ភ្នំពេញ: ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ខែកក្កដានេះ បានជំរុញឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់បើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឲ្យបានមុនថ្ងៃទី២៧ ខែកក្កដាដើម្បីសម្រួលដល់ការទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ខណៈសហជីព បានសាទរទាំងចម្លែកក្នុងចិត្ត។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងនេះថា៖«ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩កក្កដាខាងមុខនេះ សូមម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឲ្យបានមុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលបានទាន់ពេលវេលាទេសូមអនុញ្ញាតឲ្យកម្មករនិយោជិតទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយ មុនថ្ងៃទី២៧ កក្កដា»។
ជុំវិញសេចក្ដីជូនដំណឹងនេះ លោក Choong Wei Piau ប្រធានគ្រប់គ្រងទូទៅនៃរោងចក្រផលិតសម្លៀកបំពាក់ (Berry Apparel (Cambodia) Co.Ltd) បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី៩កក្កដានេះថា លោកបានទទួលសេចក្ដីជូនដំណឹងនេះរួចហើយដោយលោកកំពុងប្រជុំជាមួយក្រុមការងារដើម្បីសម្រួលនិងឆ្លើយតបតាមក្រសួងការងារ។
លោកបញ្ជាក់ថា៖«ពួកខ្ញុំនឹងគោរពតាមសេចក្ដីជូនដំណឹងនេះ ប៉ុន្ដែទន្ទឹមនឹងនេះយើងក៏អាចនឹងមានបញ្ហាប្រឈមខ្លះដែរហើយយើងនឹងប្រញាប់ដោះស្រាយវាឲ្យបានទាន់ពេលវេលា។ ខ្ញុំអត់មានអ្វីជំទាស់ទេ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជានិងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានគាំទ្រសេចក្ដីជូនដំណឹងនេះដោយលោកថាស្របតាមច្បាប់ស្ដីពីការងារ។ ប៉ុន្តែលោកមានអារម្មណ៍ប្លែកក្នុងចិត្តថាកាលពីអាណត្តិមុនៗក្រសួងមិនបានសម្រួលដល់កម្មករបែបនេះទេ តែអាណត្តិនេះសម្រួលយ៉ាងសន្ធឹកសន្ធាប់តែម្ដង។
លោកបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍ប្លែកដែរ ព្រោះអាណត្តិមុនៗដូចជាមិនសូវយកចិត្តទុកដាក់ដល់ម្លឹងទេ តែយ៉ាងណា ខ្ញុំក៏សប្បាយចិត្តនៅពេលក្រសួងយកចិត្តទុកដាក់បែបនេះ ហើយខ្ញុំក៏សូមឲ្យក្រសួងធ្វើបែបនេះជារៀងរហូតគ្រប់អាណត្តិទាំងអស់។ ចំណែកខាងរោងចក្រក៏អាចប្រឈមការលំបាកខ្លះដែរ»៕


