ភ្នំពេញៈ ការចោទប្រកាន់ពីការអនុវត្តតួនាទីដ៏គួរឲ្យសង្ស័យមួយនៅក្នុងរដ្ឋបាលព្រៃឈើ បានលេចឡើងក្នុងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទៅលើនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ លោក ច័ន្ទថេត ថានរៈ។
លោក ច័ន្ទថេត ថានរៈ ត្រូវបានចោទប្រកាន់ពីបទលេបប្រាក់បំណាច់របស់បុគ្គលិកនាយកដ្ឋានទាំងមូល ទារសោហ៊ុយពីឈ្មួញជួញឈើលើអត្រាកំណត់ ២៥ ដង ការពារឈ្មួញជួយដូរព្រៃឈើខុសច្បាប់ និងកាន់កាប់អំណាចទាំងស្រុងនៅក្នុងការិយាល័យរដ្ឋបាលព្រៃឈើរាជធានី។
នៅក្នុងលិខិតបញ្ជាក់មួយទៅកាន់ ACU ដែលមានចុះថ្ងៃទី ៣១ ខែសីហា និងត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន លោកច័ន្ទថេត ថានរៈ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ព្រមទាំងបានរិះគន់បកទៅមន្រ្តីក្រោមបង្គាប់របស់លោកបីនាក់ថា មិនមានសមត្ថភាពសមនឹងតំណែង ដែលពួកគេបានឡើងមកកាន់ ចេញពីការងារកម្រិតទាបបំផុតមួយនៃរដ្ឋបាលព្រៃឈើខេត្ត។
ពីរនាក់ក្នុងចំណោមនោះ មានឈ្មោះ សេង លី មកពីខេត្តកោះកុង និង អ៊ុន វណ្ណារិទ្ធិ មកពីខេត្តកណ្តាល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយកាលពីម្សិលមិញ។ អ្នកទីបី គឺឈ្មោះ កាំ សីហា មកពីខេត្តស្វាយរៀង ដែលលោក ច័ន្ទថេត ថានរៈ បានអះអាងថា បានឡើងឋានៈពីរដងក្នុងរយៈពេល ៣០ ថ្ងៃ បាននិយាយថា រូបគេមិនដឹងអ្វីសោះពីការចោទប្រកាន់នេះ ហើយក៏បានដាក់ទូរស័ព្ទចុះ។
លោក អោម មធរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ដែលសេង លី បានបំពេញការងារមុនពេលឡើងតំណែង បានលើកឡើងកាលពីម្សិលមិញថា ការដំឡើងតំណែងស្ថិតក្រោមការបញ្ជារបស់លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោកនិយាយថា៖«ធ្វើម៉េចខ្ញុំដឹង? មានតែរដ្ឋមន្រ្តីទេបានដឹង» ហើយក៏បានដាក់ទូរស័ព្ទចុះ។
មិនអាចទាក់ទងលោក ឡ រស្មី មន្រ្តីនាំពាក្យរបស់ក្រសួងកសិកម្មដើម្បីសុំការអត្ថាធិប្បាយបានឡើយ៕ TN


