ស្ទឹងត្រែងៈ ពលរដ្ឋជនជាតិដើមភាគតិចព្នងជាង ១០០ នាក់នៅក្នុងសហគមន៍ក្បាលរមាសបានកាប់ក្របីធ្វើពិធីសែនព្រេនភូមិនៅក្នុងទឹកកាលពីម្សិលមិញ បន្ទាប់ពីមានអ្នកឈឺដោយជឿថាបណ្តាលមកពីអ្នកតាភូមិធ្វើ ព្រោះខឹងនឹងពួកគាត់រើអីវ៉ាន់ចេញពីភូមិ ដែលត្រូវបានពន្លិចដោយទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
ពលរដ្ឋទាំងនោះបានបដិសេធមិនព្រមចាកចេញពីភូមិបាននាំគ្នារៃអង្គាសប្រាក់ ដើម្បីទិញក្របី ១ ក្បាល, ជ្រូក ២, មាន់, ស្រាពាង និងសម្ភារផ្សេងៗទៀត ហើយយកទៅប្រារព្ធពិធីសែនព្រេនដល់អ្នកតាភូមិ កុំឲ្យខឹងនឹងពួកគេ។ ពិធីសែនព្រេននោះពួកគាត់បានចំណាយ ថវិកាផ្ទាល់ខ្លួនអស់ប្រមាណជា ៧០០ ដុល្លារអាមេរិកផងដែរ។
លោកស្រី កង បាន ថ្លែងថាចាប់តាំងពីលំនៅឋានរបស់ពួកគាត់ត្រូវជន់លិចដល់ពាក់កណ្តាលសសរផ្ទះដោយសារបិទទំនប់វារីអគ្គិសនីកាលពីខែមុនមកនោះ ពួកគាត់បានរើអីវ៉ាន់ទៅនៅតាមវាលស្រែចម្ការខ្ពស់ៗដើម្បីកុំឲ្យលិចទឹក។ ការរើចេញបណ្តោះអាសន្ននេះធ្វើឲ្យអ្នកតាភូមិយល់ច្រឡំថាពួកគាត់បានចាកចេញ និងបោះបង់ភូមិក៏ដូចជាអារុក្ខ អារក្សអ្នកថែរក្សាភូមិចោល។ ហេតុនេះព្រលឹងទាំងនោះបានធ្វើឲ្យអ្នកភូមិប្រមាណជា ១០ នាក់ឈឺគ្រុនជាបន្តបន្ទាប់។
លោកស្រីបញ្ជាក់ថា៖ «យើងនាំគ្នាសែនលើក្បូនក្នុងទឹកនៅកណ្តាលភូមិ ដើម្បីប្រាប់ដូនតាថាកុំឲ្យភ្ញាក់ផ្អើល កុំឲ្យធ្វើទុក្ខបុកម្នេញពួកយើងឲ្យឈឺគ្រុន។ ពួកខ្ញុំអត់បានចេញពីភូមិទេគឺនៅភូមិចាស់ដដែល។ សុំឲ្យបានសុខទាំងអស់គ្នា កុំឲ្យមានរឿងមានរ៉ាវអី»។
សហគមន៍ក្បាលរមាសចំនួន ៥៨ គ្រួសារក្នុងចំណោម ១៤០ គ្រួសារបានក្រាញននៀលរស់នៅភូមិចាស់ដោយមិនព្រមទទួលយកសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ ទៅរស់នៅជាប់នឹងផ្លូវជាតិលេខ ៧៨ ថ្មីឡើយ។
លោក វឿន សម្បត្តិ មេឃុំក្បាលរមាសបានយល់ឃើញថាការឈឺគ្រុននោះគឺមិនមែនដោយសារតែព្រលឹងដូនតាធ្វើទេ។ ប៉ុន្តែវាបណ្តាលមកពីការរស់នៅមិនស្អាតពេលទឹកលិច និងអាចមកពីមូសខាំពេលទៅនៅក្នុងព្រៃឯដីស្រែចម្ការ។
លោកថ្លែងថា៖ «វាមិនមែនមកពីអារុក្ខអារក្សឯណាទេ។ អ៊ីចឹងអ្នកមកភូមិថ្មីម៉េចអារុក្ខអារក្សមិនធ្វើគាត់ផង?។ ការរស់នៅមិនស្អាតវាតែងតែឈឺហើយ»។ «អ្នកឈឺជំងឺគ្រុនចាញ់នឹងស្លាប់ បើគ្មានការព្យាបាលដោយពេទ្យឲ្យបានត្រឹមត្រូវដែលមិនអាចសែនព្រេនជានោះទេ»។
លោក ហូ សំអុល អ្នកសម្របសម្រួលអង្គការអាដហុកខេត្តស្ទឹងត្រែងបានយល់ឃើញថាជនជាតិដើមគឺមានជំនឿទៅតាមតំបន់រៀងៗខ្លួនដូច្នេះមិនអាចមើលងាយផ្នូរសព ឬអ្នកតាដែលជាជំនឿរបស់ពួកគេទេ។
ទំនប់វារីអគ្គិសនីសេសានក្រោម ២ កម្លាំង ៤០០ មេហ្គាវ៉ាត់ដែលធំជាងគេនៅកម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែកញ្ញាកន្លងមក។
អាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានចេញសេចក្តីជូនដំណឹងមួយដល់ពលរដ្ឋដែលមិនទាន់ព្រមទទួលយកសំណងទាំង ២ ភូមិនោះពីការបិទទ្វារទឹកបន្ថែមរបស់ក្រុមហ៊ុនដើម្បីរក្សាទឹកទុកសម្រាប់ដំណើរការម៉ាស៊ីនអគ្គិសនីទី ១ (ទួប៊ីនទី ១) នៅចុងខែវិច្ឆិកានេះ៕


