ព្រៃវែងៈ បន្ទាប់ពីមានរោគសញ្ញាដូចផ្តាសាយនៅក្នុងខេត្តព្រៃវែងដែលនាំឲ្យអ្នកភូមិជាង ៥០០ នាក់បានទៅរកគ្រូពេទ្យពិនិត្យ និងព្យាបាលនោះមន្រ្តីអ្នកនាំពាក្យម្នាក់ក្រសួងសុខាភិបាលបានថ្លែងថាលទ្ធផលកាលពីម្សិលមិញបានបង្ហាញថាវាជាករណី H1N1 ដែលជាជំងឺផ្តាសាយតាមរដូវ។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណបាននិយាយថាការដែលពលរដ្ឋនាំគ្នាចូលពេទ្យនេះដោយសារពួកគាត់មានការភ័យខ្លាច។
លោក គៀង តារា ប្រធានមន្ទីរពេទ្យបង្អែកអ្នកលឿងបានថ្លែងថាមានពលរដ្ឋចំនួន ១០៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកកាលពីថ្ងៃសៅរ៍ប៉ុន្តែមានតែ ១០ នាក់ប៉ុណ្ណោះត្រូវបានទទួលឲ្យចូលពេទ្យដើម្បីព្យាបាល។ រីឯអ្នកដទៃទៀតទទួលបានថ្នាំសម្រាប់ជំងឺគ្រុនធម្មតា និងមានការផ្ដល់ថ្នាំអង់ទីប៊ីយ៉ូទិកផងដែរពីមុនពេលបញ្ជូនពួកគេឲ្យទៅផ្ទះវិញ។
លោក គៀង តារា បានថ្លែងថាក្រោយមានសញ្ញានៃជំងឺនេះភ្លាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានចុះទៅមន្ទីរពេទ្យនេះកាលពីចុងសប្តាហ៍មុន។
លោកបានប្រាប់ថាអ្នកជំងឺវ័យចាស់ជាងគេក្នុងចំណោមនោះមានអាយុ ៥០ ឆ្នាំ និងក្មេងបំផុតគឺអាយុ ១ ឆ្នាំក្នុងនោះមាន ៣១ នាក់ជាមនុស្សស្រី។
លោកបានបញ្ជាក់ថា៖ «យើងទុក ១០ នាក់នៅមន្ទីរពេទ្យពីព្រោះសីតុណ្ហភាពរបស់ពួកគេមានកម្រិតខ្ពស់ខ្លាំង។ ប៉ុន្តែមិនមានការគំរាមកំហែងដល់ជីវិតនោះទេ»។
លោក តារា បន្តថាក្នុងចំណោមអ្នកជំងឺ ១០ នាក់នោះ ៦ នាក់ត្រូវបានបូមឈាមដើម្បីរកវីរុសដែលបានបណ្តាលឲ្យមានរោគសញ្ញានៅក្នុងខ្លួនពួកគេ។ រោគសញ្ញាត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ។
លោក លី សុវណ្ណ បានថ្លែងថាលទ្ធផលបឋមបានបង្ហាញថាមនុស្ស ៥ នាក់មានជំងឺផ្តាសាយតាមរដូវ។ លោកថានេះគឺជាពេលដែលមានជំងឺផ្តាសាយតាមរដូវដែលប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្ន។
លោក អឿ លុច មេឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែងបានថ្លែងថាលោកបានទទួលព័ត៌មាននេះពីមេភូមិថាប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិចាក់ខ្លាញ់មានរោគសញ្ញាទូទៅដែលរួមមាន គ្រុន ក្អក និងពិបាកដកដង្ហើម។
លោកបានបន្ថែមថាអ្នកភូមិប្រហែល ១១០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿងកាលពីថ្ងៃសៅរ៍។
លោកថា៖ «ខ្ញុំគិតថាប្រជាជនចាប់ផ្តើមមានរោគសញ្ញាបែបនេះបីទៅបួនថ្ងៃ [មុនថ្ងៃសុក្រ] ប៉ុន្តែមេភូមិរបស់ខ្ញុំគិតថាវាគ្រាន់តែជារោគសញ្ញាធម្មតាប៉ុន្តែបន្ទាប់មកមនុស្សច្រើនឡើងៗចាប់ផ្តើមមានរោគសញ្ញាដូចគ្នា»។
លោក លុច បានថ្លែងថានៅថ្ងៃដដែលនោះមន្រ្តីសុខាភិបាលបានមកភូមិ និងផ្តល់ការព្យាបាលទៅប្រជាជនប្រមាណ ៥៥០ នាក់។ ក្នុងចំណោមអ្នកភូមិទាំងនោះ ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានសីតុណ្ហភាពខ្ពស់ខ្លាំង។
លោក លុច បន្តថាបុគ្គលិកពេទ្យបានមកពីមណ្ឌលសុខភាពបាបោង និងនៅប្រចាំការក្នុងភូមិរយៈពេលបីថ្ងៃពេលមានករណីនេះកើតឡើង។
លោកបានឲ្យដឹងថាប្រហែល ១០ ថ្ងៃមុនមានសត្វទាប្រហែល ១០០ ក្បាលជារបស់អ្នកភូមិម្នាក់ក្នុងភូមិបានងាប់។ គាត់បានលក់វាទៅអ្នកភូមិដទៃទៀត។
ប៉ុន្តែលោកថា៖ «ខ្ញុំមិនប្រាកដថាតើនោះជាបុព្វហេតុ ឬអត់នោះទេពីព្រោះវាកើតឡើងកាលពី ១០ ថ្ងៃមុន»៕ PS


