ភ្នំពេញៈ កីឡាករកម្ពុជា វេង សុភ័ក្រ បានឈ្នះ ៣ ពិន្ទុពី Loom Leng ដោយស្វ័យប្រវត្តិ ក្នុងការប្រកួតខ្សែក្រវាត់ Wurkz ទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀន SEATV កាលពីថ្ងៃអាទិត្យ ខណៈកីឡាករថៃម្នាក់នេះ បានអវត្តមានពេលប្រកួតជាក់ស្តែង ប៉ុន្តែ ទេស ជីវ៉ា បានទទួលត្រឹមការគាំទ្រពីអ្នកទស្សនា ខណៈចៅក្រុម បានសម្រេចឲ្យរូបគេចាញ់ថៃ Pha Yaklek ដោយមិនឯកច្ឆន្ទ។
ការអវត្តមានរបស់ជើងខ្លាំង Loom Leng នេះ គឺភាគីថៃបាននាំយកកីឡាករថៃ A Ramboy មកប្រកួតមិត្តភាពបង្រ្គប់កិច្ចជាមួយ វេង សុភ័ក្រ ដោយក្នុងនោះ វេង សុភ័ក្រ ទទួលបាន ៣ ពិន្ទុដោយស្វ័យប្រវត្តិ បើទោះបីជាការរូបគេ ប្រកួតឈ្នះ ឬចាញ់ A Ramboy ក៏ដោយ។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតបង្រ្គប់កិច្ចនោះ វេង សុភ័ក្រ ធ្វើបានយ៉ាងល្អ ក្នុងការផ្តួល A Ramboy ឲ្យសន្លប់ធំ នៅត្រឹមទឹកទី ៣ ដោយការប្រើស្នៀតកែងចំថ្គាម ហើយការប្រកួតនេះមានភាពជក់ចិត្តផងដែរ ព្រោះមុនពេលសន្លប់នេះ A Ramboy បានចូលប្តូរកែងជាមួយ វេង សុភ័ក្រ យ៉ាងរន្ធើន។
ផ្ទុយពីនេះកីឡាករ ទេស ជីវ៉ា បានតស៊ូជាមួយថៃ Pha Yaklek យ៉ាងស្វិតស្វាញបំផុត ប៉ុន្តែរូបគេត្រូវបានប្រកាសឲ្យចាញ់ដោយពិន្ទុមិនឯកច្ឆន្ទ គឺ ៤ ទល់ ១។ ការសម្រេចឲ្យ ទេស ជីវ៉ា ចាញ់នេះ ទទួលរងការរិះគន់ពីអ្នកទស្សនាភាគច្រើន ដោយអ្នកទាំងនោះ បានហៅចៅក្រមកាត់សេចក្តីនៅសង្វៀន SEATV ថា ភាគច្រើនមានភាពលម្អៀងទៅរកកីឡាករថៃច្រើនជាង ក្នុងការផ្តល់ពិន្ទុ ខុសពីសង្វៀនដទៃ ដែលនិយមគាំទ្រ និងផ្តល់ការលើកទឹកចិត្តឲ្យកីឡាករខ្មែរជាម្ចាស់ផ្ទះ។

ចំណែកកីឡាករ ទេស ជីវ៉ា ផ្ទាល់ក៏មិនពេញចិត្តចំពោះការសម្រេចឲ្យរូបគេចាញ់ពិន្ទុថៃ Pha Yaklek លើកនេះផងដែរ ដោយរូបគេអះអាងក្រោយការប្រកួតថា៖ «ការកាត់សេចក្តីនេះ មានភាពលម្អៀងទៅលើកីឡាករថៃ»។
យោងតាមលទ្ធផល ការប្រកួតវគ្គជម្រុះសន្សំពិន្ទុ ត្រឹមសប្តាហ៍ទី ៣ នេះ គឺ វេង សុភ័ក្រមាន ៦ ពិន្ទុ ខ្ពស់ជាងគេ ឯ ឡុង សំណាង មាន ៣ ពិន្ទុ, ទេស ជីវ៉ា មាន ២ ពិន្ទុ ដោយចាញ់ទាំង ២ លើក ហើយ ឌុម កែវដា មាន ១ ពិន្ទុ ព្រោះបានចាញ់ក្នុងការប្រកួតបើកឆាក។
យ៉ាងណាក៏ដោយ នៅក្នុងចំណោមកីឡាករកម្ពុជាទាំង ៤ រូបខាងលើ អ្នកទស្សនា ហាក់ផ្តល់ភាពជឿជាក់ទៅលើ ឡុង សំណាង ច្រើនជាង វេង សុភ័ក្រ ក្នុងការទទួលបានឱកាសឡើងទៅប្រកួតផ្តាច់ព្រ័ត្រតំណាងឲ្យពូលកម្ពុជា ទោះបីជាពេលនេះ វេង សុភ័ក្រ មាន ៦ ពិន្ទុខ្ពស់ជាង ឡុង សំណាង ក៏ដោយ ប៉ុន្តែ សំណាង ទើបប្រកួតបាន ១ លើកទេ និងទទួលបានលទ្ធផលឈ្នះតែម្តង។
ឡុង សំណាង បាននិយាយថា៖ «ខ្សែក្រវាត់លើកនេះ ខ្ញុំរំពឹងខ្ពស់ ហើយឧបសគ្គរបស់ខ្ញុំ គឺមានតែកីឡាករថៃ Loom Leng ដែលធ្លាប់វ៉ៃស្មើជាមួយខ្ញុំ ប៉ុន្តែតាមដំណឹងកីឡាករថៃ Loom Leng អាចនឹងដកខ្លួនពីការប្រកួតនេះ ព្រោះគេមានបញ្ហានៅក្លិប អ៊ីចឹងវាជាឱកាសងាយស្រួលសម្រាប់ខ្ញុំ ក្នុងការប្រជែងយកខ្សែក្រវាត់នេះ»។
ចំណែកលោក ញាន សុធី បាននិយាយថា៖ «នៅក្នុងចំណោមកីឡាករថៃទាំង ៤ នាក់ គឺមាន Loom Leng ល្អជាងគេ ដែលរំពឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបើគេមានបញ្ហាសុខភាពឬអវត្តមានយ៉ាងណានោះ ឱកាសអាចនឹងបានទៅកីឡាករ Fa Nemith ឬ Pha Yaklek ដែលកំពុងប្រជែងគ្នាក្នុងពូល»។

លោកបន្ថែមថា ទោះជាយ៉ាងណា ការប្រកួតដណ្តើមខ្សែក្រវាត់វគ្គជម្រុះ ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ Wurkz នេះ នៅតែរក្សាបាននូវភាពរលូន មានការគាំទ្រ ព្រមទាំងដំណើរការបាន ដោយមិនរអាក់រអួលទេ ហើយអ្នកមានសមត្ថភាពពិតប្រាកដ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារ និងខ្សែក្រវាត់មិនខាន៕


