ភ្នំពេញៈ កងកម្លាំងមកពីប្រទេសចំនួន៩បានចូលរួមវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន និងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់ លើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល៣សប្តាហ៍ ដែលត្រូវបានបិទបញ្ចប់នាថ្ងៃទី៩ ខែធ្នូ នេះ។
វគ្គហ្វឹកហ្វឺននេះរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចសហការពីប្រទេសបារាំង និងអូស្ត្រាលី ក្នុងក្របខ័ណ្ឌបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីនបានដកស្រង់របាយការណ៍របស់លោក សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងរក្សាសន្តិភាព (NPMEC) ដែលបានលើកឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះថា៖ «វគ្គហ្វឹកហ្វឺននេះមានរយៈពេល៣សប្តាហ៍ និងមានសិក្ខាកាមមកពីកម្ពុជា ឥណ្ឌូនេស៊ី ថៃឡង់ ហ្វីលីពីន នេប៉ាល់ ឡាវ ម៉ុងហ្គោលី ម៉ាឡេស៊ី វៀតណាម និងបង់ក្លាដែស»។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកវគ្គហ្វឹកហ្វឺន នេះថាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមកទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តំបន់ ឬសកលលោក។
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះ លោកលើកឡើងថា សិក្ខាកាមដែលទទួលបានការហ្វឹកហ្វឺន នឹងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព ស្របនឹងនិយាមរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព។
ខណៈប្រទេសបារាំងបានផ្តល់ហិរញ្ញវត្ថុ និងបានបញ្ជូនយោធាចារ្យ រួមជាមួយយោធាចារ្យនៃប្រទេសអូស្ត្រាលី ក្នុងការជួយគាំទ្រ និងផ្តល់ការហ្វឹកហ្វឺនក្នុងវគ្គនេះ លោក លី ធុជ បញ្ជាក់ថា៖ «[នេះ] គឺជាការបង្ហាញនូវការប្ដេជ្ញា និងការគាំទ្រឥតឈប់ឈរចំពោះសកម្មភាពមីននៅកម្ពុជា និងប្រទេសក្នុងតំបន់»។
លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានចូលរួមជាគណៈអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះជាមួយលោក លី ធុជ ផងដែរ។
លោកទេសរដ្ឋមន្ត្រីរូបនេះ បានណែនាំឱ្យកងកម្លាំងរក្សាសន្តិភាពទាំងអស់ ដែលត្រូវចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិត្រូវបម្រើប្រទេស និងប្រជាជនទាំងនោះឱ្យដូចជាប្រទេសរបស់ខ្លួន ដោយលោកបញ្ជាក់ថា៖ «ទង្វើទាំងនេះ នឹងស្ថិតក្នុងបេះដូង និងការចងចាំជានិច្ច»។
លោក លី ធុជ បន្តថា រយៈពេលជាង១៦ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក៕


