដែលយើងអាចជូនដល់មនុស្សទាំងអស់ទាំងគ្រួសារមិត្តភក្ដិចៅហ្វាយនាយ ឬកូនចៅជាដើមវាមិនសំដៅលើតែគូស្នេហ៍នោះទេ។
លោក បានបន្ដថាមែនទែនទៅយុវជនគឺជាភាគីដែលសកម្មជាងនារីនៅថ្ងៃនោះហើយពួកគាត់រឹតតែពុះកញ្ជ្រោលក្នុងការល្បួងភាគីខាងស្រីរួមភេទដែលជាឱកាសនៃការចម្លងមេរោគអេដស៍ ឬកាមរោគទៀតផង។ ដូច្នេះ ទិវានៃសេចក្ដីស្រឡាញ់នេះ បានក្លាយជាការយកចិត្ដទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល និងអង្គការនានាតាមរយៈការបង្កើតវិធានការទប់ស្កាត់និងការពារជាដើម។
លោក រតនៈ បានសង្កត់ធ្ងន់ថាយុវតីគឺជាភាគីរងការខូចខាតយ៉ាងខ្លាំងពីព្រោះពួកគាត់អាចប្រឈមនឹងបញ្ហាមានផ្ទៃពោះទាំងវ័យក្មេង។ ជាទូទៅ នៅពេលដែលស្ថិតក្នុងដំណាក់កាលនេះ ភាគច្រើនភាគីបុរសតែងតែដោះដៃមិនទទួលខុសត្រូវឡើយ។
ដោយសារតែមើលឃើញពីបញ្ហាកើតឡើងចំពោះសិស្សសាលាមួយចំនួនដែលតែងតែលួចគេចវេះពីការសិក្សា លោក វ៉ាន់ ទូ ជាគ្រូបង្រៀនថ្នាក់វិទ្យាល័យមួយរូបបានអះអាងថាលោកគ្រូ អ្នកគ្រូបានខិតខំរឹងបន្តឹងវិន័យកាន់តែខ្លាំងចំពោះបញ្ហាអវត្ដមានសម្រាប់ថ្ងៃទី១៤ ខែកុម្ភៈនេះ។ ប្រសិនបើមានសិស្សអវត្ដមានតែមួយថ្ងៃនោះ វាស្មើនឹងត្រីគុណឬក៏ត្រូវដាក់ឲ្យមានម៉ោងប្រឡងនៅថ្ងៃនោះតែម្ដង។
ស្ថិតក្នុងសម័យសាកលភាវូបនីយកម្មនេះវាពិតជាមិនងាយរាំងខ្ទប់ទង្វើរបស់យុវជននោះទេប៉ុន្តែមុននឹងប្រព្រឹត្តអ្វីមួយយុវជនមិនត្រូវភ្លេចមើលទៅលើបញ្ហាប្រឈមដែលអាចប៉ះពាល់ដល់អនាគតរបស់ខ្លួនឡើយ។ថ្វីដ្បិតតែពិភពលោកនេះមានភាពរីកចម្រើនខ្លាំងយ៉ាងណាក៏ ដោយក៏ប្រទេសនីមួយៗនៅមានវប្បធម៌និងអរិយធម៌របស់ខ្លួន។ដូច្នេះយុវជនខ្មែរមិនត្រូវភ្លើតភ្លើនទៅតាមការលួងលោមឬអូស ទាញដោយភ្លេចពីអនាគតកិត្តិយសខ្លួន ឯង គ្រួសារនិងសង្គម ជាតិនោះទេ៕


