ភ្នំពេញៈ លោក ម៉ៅ ពៅ ដែលត្រូវបានដកចេញពីតំណែងជាស្នងការនគរបាលខេត្តព្រះវិហារកាលពីឆ្នាំ ២០១២ បន្ទាប់ពីបាញ់បោះពេលស្រវឹង ត្រូវបានដកតំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ម្តងទៀត។ នេះបើតាមមន្រ្តីនាំពាក្យនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញ។
លោក ម៉ៅ ពៅ ត្រូវបានដកចេញពីតំណែងជាស្នងការនគរបាលខេត្តព្រះវិហារនៅខែតុលា ឆ្នាំ ២០១២ បន្ទាប់ពីលោកបានផឹកស្រាស្រវឹង ហើយទាញកាំភ្លើងបាញ់ទៅលើកាលពីកញ្ញា ឆ្នាំ ២០១២ នៅបន្ទប់សណ្ឋាគារមួយនៅខេត្តសៀមរាប ហើយនៅមុននោះមួយខែទៀត លោកក៏ត្រូវបានស្រ្តីម្នាក់ចោទថា បានវាយនាងនឹងកាំភ្លើងវែងផងដែរ។
លោកត្រូវបានចាត់តាំងជាស្នងការ កងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ កាលពីខែមេសា ឆ្នាំ ២០១៤ បន្ទាប់ពីខេត្តនេះត្រូវបានបង្កើតឡើងនៅភាគខាងកើតខេត្តកំពង់ចាម ក៏ប៉ុន្តែលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់ថា លោកនឹងត្រូវដកចេញពីមុខតំណែងនេះ ហើយត្រលប់មកកាន់ការងារមួយនៅអគ្គស្នងការវិញ។
លោក គៀត ច័ន្ទថារិទ្ធ មិនបានបញ្ជាក់ថា លោក ម៉ៅ ពៅ នឹងចូលទៅកាន់មុខងារអ្វីនោះឡើយ ក៏ប៉ុន្តែ លោក ប៉ែន រ័ត្ន ដែលជាស្នងការនគរបាលខេត្តកំពង់ចាម នឹងចូលទៅកាន់តួនាទីជាស្នងការនគរបាលខេត្តត្បូងឃ្មុំវិញ។ ឯចំណែកតំណែងជាស្នងការខេត្តកំពង់ចាម ត្រូវបានទៅលើលោក ឯម កុសល ជាស្នងការរងនៃខេត្តនេះ។
លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថា៖ «ការផ្ទេរតួនាទីគឺជារឿងធម្មតាសម្រាប់នគរបាល នៅពេលដែលមានការចាំបាច់ក្នុងការងារ ហើយត្រូវការមនុស្សម្នាក់ទៀតមកបំពេញតម្រូវការ»។
លោកបានបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលថា លោក ម៉ៅ ពៅ គឺជាស្នងការនគរបាលដែលពុករលួយ និងមិនត្រូវបានគេចូលចិត្ត។
លោកនិយាយថា៖ «មិនពិតដូចនេះ ហើយក៏មិនមានការបាញ់បោះអ្វីដែរ។ នេះដោយសារតែ នៅខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន អាចគ្រប់គ្រងភូមិសាស្រ្ត និងការងារបាន»។
លោក ម៉ៅ ពៅ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ បន្ទាប់ពីបានបាញ់បួនគ្រាប់នៅក្នុងបន្ទប់សណ្ឋាគារកាលពីឆ្នាំ ២០១២ ពោលគឺត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្រ្តីបានបញ្ជារឲ្យមានការបង្ក្រាបលើក្រុមមន្រ្តីដែលបាញ់បោះកាំភ្លើងតាមកំហឹង។ លោក ម៉ៅ ពៅ បានអះអាងថា នៅពេលនោះ លោកខ្លាចមានអ្នកចូលមកក្នុងបន្ទប់ដោយមិនមានការអនុញ្ញាត។
លោក ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក ម៉ៅ ពៅ នឹងក្លាយជាអនុប្រធាននាយកដ្ឋានមួយនៅអគ្គស្នងការនគរបាលជាតិ ក៏ប៉ុន្តែលោកមិនចាំថា ជានាយកដ្ឋានមួយណានោះឡើយ។ លោកបញ្ជាក់ថា នេះគឺជាការវិវឌ្ឍន៍ធម្មតាមួយសម្រាប់ស្នងការនគរបាលមួយរូប។
លោក ខៀវ សុភ័ក្ត្រ ឲ្យដឹងទៀតថា លោកមិនអាចអត្ថាធិប្បាយលើសសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកពីកេរ្តិ៍ឈ្មោះមិនល្អរបស់លោក ម៉ៅ ពៅ នៅអំឡុងពេលស្ថិតនៅក្នុងតំណែងនៅខេត្តត្បូងឃ្មុំ ឬការចោទប្រកាន់ថា លោកបានបាញ់បោះកាំភ្លើងម្តងទៀតបានឡើយ។
លោកនិយាយថា៖ «អាចមានខ្លះត្រូវ ខ្លះទៀតមិនត្រូវ»៕ TN


