ប្រសិនបើអ្នកប្រើអ្វីមួយម្តងរួចហើយ តើអ្នកធ្លាប់មានអារម្មណ៍ថា ចង់ផ្លាស់ប្ដូរម៉ូដតាមរយៈការច្នៃប្រឌិតវត្ថុទាំងនោះជាថ្មី ឡើងវិញដោយខ្លួនឯងឬទេ? ឬក៏អ្នកចង់ទិញវត្ថុប្រើប្រាស់ថ្មីពីហាងដែលត្រូវចំណាយប្រាក់ ខ្ជះខ្ជាយនោះ?
កញ្ញា រដ្ឋា រ៉ូហ្សា ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យច្បារអំពៅ បានប្រាប់ឲ្យដឹងថា៖ «សាមញ្ញបំផុត អ្នកអាចជ្រើសរើសថាតើ អ្នកចង់ប្រើវត្ថុអ្វីមួយដែលគ្មានប្រដូច ឬក៏ប្រើវត្ថុទាំងនោះដូចអ្នកដទៃដែរ?»។
ប្រសិនបើអ្នកចង់បានអ្វីដែលប្លែកខុសពីអ្នកដទៃ សូមសាកល្បងច្នៃប្រឌិតវត្ថុណាមួយតាមចំណូលចិត្ដ បន្ទាប់មកនឹកស្រមៃរចនាម៉ូដដែលអ្នកចង់ច្នៃប្រឌិត។
ក្រោយពីការតុបតែងប្រឌិតលើវត្ថុទាំងនោះរួច អ្នកអាចបន្ថែមពណ៌ ឬក៏គំនូរផ្សេងៗដើម្បីលើកសម្រស់ឲ្យវាក្លាយជាវត្ថុមួយថ្មីដែល មានតែមួយគត់ក្នុងលោក។
កញ្ញា បានបន្ដថា៖ «បើទោះបីជាអ្នកគិតថាខ្ញុំជាមនុស្សកំណាញ់ម៉ៅស្វិតយ៉ាងណាក៏ដោយ ក៏ខ្ញុំអាចសន្សំសំចៃប្រាក់មិនចាំបាច់ទិញរបស់របរថ្មី និងអាចជួយដល់បរិស្ថានផងដែរ»។
កញ្ញា រ៉ូហ្សា បានអះអាងថា ប្រសិនបើកញ្ញាប្រើប្រាស់វត្ថុតិច ក្រុមហ៊ុនក៏មិនចាំបាច់ផលិតនូវផលិតផលរបស់ខ្លួនច្រើនដែរ។ ប្រើប្រាស់វត្ថុច្នៃប្រឌិតថ្មីខុសពីគេ វាមិនមែនជារឿងអ្វីដែលចម្លែកនោះទេ។
សូមបញ្ជាក់ថា វត្ថុដែលអ្នកអាចយកមកច្នៃប្រឌិត មានចាប់ពីបូចងសក់ដែលធ្លាប់ប្រើប្រាស់រួច សម្លៀកបំពាក់ម៉ូដចាស់ៗ គ្រឿងសង្ហារិម និងផលិតផលតុបតែងគេហដ្ឋានជាដើម៕

