តើអ្នកធា្លប់គិតថាចង់ដាំបន្លែដោយមិនចាំបាច់ប្រើដីដែរឬទេ? កុំបារម្ភអី អ្នកពិតជាអាចដាំបន្លែ និងចិញ្ចឹមត្រីក្នុងទឹកក្នុងពេលតែមួយ។ គេហទំព័រ www.aquaponics.au.com បានបង្ហាញពីវិធីដាំដំណាំនៅក្នុងទឹកចិញ្ចឹមត្រីដែលអាចហុចផល ឲ្យអ្នក២យ៉ាងក្នុងពេលតែមួយ។
ចំពោះដំណាំបន្លែមួយចំនួន ដូចជា សាលាដ ស្ពៃខៀវ ស្ពៃក្រញាញ់ ផ្កា ដំណាំស្លស្លុកនានា អ្នកត្រូវរៀបប្រព័ន្ធបង្ហូរទឹក២ខ្សែ។ ខ្សែទីមួយ បង្ហូរពីអាងចិញ្ចឹមត្រីទៅស្រោចស្រពបន្លែ ពីព្រោះទឹកនោះសម្បូរណ៍បាក់តេរីដែលនឹងបំប្លែងជាជីវជាតិ សម្រាប់ចិញ្ចឹមរុក្ខជាតិ។ ខ្សែទីពីរ បង្ហូរពីរានបន្លែទៅកាន់អាងចិញ្ចឹមត្រីវិញ។ ការប្រើប្រាស់ទឹករង្វិលជុំបែបនេះ បានផ្ដល់អត្ថប្រយោជន៍សម្រាប់ជីវជាតិចិញ្ចឹមរុក្ខជាតិផង និងសម្អាតទឹកកខ្វក់ផង។
រីឯវិធីសាស្រ្ដនៃការដាំវិញ អ្នកត្រូវផ្សាំគ្រាប់ពូជរុក្ខជាតិនៅលើទម្រដីឥដ្ឋរហូតដល់ គ្រាប់ពូជចាប់ផ្ដើមចាក់ឫសប្រមាណ២សប្ដាហ៍ អ្នកអាចយកវាចេញពីទម្រដីឥដ្ឋនោះរួចដាក់ទៅក្នុងប្រហោងទុយោ ឬក៏ប្រហោងបន្ទះក្តារ ឬក៏លោហៈ។
ឥឡូវនេះការដាំដំណាំនៅក្នុងទឹកនៅកម្ពុជាចាប់ផ្តើមលេចជារូបរាង ហើយដោយនៅពេលនេះ នៅសាលាភូមិន្ទកសិកម្មបានចាប់ផ្ដើមពិសោធស្តីពីការដាំដំណាំ ក្នុងទឹកហើយ។
តើមិត្ដយុវវ័យចាប់អារម្មណ៍ពីវិធីដាំដំណាំក្នុងទឹកបែបថ្មីនេះទេ? សូមកុំភ្លេចសាកល្បងមើល!

