ផ្តើមពីសេចក្ដីស្រឡាញ់និងមុខអាជីពរួមគ្នាតាំងពីឆ្នាំ២០១១ អ្នកនាង សួន សុជាតា (Nikki) និង លោក អ៊ួង ទីសាណា បានចាប់ដៃគ្នាពីមុខរបរថតរូបរហូតដល់បង្កើតជាគ្រួសារមួយ។
អ្នកខ្លះគិតថា មុខរបររួមគ្នារវាងប្ដី និងប្រពន្ធអាចបង្កើតមនោសញ្ចេតនាកាន់តែផ្អែមល្ហែមឬអាចបង្កភាពប្រេះឆាតែម្ដង។
ជាក់ស្តែងClay Frame គឺជាសមិទ្ធផលរបស់ពួកគេដែលធ្វើការទាក់ទងជាមួយអតិថិជនតាមរយៈបណ្ដាញអ៊ីនធឺណិតដែលផ្ដល់នូវសេវាកម្មថតរូបតែងបែបទាន់សម័យរូបថតតែងការឬកម្មវិធីផ្សេងៗ។
ក្រៅពីបម្រើសេវាកម្មថតរូបតែងនៅចុងសប្ដាហ៍ លោក សាណា គឺជាអ្នកវិភាគនៅក្រុមហ៊ុនមួយ ហើយ Nikki គឺជានិស្សិតឆ្នាំទី៤ផ្នែក TESOL នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា។
ដំបូងពួកគេមិនបានគ្រោងរកស៊ីមុខរបរជាមួយគ្នានោះទេ ដោយយុវជន សាណា បានឲ្យដឹងថា៖ «ការថតរូបរបស់ពួកយើងចាប់ផ្ដើមពីកាមេរ៉ាដែលប៉ាខ្ញុំបានទិញឲ្យខ្ញុំអំទ្បុងពេលដែលខ្ញុំកំពុងទាក់ទងជាមួយ Nikki កាលពីឆ្នាំ២០០៩។ ខ្ញុំបានសិក្សាពីរបៀបថតរូបដោយខ្លួនឯង ហើយ Nikki គឺជាអ្នកបង្ហាញម៉ូដ»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា វាលន្លង់លន្លោចណាស់ពេលដែលអ្នកអាចធ្វើឲ្យសង្សាររបស់ខ្លួនមើលទៅកាន់តែស្រស់ស្អាត»។
ពួកគេខិតខំរៀនសូត្រពីជំនាញថតរូបនេះតាមរយៈការថតឲ្យមិត្ដភក្ដិដោយឥតគិតថ្លៃរហូតដល់ទទួលបានការគាំទ្រខ្លាំងដែល Clay Frame ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១។
អ្នកនាង Nikki និង លោក សាណា តែងតែយល់នូវគំនិតសិល្បៈរបស់រូបភាពដែលអ្នកទាំងពីរចង់បាន។ ពួកគេមិនយល់ស្របជាមួយមតិខ្លះដែលប្រាប់ថា របៀបការងារថតរូបរបស់ពួកគេដែលត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួតគឺជារឿងល្ងង់ខ្លៅ ប៉ុន្ដែតាមពិតការថតរូបវាមានលក្ខណៈខុសគ្នាជាមួយការងារផ្សេង។
អ្នកនាង Nikki បានឲ្យដឹងថា៖ «ពួកយើងត្រូវតែធ្វើការជាមួយគ្នាបើមិនដូច្នោះទេគុណភាពនៃរូបភាពទាំងអស់នោះមិនអាចពេញបរិបូរណ៍ឡើយ»។ ជាទូទៅនៅពេលដែលលោក សាណា ធ្វើជាជាងថតរូបរៀបចំប្លង់ថត អ្នកនាង Nikki នឹងធ្វើជាអ្នកតែងមុខធ្វើសក់ និងជួយរៀបចំម៉ូដសម្លៀកបំពាក់ជូនអតិថិជនពីព្រោះអតិថិជនភាគច្រើនគឺជាស្ដ្រី ហើយពួកគេធ្វើការកែសម្រួលរូបភាពជាមួយគ្នា។
ប្រាកដណាស់ការសហការជាមួយគ្នានិងទំនាក់ទំនងដល់ស្អិតល្មួតរវាងប្ដី ប្រពន្ធ គឺជាកត្ដាចម្បងឆ្ពោះទៅរកភាពជោគជ័យនៃមុខរបរការថតរូបរបស់ពួកគេ៕

