កំពតៈ នគរបាលខេត្តកំពតកំពុងបន្តស៊ើបអង្កេតរកការពិតបន្ទាប់ពីមានករណីឃាតកម្មលើបុរសម្នាក់ដោយកាត់ក្បាលកាលពីថ្ងៃទី ២០ ខែវិច្ឆិកានៅភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីឃាតកម្មនោះរហូតមកទល់ពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ប៉ុន្តែបានសង្ស័យថាអាចជារឿងគំនុំច្រើនជាងអំពើអ្វីផ្សេង។
លោកបញ្ជាក់ថាបើតាមការចុះទៅដល់ភូមិកើតហេតុ អ្នកភូមិភាគច្រើនប្រាប់សមត្ថកិច្ចថាកន្លងមកអ្នករស់ក្នុងភូមិនោះមិនចូលចិត្តជនរងគ្រោះទេ ព្រោះពួកគេយល់ថាជនរងគ្រោះចេះអំពើអាបធ្មប់ដែលធ្វើឲ្យកូនចៅអ្នកភូមិឈឺ។
លោកបានបន្តថា៖ «ការងារនេះយើងកំពុងស្រាវជ្រាវរកទាំងមូលហេតុ រកទាំងឃាតករប៉ុន្តែយើងសន្និដ្ឋានថាអំពើឃាតកម្មនេះជារឿងគំនុំ។ ព្រោះតាមស្តាប់អ្នកភូមិភាគច្រើនគេស្អប់ជនរងគ្រោះដោយគេចោទថាគាត់ចេះអាបធ្មប់»។
បើតាមលោក សំរិទ្ធ សិលាវិបុល អធិការនគរបាលស្រុកឈូកថាជនរងគ្រោះឈ្មោះ អយ សុខ អាយុ ៦២ ឆ្នាំជាកសិកររស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយត្រូវបានជនសង្ស័យសម្លាប់នៅខ្ទមស្រែគាត់។
លោកបានបន្តថាបើតាមសមត្ថកិច្ចចុះទៅសួរសាក្សីក្នុងភូមិ គេប្រាប់ថាអ្នកភូមិភាគច្រើនមិនសូវនិយាយរកជនរងគ្រោះទេព្រោះពួកគេស្អប់គាត់។ សូម្បីតែសមាជិកគ្រួសារគាត់ក៏មិនសូវត្រូវគ្នាដែរ ព្រោះជនរងគ្រោះតែងបង្ករឿងក្នុងគ្រួសារ។
លោក សិលាវិបុល បញ្ជាក់ថា៖ «ទោះបីយ៉ាងណានេះជាបទល្មើស ហើយសមត្ថកិច្ចត្រូវតែរកចាប់ខ្លួនជនល្មើស តែក៏នៅមិនទាន់ដឹងថាមានអ្នកភូមិណាម្នាក់រត់ចេញពីភូមិដែរ ប៉ុន្តែសមត្ថកិច្ចបានចុះទៅដល់ភូមិហើយ»។
លោកប្រាប់ឲ្យដឹងថាដោយសារកន្លែងកើតហេតុនៅវាលស្រែ ដូច្នេះជនសង្ស័យអាចធ្វើសកម្មភាពសម្លាប់ជនរងគ្រោះបានដែលក្រោយមកទើបពលរដ្ឋឃើញហើយរាយការណ៍មកសមត្ថកិច្ច។
ប៉ុន្តែលោកថានៅកន្លែងកើតហេតុសមត្ថកិច្ចរកមិនឃើញវត្ថុតាងដែលជនសង្ស័យបានបន្សល់ទុកនោះទេ៕


