ភ្នំពេញៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំឱ្យមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការរួម រួមទាំងការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សារវិវាទការងារ ហើយចាប់តាំងពីឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយវិវាទការងារប្រកបដោយតម្លាភាព បានធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់ចុះយ៉ាងខ្លាំងដែរ។ នេះជាការលើកឡើងរបស់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកអ៊ិត សំហេង បានថ្លែងបែបនេះទៅកាន់លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក(National Academy for Arbitrators) ដែលបានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយរូបលោកកាលពីថ្ងៃទី៨ធ្នូ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ក្រសួងការងារ។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារនេះ ក្នុងគោលបំណងដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ។
ក្រៅពីនេះ ក៏ដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីអ៊ិត សំហេង បានចែករំលែកព័ត៌មានពីការវិវត្តន៍ និងការរីកចម្រើនពីវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជា ទើបទទួលបានការរីកចម្រើនជាបណ្តើរៗ នូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដោយផ្សារភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។
ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ចូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨ ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។
លោកអ៊ិត សំហេង បានបញ្ជាក់ទៀតថា កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយសារបញ្ហា ការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈ មានការប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារសិទ្ធិ និងអត្ថប្រយោជន៍ មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។
ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូលាយថែមទៀត ក្រសួងក៏បានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះស្រាយវិវាទការងារបុគ្គលបាន។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលធ្វើឱ្យមានការផ្លាស់ប្តូរគួរជាទីមោទន:។
បើយោងតាមក្រសួងការងារលោក Alan Symonette បានថ្លែងអំណរគុណដល់លោកអ៊ិត សំហេង ដែលបានចែករំលែកនូវព័ត៌មានល្អៗ ក៏ដូចជាបទពិសោធន៍របស់កម្ពុជាទៅលើការគ្រប់គ្រងវិស័យការងារ។
លោក Alan Symonette ក៏បានចែករំលែកពីបទពិសោធន៍ ពីបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចម្រើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានប្រមាណ ៦០០នាក់ ហើយដែលត្រូវបានទទួលស្គាល់ថា ជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលបានការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។
លោក Alan Symonette បានលើកពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់លើប្រសិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។
តាមការស្នើសុំរបស់លោកអ៊ិត សំហេង លោក Alan Symonette ក៏បានសន្យាថា នឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក មានសាស្ត្រាចារ្យមានបទពិសោធន៍ខ្ពស់ ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕


