គួរកត់សម្គាល់ថា បច្ចុប្បន្នមាននិស្សិតបរទេសមួយចំនួនបាននិងកំពុងបន្តនូវការសិក្សារបស់ខ្លួនតាមរយៈគ្រឹះស្ថានសិក្សានានានៅក្នុងប្រទេសកម្ពុជា។ ការផ្ញើខ្លួនលើទឹកដីនៃប្រទេសផ្សេង ដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួន ប្រាកដជាបានប្រទះនូវអ្វីដែលថ្មីប្លែកជាក់ជាមិនខាន។ លោក ស៊ីន ជីនអូ នឹងបង្ហាញនូវចំណូលចិត្តរបស់ខ្លួនដែលមានចំពោះប្រទេសកម្ពុជា។
លោក ស៊ីន ជីនអូ វ័យ៣១ឆ្នាំ ជាអតីតនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មមកពីប្រទេសកូរ៉េខាងត្បូង និងជានិស្សិតឆ្នាំទី៤ ដែលកំពុងសិក្សាផ្នែកអក្សរសាស្រ្តភាសាអង់គ្លេសក្នុងវិទ្យាស្ថាន ភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងពីមូលហេតុពីការមករស់នៅក្នុងប្រទេសកម្ពុជាថា៖ «ដំបូងលោកប៉ារបស់ខ្ញុំមកធ្វើការនៅទីនេះខ្ញុំក៏មកតាមគាត់។ ឥឡូវគាត់ទៅវិញហើយ ប៉ុន្តែខ្ញុំមិនទាន់ទៅទេ ព្រោះខ្ញុំកំពុងធ្វើការឲ្យវិទ្យាស្ថានឯកជនមួយនៅទីនេះ»។
លោកបានឲ្យដឹងថា ពេលមកដល់ដំបូងពិតជាជួបបញ្ហាលំបាកខ្លះ ប៉ុន្តែដោយសារតែបានស្វែងយល់ និងមានមិត្តភក្តិជាជនជាតិខ្មែរ ទើបបានយល់ពីស្ថានការណ៍នានា និងការរស់នៅរបស់ប្រជាជនខ្មែរនៅទីនេះ។
លោកបានឲ្យដឹងទៀតថា៖ «ម្ហូបខ្មែរ គឺជាផ្នែកមួយនៃចំណូលចិត្តរបស់ខ្ញុំ ខ្ញុំអាចញ៉ាំបានទាំងអស់ សូម្បីតែប្រហុក។ រមណីយដ្ឋានប្រវត្តិសាស្រ្តមានច្រើនណាស់ ខ្ញុំចូលចិត្តទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ហើយពេលខ្លះខ្ញុំទៅមុខវាំង។ អាកាសធាតុនៅទីនេះខុសពីស្រុកខ្ញុំឆ្ងាយណាស់ ហើយក្តៅបន្តិច ប៉ុន្តែខ្ញុំអាចទម្លាប់បាន»។
ជាចុងក្រោយលោកបន្ថែមថា៖ «ទីនេះគឺជាកន្លែងល្អ អ្នកទាំងអស់គ្នាមិនគួរមើលរំលងនោះទេ ហើយការចំណាយក៏មិនថ្លៃដែរ»៕

